ភ្នំពេញ៖ ផែនការ​ផ្គត់ផ្គង់​ស្វាយចន្ទី​ចំនួន ៩ តោន នៅ​ក្នុង​ខែ​ឧសភា របស់​សិប្បកម្ម​កែច្នែ​គ្រាប់​ស្វាយចន្ទី ជ័យ​សំបូរ ទៅ​ឱ្យ​ក្រុមហ៊ុន Top Planning Japan Co., Ltd ដើម្បី​នាំចេញ​ទៅ​ប្រទេស​ជប៉ុន នឹង​ត្រូវ​លើក​ទៅ​ខែ​មិថុនា។ នេះ​បើ​យោង​តាម​អ្នកស្រី អ៊ិន ឡៃហួត ម្ចាស់​សិប្បកម្ម​កែច្នែ​គ្រាប់​ស្វាយចន្ទី​ជ័យ​សំបូរ។

កាល​ពី​ដើម​ខែ​ឧសភា​នេះ សិប្បកម្ម​ទើប​បាន​បញ្ជូន​ស្វាយចន្ទី​ចំនួន ៨ តោន ទៅ​ឱ្យ​ក្រុមហ៊ុន​បញ្ជាទិ​ញ Top Planning Japan Co., Ltd សម្រាប់​កិច្ច​សន្យា​ខែ​មេសា។ ភាព​យឺតយ៉ាវ​នេះ ត្រូវ​បាន​ម្ចាស់​សិប្បកម្ម​លើក​ឡើង​ថា ដោយសារ​ការ​កាត់​បន្ថយ​ចំនួន​កម្មករ​ធ្វើ​ការ​ប្រចាំ​ថ្ងៃ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩។

អ្នកស្រី អ៊ឹន ឡៃហួត បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុង​ថ្ងៃទី ១០ ខែ​ឧសភា​ថា ព្រឹត្តិការណ៍​សហគម ២០ កុម្ភៈ បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ដំណើរការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ជ័យសំបូរ ដោយ​នៅ​ពេល​នេះ ចំនួន​បុគ្គលិក​ធ្វើ​ការ​ក្នុង​សិប្បកម្ម​ត្រូវ​បែង​ចែង​ជា ២ ក្រុម​ធ្វើ​ការ​ឆ្លាស់​គ្នា។ ការ​បែងចែក​កម្លាំង​ពលកម្ម​បាន​ធ្វើ​ឱ្យ​សមត្ថភាព​ផលិត​របស់​រោងចក្រ​ធ្លាក់​ចុះ​មួយ​កម្រិត។

លោកស្រី​បន្ត​ថា ជាក់​ស្តែង​បរិមាណ​ដែល​ក្រុមហ៊ុន Top Planning Japan Co., Ltd បញ្ជា​ទិញ ៨ តោន សម្រាប់​នាំចេញ​ក្នុង​ខែ​មេសា សិប្បកម្ម​ទើប​តែ​ផ្តល់​ឱ្យ​កាល​ពី​សប្តាហ៍​មុន​ប៉ុណ្ណោះ ខណៈ​បរិមាណ ៩ តោន​ក្នុង​ខែ​ឧសភា អាច​នឹង​ឈាន​ទៅ​ដល់​ដើម​ខែ​មិថុនា។

លោកស្រី​អះអាង​ថា៖ «ទោះបី​សិប្បកម្ម​មិន​មាន​អ្នក​ធ្វើការ​គ្រាប់គ្រាន់ ប៉ុន្តែ​យើង​នឹង​ខិតខំ​ផលិត​ឱ្យ​បាន​គ្រប់ ៩ តោន ទោះ​អាច​យឺត​បន្តិច​ក្តី។ បញ្ហា​នេះ​ខ្ញុំ​បាន​ប្រាប់​ទៅ​ក្រុមហ៊ុន​បញ្ជា​ទិញ​ឱ្យ​យោគយល់​រួច​ហើយ»។

យោង​តាម​លោកស្រី ឡៃហួត ស្វាយចន្ទី​ដែល​សិប្បកម្ម​កែច្នៃ​ស្វាយ​ចន្ទី​ជ័យសំបូ ទើប​បញ្ជូន​ឱ្យ​ក្រុមហ៊ុន​នាំចេញ​ទៅ​ប្រទេស​ជប៉ុន ជា​លើក​ដំបូង​កាល​ពី​សប្តាហ៍​មុន មាន​ចំនួន ៣ ប្រភេទ (មិនបែក បែក​តិចតួច និង​បែកខ្លាំង)។ សិប្បកម្ម​នេះ មាន​សមត្ថភាព​កែច្នៃ​គ្រាប់​ស្វាយ​ចន្ទី​បាន​ពី ២-៣ តោន​ ក្នុង ១ ថ្ងៃ និង​មាន​លទ្ធភាព​បក​គ្រាប់​ស្វាយចន្ទី​ស្រស់ ១០ តោន​ក្នុង ១ ថ្ងៃ។

Top Planning Japan Co., Ltd គឺ​ជា​ក្រុមហ៊ុន​ដែល​បាន​ផ្តល់​ប្រាក់​ចំនួន ២០ ម៉ឺន​ដុល្លារ​សម្រាប់​ជួយ​សាង​សង់​រោងចក្រ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ជ័យសំបូរ ដែល​ស្ថិត​ក្នុង​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ។ យោង​តាម​កិច្ច​សន្យា​សិប្បកម្ម​នេះ ត្រូវ​ផ្គត់ផ្គង់​គ្រាប់​ស្វាយ​ចន្ទី​ឱ្យ​ក្រុមហ៊ុន​ជប៉ុន Top Planning Japan Co., Ltd ចំនួន ៩០ តោន ក្នុង ១ ឆ្នាំ​នៅ​ដំណាក់កាល​ដំបូង។

របាយការណ៍​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ ២០២០ កម្ពុជា​បាន​នាំចេញ​គ្រាប់​ស្វាយ​ចន្ទី​បាន​ចំនួន ២១៨ ៩៨១ តោន​ កើន​ឡើង​ពី​ចំនួន ២០២ ៣១៨ ​តោន ​ក្នុង​ឆ្នាំ​ ២០១៩។​គ្រាប់​ស្វាយចន្ទី​ត្រូវ​បាន​នាំ​ទៅ​ប្រទេស​វៀតណាម ជប៉ុន រុស្ស៊ី ចិន ហុងកុង ថៃ បារាំង កូរ៉េខាងត្បូង តួកគី និង បង់ក្លាដែស ម៉ាឡេស៊ី ហូឡង់ និង​ប្រទេស​ឡាវ៕