ភ្នំពេញៈ ​ក្រុមហ៊ុន Naga​Corp​ ដែល​ទទួល​​បាន​អាជ្ញាប័ណ្ណ​​តែ​ ១ ​គត់​ក្នុង​ការ​វិនិយោគ​​លើ​កាស៊ីណូ ​NagaWorld ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ប្រកាស​គម្រោង​អភិវឌ្ឍន៍ ​Naga 3​ ដែល​នឹង​ត្រូវ​ចំណាយ​លើ​ការ​​វិនិយោគ​ប្រមាណ​ជិត​ ​៤ ​ពាន់​លាន​ដុល្លារ​ នៅ​លើ​ទីតាំង​ដី​​អតីត​អគារ​​ប៊ុលឌិង​។ នេះ​បើ​យោង​តាម​ឯកសារ ​២៩ ​ទំព័រ​ ផ្ញើ​ទៅ​​ផ្សារហ៊ុន​ហុងកុង​។​

សេចក្ដី​ប្រកាស​របស់​ក្រុមហ៊ុន​ គម្រោង​នេះ​ត្រូវ​បាន​យល់​ព្រម​ជា​គោលការណ៍​​ដោយ​រដ្ឋាភិបាល​​រួច​ហើយ​ដើម្បី​សាងសង់​ Naga ​3 ​ដែល​មាន​អគារ​កម្សាន្ត​រួម​គ្នា ​៤ ប្លុក ​កម្ពស់ ​៤២ ​ជាន់​នៅ​លើ​ផ្ទៃ​ដី​ ៧ ៧៥៧​ ម៉ែត្រ​ការ៉េ។​

ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​មក​រដ្ឋាភិបាល​បាន​ផ្តល់​ការ​​យល់​ព្រម​ជា​គោល​ការណ៍​លើក​ទី​២​ បន្ទាប់​ពី​​ក្រុមហ៊ុន​​បាន​​ទិញ​ដី​បន្ថែម​ ៩ ០៨០ ​ម៉ែត្រ​ការ៉េ ​មាន​ទីតាំង​ជាប់​​ដី​អតីត​អគារ​ប៊ុលឌិង​ ដើម្បី​សាងសង់​អគារ​ ​៥ ​ប្លុក​មាន​កម្ពស់់​ ​៦៦ ​ជាន់ ​ដោយ​មាន​មុខងារ​ជា​កន្លែង​​កម្សាន្ត​ សណ្ឋាគារ ​និង​អាផាតមិន។​

ដី​ដែល​មាន​ព្រំ​ប្រទល់​ជាប់​នឹង​​ដី​អតីត​អគារ​ប៊ុលឌិង​មួយផ្នែក​បច្ចុប្បន្ន​ជា​ការិយាល័យ​របស់​ក្រុមហ៊ុន​ ​7NG​ Group។​

ភ្នំពេញ​ប៉ុស្ដិ៍​មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​​​លោក​ ស្រី ​ចន្ធូ ​ប្រធាន​​​ក្រុមហ៊ុន ​7NG Development Co.,Ltd បាន​ទេ​កាល​​ពី​ម្សិលមិញ​​។

អគារ​ដែល​មាន​អាយុ​កាល ​៥ ​​ទសវត្សរ៍​​ ដែល​មាន​ប្រជាជន ​៤៩២ ​គ្រួសារ​រស់នៅ​ត្រូវ​បាន​វាយ​កម្ទេច​ចោល​កាល​​ពី​ឆ្នាំ ​២០១៧ បន្ទាប់​ពី​ដំណោះ​ស្រាយ​មួយ​​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​សហប្រតិបត្តិការ​ជា​មួយ​ Arakawa Co ជា​​​ក្រុមហ៊ុន​អចលនទ្រព្យ​របស់​ប្រទេស ​ជប៉ុន​​ ក្រោម​ការ​សម្រប​សម្រួល​ពី​រដ្ឋាភិបាល​ ដើម្បី​អភិវឌ្ឍ​តំបន់​នេះ។​ ហើយ​​ផែនការ​ដំបូង​​នឹង​សាងសង់​អគារ​កម្ពស់ ​២១ ​ជាន់​ ដោយ​ចំណាយ​​ប្រហែល ​៨០ ​លាន​ដុល្លារ​។​

