ភ្នំពេញៈ អគ្គិសនី​កម្ពុជា​ (EDC​) បាន​​ប្រកាស​ដាក់​ឲ្យ​មាន​​​ការ​ដេញ​ថ្លៃ​ជា​សាធារណៈ​ក្នុង​​ការ​ទទួល​សិទ្ធិ​វិនិយោគ​គម្រោង​សាងសង់​កសិដ្ឋាន​ផលិត​ថាមពល​ដើរ​ដោយ​​ផ្ទាំង​សូឡា​នៅ​ខេត្ត​កំពង់ឆ្នាំង​ ដែល​មាន​អនុភាព​ផលិត​ថាមពល​ ៦០ មេហ្កាវ៉ាត់។​

គម្រោង​នេះ​នឹង​ស្ថិត​ក្នុង​ទម្រង់​ សាងសង់ ធ្វើ​ជា​ម្ចាស់​ និង​ដំណើរការ (BOO) ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​សាងសង់​​ ឧទ្យាន​ជាតិ​ថាមពល​សូឡា នៅ​ខេត្ត​កំពង់ឆ្នាំង​ ដែល​ត្រូវ​បាន​គាំទ្រ​ផ្នែក​បច្ចេកទេស​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)។ ថាមពល​ដែល​ផលិត​​ចេញ​ពី​គម្រោង​នេះ​នឹង​ត្រូវ​ភ្ជាប់​មក​បណ្តាញ​ជាតិ​របស់​អគ្គិសនី​​កម្ពុជា​។

យោង​តាម​សេចក្តី​ជូន​ដំណឹង​ស្តីពី​ការ​បើក​ទទួល​ពាក្យ​ដេញ​ថ្លៃ​របស់ EDC ដែល​មាន​ហត្ថលេខា​របស់​លោក​អគ្គ​នាយក​អគ្គិសនី​កម្ពុជា ​កែវ​ រតនៈ​ ក្រុមហ៊ុន​ដែល​ទទួល​បាន​ជោគជ័យ​ពី​ការ​ដេញ​ថ្លៃ​នេះ​នឹង​​តម្រូវ​ឲ្យ​ធ្វើ​ការ​អភិវឌ្ឍ ដាក់​ទុន​វិនិយោគ​ សាងសង់ និង​ដំណើរ​ការ​គម្រោង​ថាមពល​សូឡា​ ៦០ មេហ្កាវ៉ាត់​នេះ។ EDC នឹង​ធានា​ទិញ​ថាមពល​​ដែល​បាន​ពី​គម្រោង​នេះ​ក្រោម​កិច្ច​ព្រមព្រៀង​ទិញ​ថាមពល​រយៈ​ពេល​វែង​ (PPA)។

លិខិត​ជូន​ដំណឹង​របស់​ EDC ​លើក​ឡើង​ថា​៖ ​«​តម្លៃ​លក់​អគ្គិសនី​ដែល​ស្នើ​ដោយ​អ្នក​វិនិយោគ​ចាំបាច់​​​ត្រូវ​ទាប​ជាង​ ០,០៧៦​ ដុល្លារ​ (៧,៦ សេន​) ក្នុង ​១ ​គីឡូ​វ៉ាត់​ម៉ោង​ ហើយ​ត្រូវ​​ធ្វើ​ការ​កែ​សម្រួល​បន្ត​បន្ទាប់​យោង​តាម​​កិច្ច​ព្រមព្រៀង​ទិញ​ថាមពល​រយៈ​ពេល​វែង (PPA​)​»​។

ការ​កំណត់​ពេល​វេលា​សម្រាប់​ការ​ដាក់​ឯកសារ​ដេញ​ថ្លៃ​សម្រាប់​ការ​អភិវឌ្ឍ​គម្រោង​នេះ​ នឹង​​មិន​ឲ្យ​យឺត​ជាង​ម៉ោង ​១០ ព្រឹក ​នៅ​ថ្ងៃ​ទី ​១៧ ខែ​ឧសភា​ទេ​។ EDC រំពឹង​ថា គម្រោង​នេះ​នឹង​ជួយ​កម្ពុជា​ក្នុង​ការ​ពង្រីក​ការ​ផលិត​ថាមពល​តម្លៃ​ទាប​ និង​ធ្វើ​ពិពិធកម្ម​ការ​​ផលិត​ថាមពល​ រួម​ជា​មួយ​​ការ​បង្កើន​ភាគរយ​នៃ​ថាមពល​ស្អាត។​

