ភ្នំពេញៈ ក្រុមហ៊ុន​រក្សាទ្រព្យសម្បត្តិ​ជំនួស សេនត្រល ត្រាស ឯ.ក (Central Trust Co., Ltd) ដែលជា​ការបណ្តាក់ទុន​រួមគ្នា​រវាង​វិនិយោគិន​ខ្មែរ និង​ចិន បាន​សម្ពោធ​ផលិតផល​គម្រោង​បរធន​បាលកិច្ច​លើ​អចលនទ្រព្យ​នៅ​កម្ពុជា ជា​លើកដំបូង​កាលពី​សប្តាហ៍​មុន​។

ក្នុង​កម្មវិធី​សម្ពោធ​ដែល​រៀបចំ​នៅ​រាជធានី​ភ្នំពេញ លោក Ling Dong នាយក​ប្រតិបត្តិ​ក្រុមហ៊ុន សេនត្រល ត្រាស បានប្រកាស​នូវ​ផលិតផល​ដ៏​គួរឱ្យ​ទុក​ចិត្តជា​ស៊េរី​ចំនួន ៥ ​រួមមាន ហ៊្វូណន ចេនឡា អង្គរ ខ្មែរ និង​បាយ័ន​។ ក្នុងនោះ​បរធន​បាលកិច្ច​លើ​អចលនទ្រព្យ​ស៊េរី ហ៊្វូណន និង​ចេនឡា គឺជា​ផលិតផល​បរធនបាល​អចលនទ្រព្យ​ដំបូង​គេ​ក្នុងប្រទេស​កម្ពុជា​។

លោក Dong បានឱ្យដឹងថា​៖ «​ការវិនិយោគ​លើ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ដែល​កំពុង​តែមាន​សក្តានុពល បានធ្វើឱ្យ​ក្រុមហ៊ុន​យក​វិស័យ​អចលនទ្រព្យ​ធ្វើជា​គោល និង​ជា​ទ្រព្យសម្បត្តិ​ស្នូល​របស់ខ្លួន​»​។

តំណាង​ក្រុមហ៊ុន ភីក ឃែភីថល មេនេម៉ិន ឯ.ក ដែល​ដៃគូ​សហការ​របស់​ក្រុមហ៊ុន សេនត្រល ត្រាស បានលើកឡើង​ក្នុង​កម្មវិធី​នេះ​ថា​៖ «​ខ្ញុំ​សង្ឃឹមថា ផលិតផល​ទាំងអស់​របស់​ក្រុមហ៊ុន​សេនត្រល ត្រាស ដែល​បាន​រចនា​យ៉ាង​យកចិត្ត​ទុកដាក់​នឹង​អាច​ដំណើរការបាន​នៅ​ប្រទេស​កម្ពុជា ហើយ​វា​នឹង​នាំមក​នូវ​សមិទ្ធផល​បរធនបាល​ដែល​កាន់តែ​ប្រសើរ​ឡើងដល់​អតិថិជន​»​។

ជាមួយ​គ្នា​នេះ លោក Dong នាយក​ប្រតិបត្តិ​ក្រុមហ៊ុន សេនត្រល ត្រាស ក៏បាន​ចុះ​ហត្ថលេខា​លើ​លិខិត​ចំណាប់​អារម្មណ៍​ផលិតផល «​បរធនបាលកិច្ច​ស៊េរី​ហ្វូណន​បរធនបាលកិច្ច​លើ​អចលនទ្រព្យ​» ជាមួយនឹង​តំណាង​វិនិយោគិន​ ២ ​រូប​ផ្សេងទៀត​ផងដែរ​។

លោក​និយាយថា​៖ «​តាមរយៈ​ការចុះហត្ថលេខា​នេះ ភាគី​ទាំង​ ២ ជឿថា នឹង​ជួយ​លើកកម្ពស់​សុវត្ថិភាព​មូលនិធិ​ក្រុមហ៊ុន​របស់​អតិថិជន និង​ចែករំលែក​ភាគលាភ​ដែលមាន​កំណើន​ខ្ពស់ ព្រមទាំង​នាំមក​នូវ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​អចលនទ្រព្យ​នៅ​កម្ពុជា​ផងដែរ​»​។

នៅក្នុង​ជំនួប​ដាច់ដោយឡែក​ជាមួយ​លោក Dong កាលពី​ថ្ងៃទី​ ១៨ ខែមករា លោក ស៊ូ សុជាតិ អគ្គនាយក​គណៈកម្មការ​មូលបត្រ​កម្ពុជា​បាន​លើកឡើង​ថា លោក​សង្ឃឹមថា ក្រុមហ៊ុន​នឹងត្រូវ​បានទទួល​ស្គាល់​ជា​សាធារណៈ​កាន់តែច្រើន ហើយ​នឹង​ចូលរួមចំណែក​អភិវឌ្ឍន៍​បរធនបាលកិច្ច​នៅ​កម្ពុជា​ឱ្យមាន​ភាព​រីកចម្រើន​ខ្លាំង​។

លោក​បាន​ថ្លែងថា​៖ «​ជំហាន​បន្ទាប់ គណៈកម្មការ​មូលបត្រ​កម្ពុជា​នឹង​អញ្ជើញ​ស្ថាប័ន​ហិរញ្ញវត្ថុ​មាន​អាជ្ញាប័ណ្ណ​នៅ​កម្ពុជា​ឱ្យមក​ជួប និង​សិក្សា​ស្វែងយល់​ដើម្បី​ជំ​រុញឱ្យ​ការអភិវឌ្ឍ​បរធនបាលកិច្ច​នៅ​ប្រទេស​កម្ពុជា​ឱ្យមាន​លក្ខណៈ​ស្តង់ដា​»​។

លោក Dong បាន​ប្តេជ្ញា​ថា នឹង​ប្រកាន់​ជំហរ​ជានិច្ច​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ប្រតិបត្ដិ​គម្រោង​បរធន​បាលកិច្ច​ឱ្យបាន​ល្អ និង​ផ្តល់​អត្ថប្រយោជន៍​ពេញលេញ​ក្នុង​ការអភិវឌ្ឍ និង​ស្ថាបនា​បរធនបាលកិច្ច​របស់​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ ដើម្បី​រួមវិភាគទាន​កាន់តែច្រើន​ដល់​បរធនបាលកិច្ច​សេដ្ឋកិច្ច និង​បរធនបាលកិច្ច​ក្នុងសង្គម​។

ច្បាប់​ស្តីពី​បរធនបាលកិច្ច​ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្តលេខា​ឱ្យប្រើ​កាលពី​ថ្ងៃទី​ ២ ខែមករា ឆ្នាំ​ ២០១៩​។ ច្បាប់​នេះ​បង្កើតឡើង​នៅក្នុង​គោលបំណង​ដើម្បី​គ្រប់គ្រង​មូលនិធិ​ហិរញ្ញប្បទាន​ដែល​ផ្តល់​ដោយ​ដៃគូ​អភិវឌ្ឍន៍​ក្នុង​ការគាំទ្រ​ដល់​វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

បរធនបាលកិច្ច​ត្រូវបាន​ចែកជា ៤ ប្រភេទ​រួមមាន បរធនបាលកិច្ច​ពាណិជ្ជកម្ម បរធនបាលកិច្ច​សាធារណៈ បរធនបាលកិច្ច​សង្គម និង​បរធនបាលកិច្ច​បុគ្គល​។ នេះ​បើតាម​ច្បាប់​ស្តីពី​បរធនបាលកិច្ច​៕ LA