ប៉ុន្តែ​ក្រោយ​មក​ ពាក្យ​ចចាម​អារ៉ាម ​ត្រូវ​បាន​លេច​ឮថា ​អចលនទ្រព្យ​មួយ​នេះ​នឹង​ត្រូវ​អភិវឌ្ឍ​ទៅ​ជា​ Naga 3 របស់​ក្រុមហ៊ុន ​Naga​Corp ​ដែល​ពេល​នេះ​បាន​ក្លាយ​ជា​ការ​ពិត​។

ក្រុមហ៊ុន​នេះ​​​រំពឹង​ថា នឹង​រក​បាន​ប្រាក់​​​ប្រហែល​ពី ​៣,​៨ ​ពាន់​លាន​ដុល្លារ​​អាមេរិក​ទៅ ៤ ​ពាន់​លាន​​ដុល្លារ​អាមេរិក​ក្នុង​​ការ​ចំណាយ​មូលធន​សម្រាប់​ការ​អភិវឌ្ឍ​គម្រោង Naga 3 ​នេះ។​ នេះ​បើតាម​សេចក្តី​ប្រកាស។​

ក្រុមហ៊ុន​មិន​បាន​បង្ហាញ​តម្លៃ​ទិញ​ដី​នេះ​ទេ​ ប៉ុន្តែ​យោង​ការ​ស្រាវជ្រាវ​មួយ​ដោយ​ក្រុមហ៊ុន​អចលនទ្រព្យ​ Key Real Estate ​​ពី​ដើម​ឆ្នាំ ​២០១៩ ​ដី​នៅ​តំបន់​នេះ​មាន​តម្លៃ​ជា​មធ្យម​ពី ៤ ០០០ ​ដុល្លារ​ទៅ​ ៦ ០០០ ​ដុល្លារ​ក្នុង​ ១ ម៉ែត្រ​ការ៉េ។

​លោក​ ផៃ​ ស៊ីផាន​ អ្នក​នាំពាក្យ​រដ្ឋាភិបាល ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិលមិញ​ថា លោក​បាន​ឮ អំពី​គម្រោង​ Naga 3 ​នេះ​ដែរ តែ​មិន​ផ្លូវ​ការ​។ លោក​ថ្លែង​ថា៖ «​បញ្ហា​នេះ​ចាំបាច់​​ត្រូវ​សួរ​ទៅ​ក្រសួង​សេដ្ឋកិច្ច​ ហើយ​​សម្រាប់​ខ្ញុំ​ព័ត៌មាន​មិន​ផ្លូវ​ការ​ ខ្ញុំ​បាន​ដឹង​ថា រដ្ឋាភិបាល​បាន​យល់​ព្រម​រួច​ហើយ»​។

ប៉ុន្តែ​លោក​​ស្វាគមន៍​គម្រោង​អភិវឌ្ឍន៍​ថ្មី​នេះ​ ដែល​នឹង​នាំ​យក​អត្ថប្រយោជន៍​ប្រាក់​ចំណូល​ពន្ធ​កាន់​តែ​ច្រើន​សម្រាប់​រដ្ឋាភិបាល ​ការ​បង្កើត​ការងារ ​និង​នាំយក​​កំណើន​ទេសចរណ៍​។

លោក ​ម៉ី ​វ៉ាន់​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៅ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិលមិញ​ថា ​មក​ដល់​ពេល​នេះ​ក្រសួង​​មិន​ទាន់​បាន​ទទួល​ឯកសារ​ណា​មួយ​ពី​​ក្រុមហ៊ុន​នេះ​​ពី​ផែនការ​របស់​ពួក​គេ​នៅ​ឡើយ​ទេ​​​។​

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​បាន​ឮថា ​ក្រុមហ៊ុន​នេះ​បាន​ទទួល​ការ​យល់ព្រម​ពី​រដ្ឋាភិបាល​ដែរ​​សម្រាប់​គម្រោង Naga 3 ​នេះ ប៉ុន្តែ​ខ្ញុំ​មិន​អាច​បញ្ជាក់​បាន​យ៉ាង​ណា​នោះ​ទេ ​ផ្ដល់​ព័ត៌មាន​លម្អិត​បាន​ទេ​ ដោយ​សារ​តែ​ក្រសួង​​មិន​ទាន់​ទទួល​បាន​ឯកសារ​ណា​មួយ​នោះ​ទេ​»។​​

