ភ្នំពេញ: រដ្ឋាភិបាលនឹងពិនិត្យអនុម័តគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើដែលមានអានុភាព ១៥០ មេហ្គាវ៉ាត់ និងគម្រោងវិនិយោគសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី ៥០០ គីឡូវ៉ុល តភ្ជាប់ពីទីក្រុងភ្នំពេញទៅកាន់ព្រំដែនកម្ពុជា-ឡាវ និងពីខេត្តបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ។
ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញផ្សាយសេចក្តីជូនដំណឹងកាលពីថ្ងៃពុធ ឱ្យដឹងថា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រនេះទីស្តីការគណៈរដ្ឋមន្ត្រីនឹងបន្ថែមនូវរបៀបវារៈថ្មី ១ ទៀត ស្តីពីការអភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើអានុភាព ១៥០ គីឡូវ៉ុលនៅស្រុកថ្មបាំង ខេត្តកោះកុង និងគម្រោងវិនិយោគសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី ៥០០ គីឡូវ៉ុលពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីខេត្តបាត់ដំបងទៅព្រំដែនថៃ។
លោក វិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពលប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ការដាក់គម្រោងនេះឱ្យប្រមុខរដ្ឋាភិបាលពិនិត្យនិងសម្រេចត្រូវបានធ្វើឡើងបន្ទាប់ពីការសិក្សាពីផលប៉ះពាល់សង្គម និងបរិស្ថានបានចប់សព្វគ្រប់។
លោកបន្តថា លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលនឹងឡើងថ្លែងការពារគម្រោងនេះនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកនេះ។
លោកបញ្ជាក់៖ «យើងសង្កេតឃើញថាគម្រោងនេះមានលក្ខណសម្បត្តិគ្រប់គ្រាន់អាចវិនិយោគបាន»។
លោក ហ្សូនា បានឱ្យដឹងថា ចំពោះគម្រោងកសាងខ្សែបញ្ជូនអគ្គិសនីពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ នឹងត្រូវទាញអគ្គិសនីពីរោងចក្រថាមពលដើរដោយធ្យូងថ្មពីប្រទេសឡាវដែលកម្ពុជាបានចុះកិច្ចព្រមព្រៀងទិញកាលពីឆ្នាំមុន។ រីឯខ្សែបណ្តាញបញ្ជូន ១ ទៀតនឹងទាញថាមពលពីប្រទេសថៃ។
លោកបញ្ជាក់ថា៖ «យើងនឹងចាប់ផ្តើមសុំការអនុញ្ញាតពីរដ្ឋាភិបាលនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បន្ទាប់មកយើងនឹងធ្វើការចរចាថ្លៃវិនិយោគ និងកិច្ចព្រមព្រៀងអនុវត្តន៍គម្រោងដែលនឹងចុះហត្ថលេខារវាងក្រសួងរ៉ែ និងថាមពលជាមួយក្រុមហ៊ុន ព្រមទាំងការចរចាកិច្ចព្រមព្រៀងថ្លៃបញ្ជូនថាមពលដែលអគ្គិសនីកម្ពុជានឹងចុះហត្ថលេខាជាមួយក្រុមហ៊ុន»។
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កន្លងមកថា ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ សាងសង់ឡើងដោយក្រុមហ៊ុន China National Heavy Machinery Corporation (CHMC) របស់ប្រទេសចិនក្នុងតម្លៃវិនិយោគ ៣៨០ លានដុល្លារ។
លោកបញ្ជាក់ថា៖ «គម្រោងនេះមិនត្រឹមតែជួយអភិវឌ្ឍខេត្តកោះកុងប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាធុងអាគុយមួយដែលនឹងជួយចែកចាយថាមពលអគ្គិសនីនៅទូទាំងប្រទេសកម្ពុជានៅពេលអនាគត»។
បើយោងតាមលោក សុទ្ធី បច្ចុប្បន្ននៅខេត្តកោះកុងមានទំនប់វារីអគ្គិសនីចំនួន ៣ កំពុងប្រតិបត្តិការដែលមានសមត្ថភាពផលិតថាមពលសរុប ៦០២ មេហ្គាវ៉ាត់ក្នុងនោះទំនប់វារីអគ្គិសនីគិរីរម្យ ៣ មានអានុភាព ១៨ មេហ្គាវ៉ាត់ វារីអគ្គិសនីឫស្សីជ្រំក្រោមមានអានុភាព ៣៣៨ មេហ្គាវ៉ាត់ និងវារីអគ្គិសនីតាតៃ ២៤៦ មេហ្គាវ៉ាត់។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ៩ តុលា គណៈរដ្ឋមន្ត្រីបានអនុម័តផែនការចំណាយថវិកាប្រហែល ១២,៧៩៦ ពាន់លានដុល្លារសម្រាប់ការវិនិយោគសាធារណៈក្នុងរយៈពេល ៣ ឆ្នាំ (២០២១-២០២៣) ដោយរាប់ទាំងគម្រោងដែលកំពុងអនុវត្ត និងគម្រោងវិនិយោគសាធារណៈថ្មីជាង ៤០០ គម្រោងដែលមានមហិច្ឆតាសម្រាប់កសាងគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំដោយផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងភាគរយខ្ពស់បំផុត។ ក្នុងនោះ ការបែងចែកទុនវិនិយោគ ៥០,១ ភាគរយនៃទុនវិនិយោគសរុបសម្រាប់គម្រោងក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ៕ LA