The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ​កំពុង​ដំណើរការ​ទៅដោយ​រលូន

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ​កំពុង​ដំណើរការ​ទៅដោយ​រលូន

Content image - Phnom Penh Post
គំរូផ្លូវល្បឿនលឿន ពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ។ រូបថត ក្រសួងសាធារណៈការ

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ​កំពុង​ដំណើរការ​ទៅដោយ​រលូន

ភ្នំពេញៈ ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ដែលមាន​តម្លៃ​ប្រមាណ​ជាង​ ១,៩ ​ពាន់​លាន​ដុល្លារ ដែល​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ចុងខែ​មីនា ឆ្នាំ​ ២០១៩ រហូតមកទល់​ពេលនេះ​សម្រេច​បាន​ទៅតាម​ផែនការ ខណៈ​គម្រោង​ទាំងមូល គ្រោង​នឹង​បញ្ចប់​នៅ​ដើមឆ្នាំ​ ២០២៣ ខាងមុខ​។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

ផ្លូវ​ល្បឿន​លឿន​ដែល​តភ្ជាប់​ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ នេះ​មាន​ប្រវែង​ ១៩០ ​គីឡូម៉ែត្រ វិនិយោគ​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) តាមរយៈ​ក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd​។

អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក វ៉ាស៊ឹម សុរិយា កាលពី​ថ្ងៃ​ម្សិលមិញ​បាន​និយាយថា ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ទី​ ១ នៅ​កម្ពុជា​កំពុង​ដំណើរ​ទៅមុខ​ជាប្រចាំ​ដោយ​ចាប់ពី​ពេល​បើក​ការដ្ឋាន​មកទល់​ពេល​នេះ​ការសាងសង់​ទើប​សម្រេច​បាន​ប្រមាណ​ជាង​ ៥ ​ភាគរយ​ប៉ុណ្ណោះ​។

លោក​បន្តថា ដោយសារ​ផ្លូវ​នេះ​ជា​ច្រក​សេដ្ឋកិច្ច​ដ៏សំខាន់ ហេតុនេះ​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ​តែង​ជំរុញ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​សាងសង់​ត្រូវ​បញ្ចប់​ការដ្ឋាន​តាម​ពេល​កំណត់​។ លោក​ថ្លែងថា​៖ «​យើង​ចង់​ឲ្យ​សកម្មភាព​សាងសង់​បាន​លឿន​ជាង​នេះ​។ យើង​សង្ឃឹម​ថា ការសាងសង់​នឹងមាន​ដំណើរ​លឿន​នៅពេល​ខាងមុខ គឺ​បន្ទាប់ពី​ក្រុមហ៊ុន​សាងសង់​គ្រឹះ​ស្ពាន ផ្លូវ រោង​ជាង និង​ការិយាល័យ​ក្រុមហ៊ុន​រួចរាល់​»​។

ផ្លូវ​ល្បឿន​លឿន​នេះ​ចេញពី​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​ដល់​ភូមិ​ទី​ ១ សង្កាត់​លេខ​ ៣ ក្រុងព្រះសីហនុ ឆ្លងកាត់​រាជធានី​ភ្នំពេញ​ប្រវែង ៨,៣០ គីឡូម៉ែត្រ ខេត្ត​កណ្តាល​ប្រវែង ៩,១០ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង ៨០,៨០ គីឡូម៉ែត្រ ខេត្តកោះកុង ប្រវែង ១,៩២ គីឡូម៉ែត្រ និង​ខេត្ត​ព្រះសីហនុ ប្រវែង ៨៩,៨៩ គីឡូម៉ែត្រ ។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​និយាយថា សកម្មភាព​នៃ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ក្នុង​ទឹកដី​ខេត្ត​កំពង់ស្ពឺ​កំពុង​ដំណើរ​ទៅមុខ​យ៉ាង​សស្រោកសស្រាំ ដោយ​មាន​កម្មករ​ធ្វើការ​ទាំង​យប់-ថ្ងៃ​។ លោក​បន្តថា ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​មាន​សក្តានុពល​ខ្លាំង​សម្រាប់​សេដ្ឋកិច្ចកម្ពុជា​។ ផ្លូវ​នេះ​នឹង​ក្លាយ​ជា​ចំណែក​មួយ​ដ៏ចម្បង​ក្នុងការ​បង្កើន​ភាព​ទាក់ទាញ​ឲ្យ​បាន​ការចូលមក​បណ្តាក់​ទុន​ក្នុង​ខេត្ត​កំពង់ស្ពឺ​ផងដែរ​។

លោក​ថ្លែងថា​៖ «​សកម្មភាព​នៃ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ក្នុង​ទឹកដី​ខេត្តកំពង់ស្ពឺ​កំពុង​ដំណើរការ​ទៅមុខ​ជាប្រចាំ​។ ខ្ញុំ​បាន​ទៅពិនិត្យ​ជា​ញឹកញាប់ តែ​មិន​បាន​ជួប​ជាមួយ​ក្រុមហ៊ុន​ដើម្បី​សាកសួរ​ពី​ដំណើរ​ការសាងសង់​បាន​ប៉ុន្មាន​ភាគរយ​នោះទេ​»​។

ជាមួយ​គ្នា​នេះ​លោក​ក៏​ប្រាប់​ដែរ​ថា ការដោះស្រាយ​ផលប៉ះពាល់​ដី​ប្រជាជន​ពី​គម្រោង​នេះ​ក៏​កំពុង​ធ្វើ​ជា​ប្រចាំ​ដែរ ដោយ​មកដល់​ពេល​នេះ​នៅមាន​សល់​បន្តិចបន្តួច​ប៉ុណ្ណោះ​៕LA

អត្ថបទគួរចាប់អារម្មណ៍