ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា ការអនុវត្ត​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច (AIMS) នៅ​ឆ្នាំ ២០២០ សម្រេច​បាន​កិច្ចសន្យា​ទិញ-លក់​ជាង ៨០០ ដែល​មាន​ទឹកប្រាក់​ជាង ២៧ លាន​ដុល្លារ។ នេះ​តាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ ២០២០ និង​ទិសដៅ​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ ២០២១។

គម្រោង AIMS ត្រូវ​បាន​អនុវត្ត​រយៈពេល ៦ ឆ្នាំ​ចាប់ពី​ឆ្នាំ ២០១៧ ដល់​ឆ្នាំ ២០២៣ ក្នុង​ទំហំ​ទឹកប្រាក់​សរុប ៤៥ លាន​ដុល្លារ​ក្នុង​នោះ​មូលនិធិ​អភិវឌ្ឍន៍​កសិកម្ម​អន្តរជាតិ (IFAD) បាន​​ផ្តល់​មូលនិធិ​ចំនួន ៣៦,២៥ លាន​ដុល្លារ និង ៨,៦៨ លាន​ដុល្លារ​បាន​ពី​រដ្ឋាភិបាល​កម្ពុជា។

របាយការណ៍​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញ​ថា ក្រសួង​បានរៀបចំ​ចងក្រង​ក្រុម​កសិករ​ខ្នាតតូច​បាន​ចំនួន ១ ៥៨០ ដែលមាន​កសិករ​ជា​សមាជិក​ចំនួន ៥១ ៣៨៣ គ្រួសារ ស្មើនឹង ៦៨,៥ ភាគរយ​លើ​ផលិតផល​កសិពាណិជ្ជកម្ម រួមមាន ស្រូវ​ប្រណីត មាន់​ស្រែ បន្លែ ដំឡូងមី និង​សូត្រខ្មែរ។

របាយការណ៍​ឲ្យ​ដឹង​ទៀតថា៖ «ក្រសួង​ពាណិជ្ជកម្ម​បាន​សម្របសម្រួល​ឲ្យ​មាន​កិច្ចសន្យា​ទិញ-លក់​រវាង​កសិករ និង​អ្នកប្រមូល​ទិញ និង​រវាង​កសិករ​ជាមួយនឹង​អ្នកផ្គត់ផ្គង់​ធាតុ​ចូល​សរុប​ចំនួន ៨២៧ កិច្ចសន្យា ដែល​មាន​បរិមាណ​សរុប​ចំនួន ១២១ ០៣៧,៨ តោន ដែល​គិត​ជា​ទឹកប្រាក់​ចំនួន ២៦,៩ លាន​ដុល្លារ»។

ក្រសួង​នេះ​ឲ្យ​ដឹង​ទៀតថា៖ «នឹង​បន្ត​សម្របសម្រួល​ជាមួយ​វិស័យ​ឯកជន​ដើម្បី​ពង្រីក​ទីផ្សារ​ក្នុងស្រុក​តាមរយៈ​ការពង្រីក​កិច្ចសន្យា​ទិញ-លក់ និង​ការនាំ​ចេញទៅ​ក្រៅ​ប្រទេស ដោយ​រៀបចំ​មាន​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ដែល​ក្រសួង​មាន​ផែនការ​ចុះ​អនុស្សរណៈ​ជាមួយ​ក្រុមហ៊ុន រោងម៉ាស៊ីន​កិនស្រូវ​ចំនួន ៦ ក្រុមហ៊ុន​ទិញ​បន្លែ​ចំនួន ៥ និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម​ចំនួន ៤ បន្ថែមទៀត»។

តាមរយៈ​គម្រោង AIMS មាន​កសិករ​យ៉ាងហោច​ណាស់ ៧៥ ០០០ គ្រួសារ​ដែល​នឹង​ទទួល​បាន​ប្រយោជន៍​ ដើម្បី​បង្កើន​ចំណូល និង​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ​របស់​ពួកគេ។ គម្រោង​នេះ​នឹង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទៅកាន់​តំបន់​ដែលមាន​សក្តានុពល​ ដើម្បី​ចូល​ទៅកាន់​ទីផ្សារ។

ក្រសួង​ពាណិជ្ជកម្ម​ក៏បាន​ចុះឈ្មោះ​កសិករ​ចូលក្នុង​ប្រព័ន្ធ MIS បាន​ចំនួន ៦១ ៩២៥ គ្រួសារ ស្មើនឹង ៨២,៥ ភាគរយ​ធៀប​នឹង​កសិករ​សរុប​របស់​គម្រោង​ដែលមាន​ចំនួន ៧៥ ០០០ គ្រួសារ​ព្រមទាំង​ផ្តល់​អណ្តូង​ទឹក​ស្រោចស្រព​បំពាក់​ដោយ​ម៉ូទ័រ​បូម​ចំនួន ៣៣៣ ជូន​ខេត្ត​ទាំង ១៨ ក្រោម​គម្រោង AIMS។

ក្រសួង​នឹង​បន្ត​ជំរុញ​កៀរគរ​គ្រួសារ​កសិករ​គោលដៅ​ប្រមាណ ១៣ ០៧៥ គ្រួសារ​ទៀត ស្មើនឹង ១៧,៥ ភាគរយ ដើម្បី​ឈានទៅ​បង្គ្រប់ ១០០ ភាគរយ​នៃ​គ្រួសារ​កសិករ​គោលដៅ​សរុប​ចំនួន ៧៥ ០០០ គ្រួសារ​នៅក្នុង​ឆ្នាំនេះ៕