ដើម្បី​បង្កើន​សមត្ថភាព​ការងារ​គ្រប់គ្រង និង​ដំណើរ​ប្រតិបត្ដិការ​ប្រព័ន្ធ​សេវា​ដឹកជញ្ជូន​រថយន្ដក្រុង​សាធារណៈ​នៅក្នុង​រាជធានី​ភ្នំពេញ​ដែល​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ជា​សាធារណៈ​កាលពី​ចុងឆ្នាំ​ ២០១៤ ទីភ្នាក់ងារ JICA សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ (PPCA) ​បាននិង​កំពុង​អនុវត្ត​គម្រោង​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស​មួយ​ដែលមាន​ឈ្មោះថា​ «​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​សេវា​ដឹកជញ្ជូន​រថយន្ត​ក្រុង​សាធារណៈ​នៅក្នុង​រាជធានី​ភ្នំពេញ​» ហៅ​កាត់​ថា​គម្រោង PiBO ចាប់​តាំងពី​ខែ​មករា ឆ្នាំ​ ២០១៧ កន្លងមក ដែល​គម្រោង​នេះ​ត្រូវអនុវត្ត​រយៈពេល​ ៤ ​ឆ្នាំ​។

ទន្ទឹមនឹង​ការអនុវត្ត​គម្រោង​ជំនួយ​សហប្រតិបត្តិការ​បច្ចេកទេស PiBO នេះ រាជរដ្ឋាភិបាល​ជប៉ុន​ក៏បាន​ផ្តល់​ជា​ជំនួយ​រថយន្ដក្រុង​ចំនួន ៨០ ​គ្រឿង​ ដល់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​រាជធានីភ្នំពេញ​ (CBA) ក្រោម​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ​ ២០១៨​។

បន្ទាប់ពី​ទទួល​បាន​ជំនួយ​រថយន្តក្រុង​របស់​​ជប៉ុន CBA បាន​ពង្រីក​សេវាកម្ម និង​បណ្តាញ​ខ្សែ​រថ​រថយន្តក្រុង​របស់​ខ្លួន​ចាប់ពី ៣ ​ខ្សែ​ក្នុង​ឆ្នាំ​ ២០១៦ រហូត ដល់​ ១៣ ​ខ្សែ​ក្នុង​ឆ្នាំ​ ២០១៨ នៅ​ទូទាំង​រាជធានី​ភ្នំពេញ​។ នៅពេល​ដែល​បណ្តាញ​ខ្សែរថ និង​សេវាកម្ម​មាន​ភាពប្រសើរ​ឡើង​ចំនួន​អ្នកដំណើរ​ក៏បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ពី​ ៧ ០០០ ​នាក់​/​ថ្ងៃ​ ក្នុង​ឆ្នាំ ២០១៧ រហូតដល់​ប្រមាណ ៣០ ០០០ នាក់​/​ថ្ងៃ ក្នុង​ឆ្នាំ​ ២០១៩​។

ប៉ុន្តែ​នា​ដើមឆ្នាំ​ ២០២០ ដំណើរការ​សេវា​រថយន្តក្រុង​ និង​គម្រោង PiBO បាន​ទទួលរង​ផលប៉ះពាល់​យ៉ាងខ្លាំង​ពី​វិបត្តិ​សកល​នៃ​ជំងឺ​កូវីដ​១៩​។ បន្ទាប់ពី​មានការ​ផ្ទុះឡើង​នៃ​មេរោគ​មួយ​នេះ PPCA និង CBA បាន​ប្រកាស​ជា​ផ្លូវការ​ឱ្យធ្វើ​ការផ្អាក​ដំណើរការ​សេវាកម្ម​រថយន្តក្រុង​សាធារណៈ​ជា​បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី​ ២៦ ខែ មីនា ឆ្នាំ​ ២០២០ កន្លងទៅ ដើម្បី​ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​។ ដោយសារ​បញ្ហា​ទាំងនេះ ទើប​សកម្មភាព​ការងារ​របស់​គម្រោង PiBO ដែល​បាននិង​កំពុង​អនុវត្ត​មួយចំនួន​ក៏ត្រូវ​បាន​ផ្អាក​។

ទោះបីជា​មាន​ការផ្អាក​សេវាកម្ម និង​បញ្ហា​ប្រឈម​ថ្មីៗ​ដែល​បណ្តាល​មកពី​ការឆ្លង​រាលដាល​នៃ​មេរោគ​សកល​នេះ​ក៏ដោយ ក៏​ក្រុម​ជំនាញការ​ JICA PiBO និង​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​បានរួម​សហការ​គ្នា​រៀបចំ​ផែនការ​ប្រតិបត្ដិការ និង​ផែនការ​ស្តារ​ឡើង​វិញ​រួមមាន​ដូចជា ផែនការ MPRR (Mitigation Preparedness Response and Recovery) និង​វិធានការ​នានា​ដើម្បី​ធានា​នូវ​សុវត្ថិភាព​ក៏ដូចជា​សុខុមាលភាព​ក្នុង​អំឡុងពេល​ និង​ក្រោយពេល​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​។

វិធានការ​ទាំងនោះ​រួមមាន​ការសម្អាត និង​កម្ចាត់​មេរោគ​នៅក្នុង​រថយន្ត និង​ឧបករណ៍​ប្រើប្រាស់​ជា​ប្រចាំ ការរក្សា​គម្លាត​នៅលើ​រថយន្ដ​ក្រុង ការផ្តល់​វគ្គ​បណ្តុះបណ្តាល​ស្តីពី​អនាម័យ និង​វិធានការ​បង្ការ​ជំងឺ ការផ្គត់ផ្គង់​សម្ភារ និង​ឧបករណ៍​បង្ការ​ផ្សេងៗ​ជាដើម​។

វិធានការ​មួយចំនួន​ដែល​បាន​រៀបរាប់​ខាងលើនេះ​ក៏​ត្រូវបាន​ផ្សព្វផ្សាយ​តាមរយៈ​អ្នកសារព័ត៌មាន និង​ហ្វេសប៊ុក​ផ្លូវការ​របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​ផងដែរ​ដើម្បី​ជួយ​រក្សា​ទំនុកចិត្ត​របស់​អ្នកដំណើរ​លើ​សេវា​ដឹកជញ្ជូន​សាធារណៈ​ក្នុង​អំឡុងពេល​ និង​ក្រោយ​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ​​ ១៩ ។

គេ​រំពឹងថា ការរៀបចំ​ផែនការ​ប្រតិបត្ដិការ​ និង​ការស្តារ​ឡើងវិញ​ព្រម​ជាមួយ​និង​ការបំពាក់​ឧបករណ៍​បង្ការ​នានា អាច​ឱ្យ​សេវា​រថយន្ដក្រុង​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​នា​ចុងឆ្នាំ ២០២០ ខាង​មុខ​នេះ​៕

ក្រុមការងារ PiBO និង​ផ្នែក​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ការិយាល័យ​ JICA ប្រចាំ​នៅ​កម្ពុជា