ភ្នំពេញ៖ ដំណើរការ​សាងសង់​គម្រោង​សួន​បណ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម (Worldbridge I4.0 SME Cluster) មាន​តម្លៃ​ប្រហែល ៣០ លាន​ដុល្លារ​ របស់ក្រុមហ៊ុន វើលដ៍ ប្រ៊ីដ អ៊ិនដាសស្ទ្រៀល ឌីវេឡុបមិន អាច​នឹង​យឺត​ពេល​ជាង​ផែនការ​គ្រោង​ទុក​រយៈពេល ១ ខែ ដោយសារ​ការ​បិទ​ខ្ទប់​ក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​នាពេល​កន្លង​មក ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩។

សួន​បណ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម​នេះ ត្រូវ​បាន​សាងសង់​លើ​ផ្ទៃដី​សរុប ៦ ហិកតា ក្នុង​សង្កាត់​រកា​ខ្ពស់​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ទល់​មុខ​នឹង​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ «ទីក្រុង​រណប​សិរីមង្គល» របស់​ក្រុមហ៊ុន Worldbridge Homes Co.,Ltd ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ Worldbridge Group។

គម្រោង​នេះ ត្រូវ​បាន​បុក​គ្រឹះ​សាងសង់​កាល​ពី​ថ្ងៃទី ២៧ ខែ​ វិច្ឆិកា ឆ្នាំ ២០២០ ដែល​តាម​ផែនការ​គម្រោង​នេះ នឹង​សាងសង់​រួច​ក្នុង​រយៈពេល ៨ ខែ​ ចាប់​ពី​ថ្ងៃ​បុក​គ្រឹះ។

លោក សៀ ឫទ្ធី ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន វើលដ៍ ប្រ៊ីដ អ៊ិនដាសស្ទ្រៀល ឌីវេឡុបមិន ឯ.ក Worldbrigde Industrial Development Co.,Ltd) ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍ថា សព្វ​ថ្ងៃ​គម្រោង​នេះ​ដំណើរ​សាងសង់​ជា​ធម្មតា ប៉ុន្តែ​អាច​នឹង​យឺត​ពេល​ជាង​ផែន​ការ​គ្រោង​ទុក។

លោក​ប្រាប់​ថា៖ «យើង​កំពុង​ដំណើរការ​សាងសង់ ប៉ុន្តែ​អាច​យឺត​ពេល ១ ទៅ ២ ខែ យើង​ឃើញ​ថា មាន​សហគ្រាស​ធុន​តូច និង​មធ្យម​ជាច្រើន​បាន​ចាប់​អារម្មណ៍​លើ​បណ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម​នេះ»។

សួន​បណ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម​នេះ ចែកចេញ​ជា ៧ ផ្នែក រួម​មាន​មជ្ឈមណ្ឌល​សេវាកម្ម មជ្ឈមណ្ឌល​ទ្រទ្រង់​គ្រឿង​បរិក្ខារ​ឧស្សាហកម្ម​ចង្កោម​សហគ្រាស​ធុន​តូច និង​មធ្យម ហេដ្ឋារចនាសម្ព័ន្ធ មជ្ឈមណ្ឌល​ភ័ស្តុភារកម្ម និង​សេវាកម្ម ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រកប​ធុរកិច្ច ភាព​ងាយ​ស្រួល​ដល់​កម្មករ​ក្នុង​ការ​ប្រកប​ការងារ និង​ផ្តល់​សេវាកម្ម​គាំទ្រ​ដទៃ​ទៀត។

ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា លោក តែ តាំងប៉ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ថា បណ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម​នេះ គឺ​មាន​កម្រិត​ស្តង់ដា​អន្តរជាតិ​ដែល​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​រោងចក្រ សហគ្រាស​នៅ​ក្រៅ​ប្រទេស។

លោក​និយាយ​ថា៖ «ការ​បើក​សួន​ឧស្សាហកម្ម​នេះ គឺ​ស័ក្តិសម​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​មាន​ស្តង់ដា​យើង​គាំទ្រ​គម្រោង​នេះ ដើម្បី​ចូលរួម​ចំណែក​ជំរុញ​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​មាន​លទ្ធភាព​ឲ្យ​ចូល​ទៅ​ក្នុង​តំបន់​ឧស្សាហកម្ម​របស់​ក្រមហ៊ុន​ វើលដ៍ ប្រ៊ីដ»។

លោក តាំងប៉ ឲ្យ​ដឹង​ថា អ្នក​ដែល​ចូល​ទៅ​ក្នុង​តំបន់​ឧស្សាហកម្ម​នេះ នឹង​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី​រដ្ឋាភិបាល​លើ​ផ្នែក​ពន្ធដា និង​ពន្ធគយ។ ការ​អនុគ្រោះ​ពន្ធ​នេះ នឹង​ជួយ​ទាក់ទាញ​សហគ្រាស​ធុន​តូច និង​មធ្យម ចូល​ទៅ​បណ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម​នេះ​យ៉ាង​ច្រើន។

លោក​បន្ថែម​ទៀត​ថា៖ «សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​ក្នុង​ស្រុក យើង​ទាល់​តែ​មាន​ខ្នាត​ធំ ទើប​អាច​មាន​លទ្ធភាព​ចូល​ទៅ​បណ្តុំ​នេះ​បាន រីឯ​ពួក​ខ្ញុំ​សហគ្រាស​ដែល​ភាគ​ច្រើន​ជា​សិប្បកម្ម​តូចៗ​នឹង​មិន​មាន​លទ្ធភាព​ចូល​ទៅ​ក្នុង​បណ្តុំ​នេះ​ទេ ព្រោះ​ចំណាយ​ខ្ពស់»។

លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​ថ្លែង​ក្នុង​កម្មវិធី​បុកគ្រឹះ​សាងសង់​គម្រោង​នេះ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន​ថា សហគ្រាស​ធុន​តូច និង​មធ្យម​ទាំង​អស់​នៅ​កម្ពុជា​ត្រូវ​ចាប់​យក​បច្ចេកវិទ្យា​ឧស្សាហកម្ម ៤.០ ដើម្បី​ចូល​ទៅ​ក្នុង​ខ្សែ​ចង្វាក់​ផលិតកម្ម​របស់​ខ្លួន​ក្នុង​សួន​បណ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម​នេះ។

លោក​ថ្លែង​ថា៖ «យើង​បង្កើត​សួន​ឧស្សាហកម្ម​សហគ្រាស​ធុនតូច និង​មធ្យម​នេះ ដើម្បី​ជួយ​ឧបត្ថម្ភ​គាំទ្រ និង​តម្រង់​ទិស​ពួក​គាត់​សម្រាប់​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​ពិភព​លោក»។

លោក ចម ប្រសិទ្ធ ថ្លែង​ទៀត​ថា សួន​ឧស្សាហកម្ម​នេះ ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ពួក​គេ​ផលិត​ទំនិញ​នាំចេញ ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ។

លោក​អះអាង​ថា៖ «យើង​កំពុង​លើក​ទឹក​ចិត្ត​ពួក​គាត់​ឱ្យ​ចាប់​យក​បច្ចេកវិទ្យា​ចុង​ក្រោយ​មក​ចូល​នៅ​ក្នុង​បណ្តុំ​សួន​ឧស្សាហកម្ម​នេះ សម្រាប់​ផលិត​នាំចេញ​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ»៕