
ទិដ្ឋភាពនៃការធ្វើដំណើរចេញចូលនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតនាពេលកន្លងមក។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ គម្រោងសាងសង់ព្រលានយន្តហោះក្រុងប៉ោយប៉ែត គ្រោងនឹងចាប់ផ្តើមឡើងវិញ បន្ទាប់ពីផ្អាករយៈពេល ១០ ឆ្នាំ ដោយសារវិបត្តិហិរញ្ញ វត្ថុពិភពលោកឆ្នាំ ២០០៨ ខណៈថ្មីៗនេះជនជាតិចិនកំពុងហូរចូលទៅក្នុងទីក្រុងជាប់ព្រំដែនមួយនេះ។
ចាប់ផ្តើមសាងសង់ដំបូងនៅឆ្នាំ ២០០៧ ដោយក្រុមហ៊ុនវិនិយោគសណ្ឋាគារ និងកាស៊ីណូ Holiday Palace គម្រោងនេះបានសាងសង់គ្រឹះផ្លូវសម្រាប់យន្តហោះរត់បានមួយចំនួនហើយ មុនពេលត្រូវបានទុកចោលក្នុងគ្រាដែលពិភពលោកជួបប្រទះវិបត្តិហិរញ្ញវត្ថុដែលក៏បានបង្កការប៉ះទង្គិចដល់សេដ្ឋកិច្ចកម្ពុជាដែរនោះ។
លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឲ្យដឹងកាលពីម្សិលមិញថា គម្រោងសាងសង់បន្តនេះនឹងវិនិយោគដោយក្រុមហ៊ុនឯកជនក្នុងស្រុក PoiPet Airport Investment ដែលនឹងចំណាយប្រាក់ប្រហែល ៥០ លានដុល្លារ។
លោកថ្លែងថា បច្ចុប្បន្នគម្រោងនេះស្ថិតក្នុងដំណាក់កាលសិក្សាឡើងវិញ ហើយគ្រោងចាប់ផ្តើមសាងសង់ផ្លូវការនៅឆ្នាំ ២០២០ និងបើកដំណើរការក្នុងឆ្នាំ ២០២៣ ។
លោកថ្លែងថា៖ «ដោយសារសេដ្ឋកិច្ចនៅក្រុងប៉ោយប៉ែតពេលនេះល្អប្រសើរ ទើបក្រុមហ៊ុន PoiPet Airport Investment ដាក់ឯកសារមកសុំការអនុញ្ញាតដើម្បីចាប់ផ្តើមការសាងសង់ឡើងវិញ»។
ព្រលានយន្តហោះនេះមានសមត្ថភាពសម្រាប់តែការចុះចតយន្តហោះក្នុងស្រុកប៉ុណ្ណោះ។ ម្ចាស់ក្រុមហ៊ុននេះមានអាជីវកម្មជាច្រើននៅក្រុងប៉ោយប៉ែត ដូចជា សណ្ឋាគារ កាស៊ីណូ និងកន្លែងកម្សាន្តជាដើម។ នេះបើតាមលោក ចាន់សិរីវុត្ថា។
លោកថ្លែងថា៖ «ជាទិសដៅរដ្ឋាភិបាលកម្ពុជាមិនមានផែនការសាងសង់ព្រលានយន្តហោះនៅក្រុងប៉ោយប៉ែតទេ ប៉ុន្តែដោយសារវិស័យឯកជនមើលឃើញពីសក្តានុពល ហើយគេមកសុំច្បាប់សាងសង់ យើងក៏យល់ព្រម»។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាឲ្យដឹងថា ការសាងសង់ព្រលានយន្តហោះថ្មីៗបន្ថែមនឹងជួយធ្វើឲ្យការធ្វើដំណើរតាមផ្លូវអាកាសមានកាន់តែច្រើន ហើយរដ្ឋក៏ទទួលបានចំណូលកាន់តែច្រើនដែរ។
លោកបន្ថែមថា បច្ចុប្បន្នអាចនិយាយថា ទីក្រុងប៉ោយប៉ែតគឺជាតំបន់ទេសចរណ៍កែច្នៃមួយដ៏ពេញនិយមនៅតំបន់ព្រំដែនកម្ពុជា-ថៃ។
លោកថ្លែងថា៖ «ប៉ោយប៉ែតនឹងក្លាយជាកន្លែងដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់នាពេលខាងមុខ ខណៈការធ្វើដំណើរទៅទីនោះមានទាំងតាមផ្លូវថ្នល់ ផ្លូវដែក និងផ្លូវអាកាស»។
លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បានប្រាប់ថា ការសាងសង់ព្រលានយន្តហោះនេះស្ថិតនៅលើផ្ទៃដីទំហំជិត ៣០០ ហិកតាក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដោយមានចម្ងាយប្រហែល ១៣ គីឡូម៉ែត្រពីក្រុងប៉ោយប៉ែត។
លោកបន្តថា បច្ចុប្បន្នក្រុងប៉ោយប៉ែតកំពុងមានការរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ ស្របពេលដែលចំនួនភ្ញៀវទេសចរជនជាតិចិនបានកើនឡើងជាលំដាប់។
លោកបានមានប្រសាសន៍បន្តថា៖ «ការមកដល់របស់ជនជាតិចិនកំពុងប្រែក្លាយក្រុងប៉ោយប៉ែតទៅជាទីកន្លែងទី ២ ដែលទាក់ទាញជនជាតិចិនបន្ទាប់ពីក្រុងព្រះសីហនុ»។
លោកបន្តថា ជនជាតិចិនសរុបដែលកំពុងស្នាក់នៅទាំងអ្នកទេសចរ និងរកសុីនៅប៉ោយប៉ែត បច្ចុប្បន្នមានជាង ២០ ០០០ នាក់៕ LA