ភ្នំពេញៈ គម្រោងវិនិយោគ ៣ ដែលមានតម្លៃសរុប ១៣,៥ លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តក្នុងសប្តាហ៍មុន ដែលធ្វើឱ្យចំនួនគម្រោងអនុម័តដោយ CDC ក្នុងរយៈពេល ៣ សប្តាហ៍ដំបូងនៃខែធ្នូ ឆ្នាំ ២០២០ មានចំនួន ៩ ស្មើនឹងតម្លៃវិនិយោគសរុប ១ ១៣៥,៤ លានដុល្លារ។ នេះបើយោងតាម CDC។
គម្រោងទាំង ៣ ដែល CDC អនុម័តកាលពីថ្ងៃសុក្រ រួមមាន គម្រោងបង្កើតរោងចក្រខារអំបោះគ្រប់ប្រភេទ Lak Sun (Cambodia)Co., Ltd ស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ៣,២ លានដុល្លារ បង្កើតការងារបានចំនួន ១៩៧ កន្លែង, គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន Sinokh Perfect Garment Co., Ltd នៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលមានទឹកប្រាក់ ៥,៣ លានដុល្លារ បង្កើតការងារបាន ១ ៥៣៣ កន្លែង និងគម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម និងសម្ភារតុបតែងលម្អធ្វើពីឈើរបស់ក្រុមហ៊ុន Dongnan (Cambodia) Wood Co., Ltd មានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ ក្រោមទុនវិនិយោគ ៥ លានដុល្លារ និងអាចបង្កើតការងារបាន ២២០ កន្លែង។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺដែលជាកន្លែងតែងទទួលបានគម្រោងវិនិយោគថ្មីៗជាបន្តបន្ទាប់ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា ក្រៅពីលក្ខណៈអំណោយផលនៃទីតាំងភូមិសាស្ត្រ ស្ថិរភាពនយោបាយច្បាប់វិនិយោគ និងទំនាក់ទំនងការទូតល្អ ការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាបន្តបន្ទាប់ជាមួយនឹងប្រទេសដៃគូពាណិជ្ជកម្ម ពិសេសប្រទេសចិន ដែលជាទីផ្សារមានប្រជាជនច្រើនជាងគេលើពិភពលោក កំពុងរួមចំណែកយ៉ាងច្រើនដល់ការទាក់ទាញចំណាប់ចាប់អារម្មណ៍វិនិយោគិនឱ្យចូលមកបណ្តាក់ទុននៅកម្ពុជា។
លោកបន្តថា កំណើននៃការវិនិយោគដែល CDC យល់ព្រមនាអំឡុងពេលនេះ គឺមាននៅស្ទើរគ្រប់វិស័យ និងគ្រប់ទីកន្លែង។
លោកថ្លែងថា៖ «ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺជាការបើកផ្លូវឱ្យកម្ពុជាទទួលបាននូវកំណើនវិនិយោគជាបន្តបន្ទាប់ ដែលវានឹងមិនត្រឹមតែបង្កើតការងារថ្មីប៉ុណ្ណោះទេ តែថែមទាំងជួយលើកមុខទីផ្សារកម្ពុជាផងដែរ»។
លោក ហុង វណ្ណៈ អ្នកទទួលបន្ទុកសេដ្ឋកិច្ចអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា អះអាងថា កំណើនការអនុម័តរបស់ CDC ជាសញ្ញាណល្អសម្រាប់សុខុមាលភាពសេដ្ឋកិច្ចកម្ពុជា ដែលកំពុងស្ថិតក្នុងបរិបទនៃការឆ្លងរាលដាលជំងឺកូវីដ១៩ នៅពាសពេញពិភពលោក។
លោកបន្តថា ទន្ទឹមនឹងការទទួលបានការវិនិយោគថ្មីៗជាបន្តបន្ទាប់នេះ កម្ពុជាក៏ត្រូវធ្វើការកែសម្រួលលក្ខខណ្ឌវិនិយោគរបស់ខ្លួនបន្ថែមទៀតដែរ ខណៈកាលពីចុងសប្តាហ៍មុនកម្ពុជាក៏ទើបទទួលព័ត៌មានល្អពីទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសអង់គ្លេស។
លោកថ្លែងថា៖ «ខណៈថ្មីៗនេះ អង់គ្លេសដែលជាប្រទេសទើបចាកចេញពីសមាជិកសហភាពអឺរ៉ុបបានសន្យាថា នៅដើមឆ្នាំ ២០២១ នឹងជំរុញកិច្ចសហប្រតិបត្តិការឱ្យបានខ្លាំងជាមួយកម្ពុជានោះ ខ្ញុំរំពឹងថាវានឹងកាន់តែផ្តល់ផលវិជ្ជមានបន្ថែមទៀតក្នុងការទាក់ទាញលំហូរវិនិយោគិនបរទេសមកកម្ពុជាកាន់តែច្រើន»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោក លឹម ហេង ធ្លាប់បានប្រាប់ថា បើទោះបីពិភពលោកកំពុងជួបនឹងវិបត្តិឆ្លងរាលដាលជំងឺកូវីដ១៩ ប៉ុន្តែកម្ពុជានៅតែអាចទទួលបានកំណើននៃការចូលមកបណ្តាក់ទុនជាបន្តបន្ទាប់។ កំណើនទាំងនេះបង្ហាញថា អ្នកវិនិយោគសុទ្ធតែមានសុទិដ្ឋិនិយមចំពោះកំណើនសេដ្ឋកិច្ចកម្ពុជា ដែលកំពុងសម្រេចបាននូវកំណើនជាបន្តបន្ទាប់។
លោកបានបន្តថា៖ «កាលពីពេលកន្លងមកមានការព្រួយបារម្ភជាច្រើនថា ការដកភាពអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុបនឹងធ្វើឱ្យការនាំចេញទំនិញរបស់កម្ពុជាជួបបញ្ហាច្រើន ប៉ុន្តែជាក់ស្តែងយើងឃើញថា វាមិនដូច្នេះទេ»៕ LA