លទ្ធផល​​ហិរញ្ញវត្ថុ​ដែល​មិន​ទាន់​ធ្វើ​សវនកម្ម​រយៈពេល ​៣ ខែ​ ឆ្នាំ ​២០១៩ បង្ហាញ​ថា ​ក្រុមហ៊ុន​នេះ​បាន​រក​ប្រាក់​ចំណូល​ពី​ល្បែង​សុទ្ធ​ជាង ​៣២១ ​លាន​ដុល្លារ​ កើន​ឡើង ​៣២ ​ភាគរយ​ធៀប​នឹង​​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។​​

ក្នុង​របាយការណ៍​​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​សម្រាប់​ឆ្នាំ​មុន NagaWorld បាន​បង្ហាញ​កំណើន​ប្រាក់​ចំណូល​ដុល​​​ពី​ការ​លេង​​ល្បែង​​ ​៥៥ ​ភាគរយ​ដល់​ ១,៤ ​ពាន់​លាន​ដុល្លារ ​និង​ប្រាក់​ចំណេញ​​សុទ្ធ​បាន​កើន​ឡើង ​៥៣ ​ភាគរយ​​​ដល់ ​៣៩០,​៦ ​លាន​ដុល្លារ ​ធៀប​នឹង​ឆ្នាំ ​២០១៧។ ​NagaCorp ត្រូវ​បាន​រាយការណ៍​ថា​ ​បាន​បង់​ពន្ធ​លើ​ប្រាក់​ចំណូល ​៨,៨១ ​លាន​ដុល្លារ​កាល​​ពី​ឆ្នាំ​មុន។​​

លោក​ ម៉ី វ៉ាន់​ ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​មុន​ថា រដ្ឋាភិបាល​ប្រមូល​បាន​ប្រាក់​ជាង ​២០ ​លាន​ដុល្លារ​កាល​​ពី​ឆ្នាំ ​២០១៣ ​និង​ឆ្នាំ ​២០១៤។ ប៉ុន្តែ​​លោក​​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នេះ​​ចាំបាច់​ត្រូវ​បង់​​ពន្ធ​លើ​ប្រាក់​ចំណេញ​ផ្សេង​ទៀត​សម្រាប់​ប្រាក់​ចំណូល​មិនមែន​ល្បែង។​

NagaCorp បាន​ដាក់​ឲ្យ​ដំណើរការ​ Naga2 ដោយ​ជោគជ័យ​កាល​ពី​ចុង​ឆ្នាំ ​២០១៧។​ ហើយ​បើ​យោង​តាម​គម្រោង Naga 3 ​នឹង​ត​ភ្ជាប់​ផ្លូវ​ក្រោម​ដី NagaCity Walk ដែល​ត​ភ្ជាប់​ Naga1 និង​ Naga 2​ ដែល​នឹង​បង្ហាញ​​​ផលិតផល​បែប​ការ​រស់នៅ ដែល​មាន​ការ​លេង​ល្បែង ​កន្លែង​មិនមែន​ល្បែង​ និង​​សេវាកម្ម​ផ្សេង​ទៀត ​ដែល​​​​មិន​មាន​នៅ​ Naga 1 និង Naga​ 2​។ នេះ​បើ​​​តាម​​ឯកសារ​នេះ​។

លោក ​សន​ ជ័យ​ ប្រធាន​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​ បារម្ភ​ថា​ កំណើន​​ចំនួន​កាស៊ីណូ​នឹង​ក្លាយ​ជា​កន្លែង​ប្រើប្រាស់​សម្រាប់​​ការ​លាង​លុយ ​ប្រសិន​បើ​រដ្ឋាភិបាល​ខ្វះ​ការ​គ្រប់គ្រង។ លោក​ថ្លែង​ថា​៖ «​នៅ​ពេល​វិធានការ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​លាង​លុយ​នៅ​តែ​មាន​កម្រិត ​យើង​បារម្ភ​ថា ​កាស៊ីណូ​អាច​ជា​កន្លែង​សម្រាប់​ការ​លាង​លុយ»៕LA