ភ្នំពេញ៖ គម្រោងចំនួន ២៦ ដែលមានតម្លៃសរុបជាង ៥៨៤ លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ផ្តល់ការអនុញ្ញាតក្នុងរយៈពេល ១៩ ថ្ងៃដំបូង នៃ ខែមេសា នេះ ទោះបីជំងឺកូវីដ ១៩ កំពុងបន្តការរីករាលដាលក៏ដោយ។
ការបន្ថែមគម្រោងចំនួន ៥ ដែលមានទុនវិនិយោគ ២៤,១ លានដុល្លារ នៅក្នុងសប្តាហ៍មុនបានធ្វើឲ្យចំនួនគម្រោងដែល CDC យល់ព្រមអនុម័តចាប់ពីដើមខែមេសា ដល់ថ្ងៃទី ១៩ ខែមេសា កើនដល់ ២៦ គម្រោង ក្រោមទុនវិនិយោគសរុប ៥៨៤,៣ លានដុល្លារ និងអាចបង្កើតការងារថ្មី ១៧ ១៦៦ កន្លែង។
សេចក្តីប្រកាសព័ត៌មានរបស់ CDC បានឲ្យដឹងថា ក្នុងរយៈពេល ៥ ថ្ងៃគិតចាប់ពីថ្ងៃទី ១៣ ដល់ ១៧ ខែមេសា ឆ្នាំ ២០២០ ដែលជាអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីខ្មែរ CDC បានសម្រេចចុះបញ្ជីដល់ក្រុមហ៊ុនចំនួន ៥ ដែលមានតម្លៃសរុប ២៤,១ លានដុល្លារ។
គម្រោងទាំងនោះរួមមាន គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន Boeey Garment Co., Ltd. នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគ ៥,៦ លានដុល្លារ បង្កើតការងារបាន ១ ៦៤៨ នាក់ គម្រោងបង្កើតរោងចក្រផលិតថង់យួរគ្រប់ប្រភេទរបស់ក្រុមហ៊ុន Multiwin Textile (Cambodia) Co., Ltd. ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគ ៤,១ លានដុល្លារ និងអាចបង្កើតការងារបាន ១ ០១៣ នាក់។
ចំណែកគម្រោងផ្សេងទៀតរួមមានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន Cambodian Wuxi Jin Mao Garment Co., Ltd. ស្ថិតនៅស្រុកទ្រាំង ខេត្តតាកែវ មានទុនវិនិយោគ ៥,៨ លានដុល្លារ បង្កើតការងារបានចំនួន ២ ៩៧៤ នាក់, គម្រោងបង្កើតរោងចក្រផលិតកាបូប និងថង់យួរគ្រប់ប្រភេទ (ក្រណាត់) របស់ក្រុមហ៊ុន Cambodian Fg-Xn Packaging Industrial Co., Ltd. ស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ៤,៧ លានដុល្លារ ដោយបង្កើតការងារបាន ៥១៦ កន្លែង ព្រមទាំងគម្រោងបង្កើតរោងចក្រផលិតកេសកាតុងរបស់ក្រុមហ៊ុន Namper Packaging (Cambodia) Co., Ltd. ស្ថិតនៅស្រុកទ្រាំង ខេត្តតាកែវ មានទុនវិនិយោគ ៣,៩ លានដុល្លារ និងបង្កើតការងារបាន ២២២ កន្លែង។
លោក គី សិរីវឌ្ឍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា ការអនុម័តគម្រោងថ្មីៗរបស់ CDC ជាការបង្ហាញថា សកម្មភាពសេដ្ឋកិច្ចកម្ពុជាមិនបានធ្លាក់ចុះខ្សោយគួរឲ្យព្រួយបារម្ភទេ ព្រោះទន្ទឹមនឹងការរាលដាលនៃជំងឺកូវីដ ១៩ រដ្ឋាភិបាលក៏សម្រេចឲ្យប្រជាជននៅធ្វើការងារជាធម្មតានៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ដើម្បីធានាថា កម្លាំងផលិតកម្មនៅតែមាននិរន្តរភាព។
លោកបនុ្តថា នេះជាការបង្ហាញពីសុទិដ្ឋិនិយមសម្រាប់ដំណើរការសេដ្ឋកិច្ច និងដើម្បីលុបបំបាត់ការព្រួយបារម្ភ ព្រោះនៅពេលសង្គម និងប្រជាពលរដ្ឋមានការបារម្ភវានឹងធ្វើឲ្យចរន្តនៃការប្រើប្រាស់ថវិកាធ្លាក់ចុះ ដែលនឹងនាំទៅដល់កម្លាំងសេដ្ឋកិច្ចធ្លាក់ចុះ។
លោកបន្តថា៖ «នេះជាយុទ្ធសាស្រ្តផ្លូវចិត្តដែលគ្រប់ប្រទេសនៅលើពិភពលោកតែងតែធ្វើក្នុងគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋឲ្យមានដំណើរការសេដ្ឋកិច្ចតាមរយៈភាពសុទិដ្ឋិនិយមក្នុងសង្គម»។
នៅក្នុងទស្សនៈបែបវិជ្ជមាន លោក សិរីវឌ្ឍ បាននិយាយថា ចំនួនគម្រោងដែលចូលមកបណ្តាក់ទុននៅកម្ពុជានឹងមានកំណើនបន្តទៀតនៅពេលខាងមុខ ព្រោះបច្ចុប្បន្នមានក្រុមហ៊ុនអាមេរិកជាច្រើនកំពុងដកការវិនិយោគរបស់ខ្លួនចេញពីប្រទេស ចិន ដោយសម្លឹងមកតំបន់អាស៊ីអាគ្នេយ៍។
លោកបន្តថា ជាមួយគ្នានេះ ធនធានមនុស្សនៅកម្ពុជាក៏ត្រូវបានរដ្ឋាភិបាលធ្វើការបណ្តុះបណ្តាលជំនាញផងដែរនាអំឡុងពេលការរីករាលដាលជំងឺកូវីដ ១៩ នេះ។
លោកបញ្ជាក់ថា៖ «ទន្ទឹមនឹងការកើនឡើងផលិតភាពរបស់ក្រុមកម្មករ រដ្ឋាភិបាលក៏ត្រូវធ្វើការសិក្សាបន្ថែមទៀត ដើម្បីរៀបចំគោលនយោបាលលើកទឹកចិត្តការវិនិយោគឆ្លើយតបទៅតាមការចង់បានរបស់ពួកអ្នកវិនិយោគថ្មីៗ»៕ LA