ភ្នំពេញៈ ការអូសបន្លាយ​ពេល​នៃ​ការឆ្លង​រាលដាល​កូវីដ​ ១៩ និង​ឧបសគ្គ​ចម្បងៗ​ចំនួន ២ កំពុង​ធ្វើឱ្យ​ក្តីសង្ឃឹម​ក្នុង​ការនាំចេញ​ផលិតផល​ទឹកមាត់​ត្រចៀកកាំ​ពី​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​ចិន ​ជា​ផ្លូវការ​នឹង​ត្រូវ​បន្ត​អូស​បន្លាយពេល​បន្ថែមទៀត​។

លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១ ខែ​មេសា​ថា បើទោះបី​មន្ត្រី​ជំនាញ និង​វិស័យ​ឯកជន​កំពុង​ខិតខំ​ធ្វើការ​ជាមួយ​គ្នា​ក៏​ការនាំចេញ​ទឹកមាត់​ត្រចៀកកាំ​កម្ពុជា​ទៅ​ប្រទេស​ចិន​នឹង​មិនអាច​កើតមាន​ក្នុងពេល​ឆាប់ៗ​ទេ ព្រោះ​មាន​ឧបសគ្គ​ធំៗ​ចំនួន ២ គឺ​ការចរចា​ជាមួយ​ភាគី​ចិន និង​បញ្ហា​ក្នុងស្រុក​។

លោក​បន្តថា បញ្ហា​ខាងក្រៅ​គឺ​ភាគី​ចិន​បានកំណត់​គោលការណ៍​ក្នុង​ការចរចា​ថា នឹង​មិន​អាច​យក​ផលិតផល ២ ​មុខ​មក​ចរចា​ក្នុងពេល​តែមួយ​បាន​ទេ ចំណែក​បញ្ហា​ខាងក្នុង​គឺ​សមត្ថភាព​ការកែច្នៃ​ដែល​នៅ​មិនទាន់​គោរព​តាម​ស្តង់ដា​ចិន​។

លោក​ថ្លែងថា​៖ «​ជារួម​យើង​កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​ការបំពេញ​ឯកសារ​ឆ្លើយតប​ភាគី​ចិន​នៅឡើយ ហើយ​បើទោះបី​យើង​ធ្វើការ​នេះ​រួចរាល់​ក៏​ជាគោលការណ៍​របស់​ភាគី​ចិន​គេ​មិន​អនុញ្ញាត​ដែរ ព្រោះ​គេ​កំណត់ថា នៅពេលដែល​ការចរចា​លើ​លក្ខខណ្ឌ​ភូតគាម​អនាម័យ​ចប់​ ១ ​មុខទំនិញ ទើប​គេ​បន្ត​ ១ ​មុខ​ទៀត ខណៈ​បច្ចុប្បន្ន​យើង​កំពុង​ជំរុញ​ខ្លាំង​លើ​ដំណាំ​ស្វាយស្រស់ ដែល​ឈានដល់​ដំណាក់កាល​ចុងក្រោយ និង​បន្ទាប់មកទៀត គឺ​ផ្លែ​មៀន​ប៉ៃលិន​»​។

កាលពី​ដើម​ខែ មិថុនា ឆ្នាំ​ ២០២០ ​កម្ពុជា និង​ចិន​បាន​ចុះ​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​ដើម្បី​បើកផ្លូវ​ឱ្យមាន​ការនាំចេញ​ស្វាយ​ស្រស់​ពី​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​ចិន​ចំនួន ៥០ ​ម៉ឺន​តោន ​ក្នុង ១ ​ឆ្នាំ ប៉ុន្តែ​មកទល់​ពេលនេះ​ការនាំចេញ​មិនទាន់​កើតឡើង​ទេ ដោយសារ​ការកំណត់​ភូតគាម​អនាម័យ​របស់​ចិន​។

