
សកម្មភាពក្នុងការដ្ឋានសាងសង់ផ្សារទំនើប The One Mall ដែលជាសំណង់ធ្វើពីដែក កាលពីម្សិលមិញ។ ហុង មិនា
ភ្នំពេញៈ The One Mall ដែលជាផ្សារទំនើបវិនិយោគដោយក្រុមហ៊ុនចិន កម្ពស់ ៣ ជាន់ នៅទីក្រុងភ្នំពេញនឹងបើកដំណើរការជាផ្លូវការនៅខែ ធ្នូ ឆ្នាំ ២០១៩ នេះ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនកាលពីថ្ងៃម្សិលមិញ។
គម្រោងវិនិយោគរបស់ក្រុមហ៊ុន The One Mall Management (Cambodia) Co., Ltd ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចិន Ming Sheung International Investment Co., Ltd។ The One Mall ត្រូវបានវិនិយោគលើផ្ទៃដី ១២ ០០០ ម៉ែត្រការ៉េ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅលើអតីតផ្សាររាត្រីកុងតឺន័រក្បែរចំហៀងស្ថានទូតរុស្ស៊ី។ ទុនវិនិយោគលើគម្រោងនេះមិនត្រូវបានបង្ហាញនោះទេ។
The One Mall មានហាងលក់ទំនិញ កន្លែងក្មេងលេង កន្លែងហាត់ប្រាណ កន្លែងញ៉ាំអាហារ និងហាងលក់សម្លៀកបំពាក់ជាដើម។
បច្ចុប្បន្នគម្រោងនេះកំពុងដំណើរការសាងសង់ (ចាប់ផ្តើមកាលពីខែមិថុនា) ហើយគ្រោងនឹងបញ្ចប់ក្នុងខែតុលា។
លោក Chris Wong អគ្គនាយកក្រុមហ៊ុន The One Mall Management បាននិយាយថា កំណើនសេដ្ឋកិច្ច និងភាពស៊ីវិល័យនៃការរស់នៅរបស់ប្រជាជនខ្មែរ បានជំរុញឲ្យក្រុមហ៊ុនរបស់លោកសម្រេចវិនិយោគលើផ្សារទំនើបលក់រាយដ៏ធំនៅកណ្តាលភ្នំពេញ ដែលនឹងមានផលិតផលម៉ាកល្បីៗទាំងក្នុងស្រុក និងអន្តរជាតិ។
លោកថ្លែងថា៖ «The One Mall នឹងទទួលបាននូវការទាក់ទាញ និងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជនចំពោះផលិតផលដែលមានម៉ាកល្បីៗ និងមានវត្តមានជាយូរមកហើយនៅកម្ពុជា។ The One Mall ជាផ្សារទំនើបដែលស័ក្តិសមសម្រាប់សាធារណជនទាំងអស់ ដោយផ្តោតសំខាន់លើការផ្តល់នូវជម្រើស និងបទពិសោធថ្មីៗប្លែកៗ សម្រាប់ការកម្សាន្ត លម្ហែ និងទិញផលិតផលដែលមានម៉ាកល្បីៗប្រកបដោយគុណភាព»។
បើតាមថ្នាក់ដឹកនាំក្រុមហ៊ុន The One Mall Management (Cambodia) Co., Ltd ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា បន្ទាប់ពីផ្សារទំនើបនេះ ក្រុមហ៊ុននឹងបើកផ្សារទំនើបថ្មីមួយទៀតក្នុងក្រុងព្រះសីហនុ ដែលជាតំបន់កំពុងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវជនជាតិចិនជាច្រើនឲ្យធ្វើដំណើរទៅកាន់ទីនោះ។
អ្នកស្រី អាន សុធីតា នាយិកាក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា The One Mall ស្ថិតនៅទីតាំងល្អ ដោយបច្ចុប្បន្នទីនោះបានក្លាយទៅជាកន្លែងប្រមូលផ្តុំសម្រាប់មនុស្សគ្រប់វណ្ណៈ ព្រមទាំងមានភ្ញៀវបរទេសជាច្រើនទៀតផង។
អ្នកស្រីបន្តថា ទោះយ៉ាងណាដោយសារនៅជិតទីតាំងនេះមានផ្សារទំនើបធំៗចំនួន ២ រួចហើយនោះ ហេតុនេះដើម្បីអាចទទួលជោគជ័យ អ្នកវិនិយោគត្រូវតែយល់ឲ្យបានច្បាស់ពីតម្រូវការអតិថិជន ការដាក់តាំងលក់ផលិតផលថ្មីៗ និងការរចនាឲ្យមានភាពទាក់ទាញលើសពីគេ។
អ្នកស្រីបានថ្លែងថា៖ «បើនិយាយពីផ្សារទំនើបក្នុងរាជធានីភ្នំពេញនៅពេលនេះ ខ្ញុំអាចនិយាយថា វាមិនទាន់ច្រើនពេកនោះទេ ប៉ុន្តែបើនិន្នាការវិនិយោគបែបនេះនៅតែមានបន្តទៀតនោះ ខ្ញុំគិតថានឹងមានបញ្ហាខ្លះក្នុងរយៈពេល ២-៣ ឆ្នាំខាងមុខ»។
អ្នកស្រី សុធីតា បានប្រាប់ទៀតថា បច្ចុប្បន្នបរិមាណនៃការផ្គត់ផ្គង់ផ្សារទំនើបនៅកម្ពុជា មានភាពប្រហាក់ប្រហែលទីក្រុងហូជីមិញ ប្រទេស វៀតណាម តែអ្វីដែលជាឧបសគ្គសម្រាប់កម្ពុជានោះ គឺអំណាចទិញនៅកម្ពុជាមានកម្រិតទាបជាងវៀតណាម។
អ្នកស្រីថ្លែងថា៖ «អ្វីដែលសំខាន់ គឺម្ចាស់គម្រោងចង់ចាប់យកអតិថិជនបែបណា និងរៀបចំរចនាបែបណាទៅតាមតម្រូវការទីផ្សារជាក់ស្តែង»។
របាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន CBRE Cambodia បានរកឃើញថា គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ ២០១៩ ផ្សារទំនើបដែលកំពុងបើកដំណើរការក្នុងរាជធានីភ្នំពេញ មានចំនួន ១៨ ដែលស្មើ ៣២០ ០០០ ម៉ែត្រការ៉េ កើនឡើង ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨៕