
សកម្មភាពបុគ្គលិកអគ្គិសនីកម្ពុជាកំពុងធ្វើការដោះរុះរើបង្គោលអគ្គិសនីតាមផ្លូវ ណតប្រ៊ីត កន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាកាលពីសប្តាហ៍មុនបានសម្រេចឲ្យមានការសាងសង់ស្ថានីយវារីអគ្គិសនី និងស្ថានីយដើរដោយពន្លឺព្រះអាទិត្យ ដែលមានសមត្ថភាពផលិតអគ្គិសនីបានសរុប ២២០ មេហ្គាវ៉ាត់ ដើម្បីឆ្លើយតបនឹងកង្វះការផ្គត់ផ្គង់អគ្គិសនីនាពេលបច្ចុប្បន្ន។
យោងតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កម្ពុជា បច្ចុប្បន្នកំពុងប្រឈមនឹងបញ្ហាកង្វះខាតថាមពលអគ្គិសនីប្រមាណ ៤០០ មេហ្គាវ៉ាត់ នាអំឡុងខែប្រាំងចាប់ពីខែ មីនា ដល់ខែ ឧសភា ឆ្នាំ ២០១៩ ។
សេចក្តីប្រកាសព័ត៌មាននៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រ បានឲ្យដឹងថា រដ្ឋាភិបាលបានអនុម័តឲ្យក្រុមហ៊ុន SPHP (Cambodia) Co., Ltd ធ្វើការវិនិយោគលើគម្រោងសាងសង់ស្ថានីយវារីអគ្គិសនី ១ កន្លែងនៅតាមស្ទឹងពោធិ៍សាត់ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោមរូបភាពសាងសង់ដំណើរការផ្ទេរ (BOT) ដោយចំណាយទុនវិនិយោគ ២៣១,១០ លានដុល្លារ សម្រាប់រយៈពេលសម្បទាន៣៩ ឆ្នាំ។ គម្រោងនេះមានទំហំ ៨០ មេហ្គាវ៉ាត់ នឹងត្រូវដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ ២០២៣។
ចំណែកក្រុមហ៊ុន Schnei Tec Co., Ltd ដែលកាលពីថ្ងៃទី ៤ ខែមេសា ទើបដាក់បញ្ចូលថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យចំនួន ២០ មេហ្គាវ៉ាត់ ក្នុងចំណោមថាមពលសរុប ៦០ មេហ្គាវ៉ាត់ នៅស្ថានីយក្នុងខេត្តកំពង់ស្ពឺទៅក្នុងបណ្តាញជាតិ ក៏ត្រូវបានរដ្ឋាភិបាលអនុម័តឲ្យវិនិយោគលើគម្រោងសាងសង់ស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យចំនួន ២ កន្លែងបន្ថែមទៀត ដោយ ១ ទីតាំងស្ថិតក្នុងខេត្តពោធិ៍សាត់ មានទំហំ ៦០ មេហ្គាវ៉ាត់ និង ១ កន្លែងទៀតនៅក្នុងខេត្តកំពង់ឆ្នាំង មានទំហំ ៦០ មេហ្គាវ៉ាត់។ គម្រោងនេះធ្វើក្នុងរូបភាពសាងសង់ធ្វើជាម្ចាស់ដំណើរការដោយខ្លួនឯង (BOO) ក្នុងរយៈពេលអាជីវកម្ម ២០ ឆ្នាំ ដោយចំណាយទុនវិនិយោគសរុបជាង ១១៦ លានដុល្លារ។
បន្ថែមពីលើនេះរដ្ឋាភិបាលក៏បានអនុញ្ញាតឲ្យក្រុមហ៊ុនពង្រីកការវិនិយោគចំនួន ២០ មេហ្គាវ៉ាត់ នៅលើស្ថានីយក្នុងខេត្តកំពង់ស្ពឺផងដែរ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា កាលពីម្សិលមិញបានថ្លែងថា ការពង្រីកការវិនិយោគលើវិស័យថាមពលនេះអាចនិយាយថា ជារបត់ថ្មីមួយរបស់កម្ពុជាក្នុងការឈានឆ្ពោះទៅរកការពង្រឹងសន្តិសុខថាមពល ដើម្បីឆ្លើយតបនឹងកំណើននៃការប្រើប្រាស់ថាមពលដ៏ច្រើនពេលបច្ចុប្បន្ន។
លោកបញ្ជាក់ថា៖ «យើងកំពុងរៀបចំពង្រឹងខ្លួនឯងដើម្បីធានាសន្តិសុខថាមពលដោយខ្លួនឯង ដោយមិនពឹងពាក់ទាំងស្រុងទៅលើថាមពលដែលទទួលបានពីប្រទេសជិតខាង»។
កម្ពុជាគ្រោងនឹងបង្កើនការផ្គត់ផ្គង់ថាមពលអគ្គិសនីដល់ ២ ៨៧០ មេហ្គាវ៉ាត់នៅឆ្នាំ ២០១៩ ដែលកើនឡើងពី ២ ៦៥០,២៦ មេហ្គាវ៉ាត់ ក្នុងឆ្នាំ ២០១៨។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០១៨ របស់អាជ្ញាធរអគ្គិសនីកម្ពុជា។
ទន្ទឹមនឹងការសម្រេចឲ្យក្រុមហ៊ុនវិនិយោគលើគម្រោងសាងសង់ស្ថានីយផលិតថាមពលអគ្គិសនីបន្ថែមនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសពីការឈប់ទិញថាមពលពីប្រទេស តួកគី ដោយលោកលើកហេតុផលថា ការចរចាមិនត្រូវគ្នាលើលក្ខខណ្ឌមួយចំនួន និងការមកមិនទាន់សភាពការណ៍ ។
រដ្ឋាភិបាលក៏បានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត» ផងដែរ ដែលសេចក្តីព្រាងនេះត្រូវបានបង្កើតឡើង ដើម្បីជំរុញការអភិវឌ្ឍវិស័យប្រេងកាតប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពសម្រាប់រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ខណៈការទាញយកប្រេងជាលើកដំបូងរបស់កម្ពុជាអាចនឹងលេចឡើងនៅចុងឆ្នាំនេះ៕ LA