កសិដ្ឋាន​​​ផលិត​ថាមពល​ដំណើរ​ការ​ដោយ​សូឡា​​​ថ្នាក់​ជាតិ​នឹង​ក្លាយ​ជា​គម្រោង​ទី៣​របស់​កម្ពុជា​សម្រាប់​ថាមពល​សូឡា​ដែល​​សម្រេច​បាន​។ រហូត​​មក​ដល់​ពេល​នេះ ​កម្ពុជា​ មាន​កសិដ្ឋាន​​សូឡា​ដំណើរ​ការ​តែ​ ​១ គត់ ជា​គម្រោង​ ១០ មេហ្គាវ៉ាត់​ដោយ​​ក្រុមហ៊ុន Sunseap ​របស់​ប្រទេស ​សិង្ហបុរី ​នៅ​ក្រុង​​បាវិត​ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​​របស់​កម្ពុជា​នៅ​ខេត្ត​ស្វាយរៀង​ នៅ​ជិត​ព្រំដែន​ប្រទេស​ ​វៀតណាម​។​

SchneiTec Group ជា​​ក្រុមហ៊ុន​វិនិយោគ​មួយ​រវាង​​ក្រុម​វិនិយោគិន​ក្នុង​ស្រុក​ និង​ ​ចិន​ កំពុង​ដំឡើង​បន្ទះ​សូឡា​ នៅ​ក្នុង​កសិដ្ឋាន​របស់​ខ្លួន​នៅ​ខេត្ត​កំពង់ស្ពឺ ​ដើម្បី​បង្កើត​រោងចក្រ​សូឡា​ ៦០ ​មេហ្គាវ៉ាត់​។ រោង​​ចក្រ​នេះ​ត្រូវ​​បាន​រំពឹង​ថា នឹង​​ចាប់​​ផ្ដើម​ដំណើរ​ការ​​នៅ​ចុង​ឆ្នាំ ​២០១៩ ​​នេះ​។​

លោក ​Victor ​Jona​ អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ ​និង​ថាមពល បាន​ឲ្យ​ដឹង​ថា​ វា​ជា​គោល​នយោបាយ​របស់​រដ្ឋាភិបាល ​ដែល​កំណត់​ទិស​ដៅ​ក្នុង​ការ​ផ្ដល់​អគ្គិសនី​តម្លៃ​ទាប​ដល់​អតិថិជន​ និង​មាន​​ប្រភព​ថាមពល​កាន់​តែ​ច្រើន​ក្នុង​ការ​ត​ភ្ជាប់​អគ្គិសនី​ជាតិ​នឹង​រួម​ចំណែក​​ក្នុង​​ការ​បំពេញ​ផែន​ការ​របស់​រដ្ឋាភិបាល។ ​លោក​​បាន​​បន្ថែម​ថា ក្រុមហ៊ុន SchneiTec ត្រូវ​បាន​ផ្ដល់​សិទិ្ធ​​​សាងសង់​រោងចក្រ​​សូឡា នៅ​ខេត្ត​កំពង់ស្ពឺ ខណៈ​ក្រុមហ៊ុន​នេះ​ស្នើ​តម្លៃ​ក្នុង​ចំនួន ​៧,៦ ​ភាគរយ​ក្នុង ​១ ​គីឡូវ៉ាត់​ម៉ោង​។​

លោក​ថ្លែង​ថា​៖​ ​«​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​វិនិយោគ​នេះ នឹង​អាស្រ័យ​លើ​ការ​ប្រកួត​ប្រជែង​ដេញ​ថ្លៃ។ ប្រសិន​​បើ​លក្ខខណ្ឌ​បច្ចេកទេស​របស់​គាត់​គ្រប់គ្រាន់​ទៅ​នឹង​ការ​តម្រូវ​នៃ​ការ​ដេញ​ថ្លៃ ហើយ​អាច​ផ្តល់​តម្លៃ​ទាប​មក​ EDC ជាង​អ្នក​ចូល​រួម​ដេញ​ថ្លៃ​ផ្សេង​ទៀត ​ក្រុមហ៊ុន​នឹង​ឈ្នះ​ការ​ដេញ​ថ្លៃ​នេះ»។

របាយ​ការណ៍​ប្រចាំ​ឆ្នាំ ​២០១៨ ​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​​បង្ហាញ​ថា ការ​​​​ចែក​រំលែក​ការ​ផ្គត់ផ្គង់​ថាមពល​កកើត​ឡើង​វិញ​​នៅ​កម្ពុជា​នៅ​តែ​​មាន​ចំនួន​តិច​​បំផុត។

របាយ​ការណ៍​បាន​​បង្ហាញ​ថា​ តម្រូវ​​ការ​ថាមពល​របស់​​កម្ពុជា ​បច្ចុប្បន្ន​ត្រូវ​បាន​ផ្គត់ផ្គង់​ភាគ​ច្រើន​​ដោយ​រោងចក្រ​វារី​អគ្គិសនី ​​ប្រហែល​ ៤៨ ​ភាគរយ ​និង​រោងចក្រ​ថាមពល​ដំណើរ​ការ​ដោយ​ធ្យូង​ថ្ម​ ដែល​មាន​ចំនួន​ប្រហែល ៣៤,៥ ​ភាគរយ​។ នៅ​សល់​ប្រហែល ១៥ ​ភាគរយ ​គឺ​ជា​ថាមពល​នាំចូល​ពី​ប្រទេស​ជិត​ខាង​​៕LA ​