ព្រះសីហនុៈ គម្រោង​វិនិយោគ​កោះប្រើស​នៅ​ខេត្ត​ព្រះសីហនុ​ដែល​មាន​តម្លៃ​ជិត​ ៣០ ​លាន​ដុល្លារ​ សម្រេច​បាន​ជាង ៣០ ​ភាគរយ​ ហើយ​នៅក្នុង​ដំណាក់កាល​ទី​ ១​។ នេះ​បើតាម​តំណាង​ផ្នែក​សាងសង់​របស់​ក្រុមហ៊ុន​។

កោះប្រើស​ដែល​មាន​ចម្ងាយ​ប្រមាណ​ ២ ​គីឡូម៉ែត្រ​ ពី​ឆ្នេរអូរត្រេះ​ត្រូវ​បាន​រដ្ឋាភិបាល​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក Angela Real Estate Co., Ltd វិនិយោគ​រយៈពេល​ ៩៩ ​ឆ្នាំ​ ចាប់​តាំងពី​ឆ្នាំ​ ២០០៨​។ នេះ​បើ​យោង​តាម​លោក ឃាង ភារម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​។

លោក​ថ្លែង​ថា​៖ «​ក្រុមហ៊ុន ARE ដែល​មាន​ម្ចាស់​គ្រប់គ្រង​ជា​ជនជាតិ​ខ្មែរ​បាន​វិនិយោគ​លើ​ការសាងសង់​សណ្ឋាគារ​ផ្កាយ​ ៥ កាស៊ីណូ ភូមិគ្រឹះ និង​សំណង់​ផ្សេងៗ​ទៀត​នៅលើ​កោះ​ប្រើស​»​។

កោះ​ប្រើស​មាន​ផ្ទៃដី​សរុប ៥៦,២៨ ហិកតា ​ស្ថិត​នៅ​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ លោក ឃាង ភារម្យ បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន Angela Real Estate Co., Ltd បាន​ចុះ​កិច្ចព្រមព្រៀង​វិនិយោគ​ជាមួយ​រដ្ឋាភិបាល​កាលពី​ថ្ងៃទី​ ១៨ ខែ​ មករា ឆ្នាំ ​២០០៨​។

លោក​បន្ត​ថា​៖ «​ការវិនិយោគ​នេះ​ពិតជា​អាច​នឹង​ជួយ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ចជាតិ​តាមរយៈ​ការបង្កើត​ការងារ ការអភិវឌ្ឍ​តំបន់​ទេសចរណ៍​ក្នុង​ខេត្ត​ព្រះសីហនុ​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​»​។

លោក ហេង ធូ អ្នក​គ្រប់​ការដ្ឋាន​សាងសង់​របស់​ក្រុមហ៊ុន​អចលនទ្រព្យ ARE បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​គម្រោង​នេះ​កំពុង​ដំណើរការ​សាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥ ដែល​មាន​ ៣០ ​បន្ទប់​។ លោក​ថ្លែងថា​៖ «​នៅ​ដំណាក់កាល​ដំបូង​បាន​សាងសង់​បាន​ប្រមាណ ៣០ ភាគរយ​ហើយ​»​។

លោក​បន្ត​ថា​គម្រោង​ដំណាក់កាល​ទី​ ២ នឹង​សាងសង់​បាងហ្គាឡូ ខណៈ​ដំណាក់កាល​ទី​ ៣ នឹង​សាងសង់​ក្លិប ភោជនីយដ្ឋាន កន្លែង​ជិះ​កង់ និង​កន្លែង​កម្សាន្ត​ផ្សេងទៀត​។

ទោះបី​យ៉ាង​ណា​ក្តី​លោក​មិនអាច​បញ្ជាក់​ថា​គម្រោង​នេះ​នឹង​សាងសង់​រួចរាល់​នៅពេល​ណា​នោះទេ​។

បើ​តាម​លោក ភារម្យ ក្នុង​ខេត្ត​ព្រះសីហនុ​មាន​កោះ​សរុប ៣២ កោះ​ក្នុង​នោះ​កោះសង្សារ កោះក្របី និង​កោះឫស្សី កំពុង​ដំណើរ​អាជីវកម្ម​។

ក្រុមហ៊ុន Angela Real Estate Co., Ltd ត្រូវបាន​ចុះបញ្ជី​ជា​ក្រុមហ៊ុន​ក្នុងស្រុក​នៅ​ក្រសួង​ពាណិជ្ជកម្ម​ដែល​បាន​ដាក់​ឈ្មោះ លី សុខ ជា​ប្រធាន​។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា បើ​ទោះបី​ជា​ភ្ញៀវទេសចរ​ទៅ​លេង​កម្សាន្ត​នៅតាម​តំបន់ឆ្នេរ​ក្នុង​ខេត្ត​​ព្រះសីហនុ​មាន​ការថយចុះ​ដោយសារ​លំហូរ​ចូល​នៃ​ជនជាតិ​ចិន ប៉ុន្តែ​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​នៅ​តាម​បណ្តា​កោះ​នានា​នៅ​ខេត្ត​ព្រះសីហនុ​មាន​ការកើនឡើង​។

លោក​ ធួន ស៊ីណាន បាន​បន្ត​ថា​៖ «​កន្លែង​ដែល​ទាក់ទាញ​ភ្ញៀវ​ខ្លាំង​​គឺ​មាន​តែ​តាម​បណ្តា​កោះ​នៅ​ខេត្ត​ព្រះសីហនុ​ទេ ព្រោះ​ភ្ញៀវ​ភាគច្រើន​ចូលចិត្ត​លេង​នៅ​សមុទ្រ​»​។

លោក​បាន​ឲ្យ​ដឹងថា ការវិនិយោគ​នេះ​នឹង​ជួយ​ឲ្យ​ទាក់ទាញ​ភ្ញៀវទេសចរ​បន្ថែមទៀត​ទៅ​កាន់​ខេត្ត​ព្រះសីហនុ​។ លោក​បាន​ថ្លែងថា​៖ «​ការវិនិយោគ​នេះ​នឹង​ជួយ​បង្កើត​ការងារ​ឲ្យ​ប្រជាជន​នៅ​ទីនោះ និង​បានរួម​ចំណែក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​»៕ AFP/LA