ភ្នំ​ពេញៈ គម្រោង​អភិវឌ្ឍន៍​វារីវប្បកម្ម​សម្រាប់​និរន្តរភាព​ពាណិជ្ជកម្ម​​នៅ​កម្ពុជា (CAST) ដែល​ត្រូវ​​បាន​គាំទ្រ​ថវិកា​ដោយ​ក្រសួង​​កសិកម្ម​អាមេរិក ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរ​ការ​កាល​​ពី​ម្សិលមិញ​​ ក្នុង​គោល​ដៅ​អភិវឌ្ឍន៍​​ការ​ចិញ្ចឹម​ត្រី ​និង​សត្វ​ក្នុង​ទឹក​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ដោ​យ​សម្រិត​សម្រាំង​​​ពូជ​ និង​ចំណី​។

ជា​មួយ​នឹង​​មូលនិធិ ១៧,១ ​លាន​​ដុល្លារ​ផ្ដល់​ដោយ​ក្រសួង​កសិកម្ម​អាមេរិក (USDA) គម្រោង​ CAST ត្រូវ​បាន​​អនុវត្ត​ដោយ​សមាគម​សណ្ដែក​សៀង​អាមេរិក​ (ASA)​។​ គម្រោង​នេះ​​​នឹង​មាន​រយៈ​ពេល​ ​៥ ​ឆ្នាំ​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ ​២០២៣។ ក្រៅ​ពី​នេះ​​ដើម្បី​បង្កើន​លទ្ធភាព​ ក្នុង​ការ​បង្កាត់​ពូជ​ត្រី និង​ចំណី គម្រោង​នេះ​នឹង​​ពង្រឹង​ទំនាក់ទំនង​ទាំង​អស់​​​ក្នុង​ចង្វាក់​តម្លៃ ចាប់​ពី​ការ​​ភ្ញាស់ ដល់​​​ក្រុមហ៊ុន​​ផលិត​ អ្នក​ទិញ​ និង​ក្រុមហ៊ុន​ចែកចាយ​។​

លោក​ Michael E. Newbil​l ភារធារី​ស្ថានទូត​អាមេរិក ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​ការ​ដាក់​ឲ្យ​ដំណើការ​ CAST កាល​ពី​ម្សិលមិញ​ ថា ​គម្រោង​នេះ​គឺ​មាន​តែ​មួយ​គត់​សម្រាប់​​ប្រទេស ​កម្ពុជា​ ដោយ​សារ​តែ​វា​ត្រូវ​បាន​​ប្រើប្រាស់​ធនធាន​​ច្រើន ​សណ្ដែក​សៀង​ និង​ការ​ប្រើប្រាស់​ វាជា​ស្ដុក​ចំណី​សត្វ ​សម្រាប់​ឧស្សាហកម្ម​ជល​វប្បកម្ម ដែល​រីក​ចម្រើន​របស់​​កម្ពុជា​។​ ​

លោក​ថ្លែង​ថា​៖​ «​វារី​វប្បកម្ម​ជា​វិស័យ​ដ៏​​សំខាន់​មួយ​នៅ ​កម្ពុជា​ ដែល​ផលិតកម្ម​មាន​ទំហំ​រហូត​ដល់​ ២០ ម៉ឺន​តោន​ គ្រាន់​តែ ​ឆ្នាំ២០១៧ មួយ​ឆ្នាំ ​ដែល​ស្មើនឹង​កំណើន​ប្រចាំ​ឆ្នាំ​​​រហូត​ដល់ ១៧ ភាគរយ​»។

លោក Michael បាន​បន្ថែម​ថា ទិសដៅ​នៃ​ការ​បង្កើន​ការ​ផលិត​ជល​វារីវប្បកម្ម​របស់​ CAS​T ​ស្រប​ជា​មួយ​នឹង​គោល​នយោបាយ​ក្រសួង​កសិកម្ម​កម្ពុជា ហើយ​នឹង​កែ​លម្អ​ជីវភាព​​រស់​នៅ​របស់​ប្រជាជន​កម្ពុជា​។​ លោក​បន្ត​ថា​៖​ «​គម្រោង​ [CAST​] នឹង​កាត់​បន្ថយ​នូវ​សម្ពាធ​​ពឹង​​ផ្អែក​លើ​ការ​ចាប់​ត្រី​ធម្មជាតិ​ ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ​ ការ​ពឹង​លើ​ការ​ចាប់​ត្រី​ធម្មជាតិ​មាន​​ដល់​ទៅ ៧៦ ​ភាគរយ​ឯណោះ​នៃ​ផលិតកម្ម​ត្រី​សរុប»។