កន្លងមក​កម្ពុជា​បាន​ដាក់​ទឹកមាត់​ត្រចៀកកាំ​ជា​ផលិតផល​ដែល​ត្រូវ​ចរចា​ជាមួយ​ភាគី​ចិន បន្ទាប់ពី​ផ្លែ​មៀន​ប៉ៃលិន​។ លោក​បញ្ជាក់ថា​៖ «​ពេលនេះ​យើង​មាន​គំនិត​ចង់​សុំឱ្យ​ភាគី​ចិន​ចរចា​ ១ ​ដង​ចាប់ពី ២ ​មុខទំនិញ​ឡើងទៅ​»​។

ជាមួយ​គ្នា​នេះ​លោក​ក៏បាន​លើកឡើង​ពី​បញ្ហា​កង្វះ​រោងចក្រ ឬ​សិប្បកម្ម​កែច្នៃ​ទឹកមាត់​ត្រចៀកកាំ​ដែល​មិនទាន់​មាន​លក្ខណៈ​ស្តង់ដា​។ លោក​និយាយថា​៖ «​តាម​ការស្រាវជ្រាវ គឺ​កម្ពុជា​នៅ​មិនទាន់​មាន​ការរៀបចំ​រោងចក្រ​កែច្នៃ​ណាមួយ​ដែលមាន​កម្រិត ISO នៅឡើយ​ទេ​»​។

បច្ចុប្បន្ននេះ​កម្ពុជា​មាន​ផលិតផល​កសិកម្ម ៤ ​មុខ​ដែល​ត្រូវបាន​អនុញ្ញាត​ជា​ផ្លូវ​ការឱ្យ​នាំទៅ​ប្រទេស​ចិន រួមមាន ពោត ដំឡូងមី អង្ករ និង​ចេក​។

លោក ណាង សុធី ប្រធាន​សហព័ន្ធ​សម្បុក​ត្រចៀកកាំ​កម្ពុជា​បាន​និយាយថា ការរីករាលដាល​ជំងឺ​កូវីដ​១៩ បាន​ធ្វើឱ្យ​ការចុះ​មក​ពិនិត្យ​គុណភាព​នៅ​ទីតាំង​ផ្ទាល់​របស់​អ្នកជំនាញ​ចិន​នៅ​កម្ពុជា​ត្រូវ​ពន្យារពេល​ជា​បន្តបន្ទាប់​។

លោក​បញ្ជាក់ថា​៖ «​ការនាំចេញ​ទឹកមាត់​ត្រចៀកកាំ​ជា​ផ្លូវការ​ទៅ​ចិន​នឹង​ត្រូវការ​ពេល​យូរ​ទៀត ព្រោះ​នៅ​បាំង ២ ​មុខ​ទំនិញ​សំខាន់​ជាមុនសិន​»​។

យោងតាម​លោក សុធី គុណភាព​សម្បុក​ត្រចៀកកាំ​កម្ពុជា​ត្រូវបាន​គេ​ទទួល​ស្គាល់​ថា មាន​គុណភាព​ល្អ ព្រោះ​កម្ពុជា​មាន​តំបន់​ធម្មជាតិ​ច្រើន និង​មិនសូវមាន​ឧស្សាហកម្ម​ធំៗ​ដែល​បញ្ចេញ​ផ្សែង​ច្រើន​។

តម្លៃ​ផលិតផល​ពី​សត្វ​ត្រចៀកកាំ​នៅ​កម្ពុជា​មិន​ប្រែប្រួល​ទេ​នាពេលនេះ​ធៀប​នឹង​ចុងឆ្នាំ​ ២០២០ ដោយ​សម្បុក​ត្រចៀកកាំ​មិនទាន់​សម្អាត​មាន​តម្លៃ​ពី ៥០០-៨០០ ដុល្លារ ក្នុង ១ ​គីឡូក្រាម និង​សម្បុក​សម្អាត​រួច​មានតម្លៃ​ពី​ ១ ៨០០ ​ដុល្លារ​ ដល់ ៣ ៥០០ ​ដុល្លារ​។

នៅ​កម្ពុជា​មាន​ផ្ទះ​អភិរក្ស​ត្រចៀកកាំ​ប្រមាណ ៣ ០០០ ​ខ្នង​៕ LA