គម្រោង​នេះ​នឹង​គ្រប​ដណ្ដប់​លើ​ទីផ្សារ​សំខាន់​ៗ​នៅ​ភ្នំពេញ ​សៀមរាប ​និង​ខេត្ត​ចំនួន ​៦ ដែល​​នៅ​​តាម​ដង​ទន្លេ ដូច​ជា​ខេត្ត​កណ្ដាល​ កំពង់​ចាម​ កំពង់​ធំ​ សៀម​រាប​ បាត់​ដំបង ​និង​ពោធិ៍​សាត់​។​

លោក Jim Hershey ប្រធាន​ CAST Cambodia បាន​ឲ្យ​ដឹង​ថា​ គម្រោង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្ដល់​អត្ថ​ប្រយោជន៍​ដល់​ក្រុមហ៊ុន​​ផលិត​ត្រី​ទឹកសាប​ពាណិជ្ជកម្ម ​រោងចក្រ​ផលិត​ចំណី​សត្វ ការ​ភ្ញាស់ ការ​បន្ថែម​កម្មករ​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​​ក្នុង​​ចង្វាក់​តម្លៃ​វារីវប្បកម្ម​ពាណិជ្ជកម្ម​។

លោក Jim​ ថ្លែង​ថា​៖ «​យើង​កំពុង​ស្វែង​រក​កសិករ​ដែល​ចង់​ក្លាយ​ជា​សហគ្រិន និង​ពាណិជ្ជករ​ និង​ពាណិជ្ជករ​ស្ដ្រី ​ដែល​​យល់​ថា ពួក​គេ​ត្រូវ​តែ​ចាប់​​ផ្ដើម​ជា​មួយ​នឹង​ពូជ​ល្អ ​ពួក​គេ​ត្រូវ​តែ​ចិញ្ចឹម​ពូជ​ល្អ​ ហើយ​ពួក​គេ​ត្រូវ​តែ​ថែរក្សា​ស្រះ​របស់​ពួក​គេ​»។ ​

លោក​បាន​បន្ត​ថា​៖ «​[កសិករ​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​] ត្រូវ​តែ​ត្រៀម​ខ្លួន​​ឲ្យ​ហើយ ដើម្បី​លក់​ត្រី​មាន​គុណភាព​ល្អ​។ យើង​នឹង​ជួប​មនុស្ស​ទាំង​នោះ​ និង​ជ្រើសរើស​​អ្នក​ទាំង​នោះ​ ដោយ​សារ​តែ​យើង​ធ្វើ​​ការ​វាយ​តម្លៃ​ជា​មូលដ្ឋាន​»​។​

លោក​ វេង​ សាខុន ​រដ្ឋមន្ត្រី​ក្រសួង​​កសិកម្ម បាន​ឲ្យ​ដឹង​ថា ការ​​អភិវឌ្ឍ​វារីវប្ប​​កម្ម​ល្អ សម្រាប់​ជីវភាព​របស់​ប្រជាជន​​កម្ពុជា ក្រៅ​​ពី​ការ​បង្ក​បង្កើត​ផល​ស្រូវ​ ហើយ​វា​ជួយ​កាត់​បន្ថយ​​ការ​នាំចូល​ផលិតផល​ត្រី​ពី​ប្រទេស​ជិត​ខាង​។​ ​​លោក​ថ្លែង​ថា​៖ «​ចាប់​ពី​ពេល​នេះ​ត​ទៅ យើង​ចាំ​បាច់​ត្រូវ​​ផ្ដោត​លើ​វារីវប្បកម្ម​។

យើង​​មិន​អាច​ចាប់​ត្រី​ធម្មជាតិ​​ឲ្យ​​លើស​ពី​ចំនួន​កម្រិត​​ ៦០០ ០​០​​០ ​​តោន​បាន​ទេ។ ​ដូច្នេះ ​CAST មាន​សារៈ​សំខាន់​​ក្នុង​ការ​រួម​ចំណែក​ការពារ ការ​នេសាទ​លក្ខណៈ​ធម្មជាតិ​សម្រាប់​អនាគត​»៕​LA​