ភ្នំពេញៈ គម្រោង Naga 3 ដែល​មាន​ទីតាំងនៅ​អតីត​អគារ ប៊ុលឌីង គ្រោង​នឹង​ចាប់ផ្ដើម​ការសាងសង់​នៅ​ចុងខែ​កញ្ញា ឬ​ដើមខែ​តុលា​ឆ្នាំ​ ២០១៩​។ នេះ​បើ​យោងតាម​លោក Tim McNally ដែល​បាន​ប្រាប់​គេហទំព័រ Inside Asian Gaming​។

យោងតាម​គេហទំព័រ​នេះ​លោក Tim McNally ប្រធាន​ក្រុមហ៊ុន Naga Corp បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​បានធ្វើ​បច្ចុប្បន្នភាព​ស្ដីពី​ពេលវេលា​ក្នុងការ​ចាប់ផ្ដើម​ការសាងសង់​នៅ​ចុងខែ​កញ្ញា​ដោយ​រង់ចាំ​ការអនុម័ត​ចុងក្រោយ​នៅក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​។ លោក​ថ្លែង​ថា​៖ «​យើង​មាន​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​ ៨ ខែសីហា​ក្នុង​ការ​សង្ខេប និង​ការទទួល​ការយល់ព្រម​ពី​ភាគ​ទុនិក​ភាគតិច​របស់​យើង ចាប់ពី​នោះមក​យើង​សង្ឃឹម​ថា នឹង​ចាប់ផ្ដើម​ការ​សាងសង់​នៅ​ចុងខែ​កញ្ញា ឬ​ដើម​ខែ​តុលា​»​។

លោក McNally បាន​ប្រាប់ថា ក្រុមហ៊ុន​បានគ្រោង​បង្កើន​ការចំណាយ ៣,៥ ​ពាន់​លាន​ដុល្លារ​ សម្រាប់​ការធ្វើ​សមាហរណកម្ម Naga នៅ​កម្ពុជា និង​ការបង្កើត​ស្ដង់ដា​របស់​ខ្លួន ដើម្បី​ប្រកួតប្រជែង​ជាមួយ​ម៉ាកាវ​។

លោក​បាន​ប្រាប់ Inside Asian Gaming ថា គំរូ​មូលនិធិ​ដែល​ស្នើឡើង​ដែល​ក្នុងនោះ​ ៥០​ ភាគរយ​ផ្សេងទៀត​ នឹង​ត្រូវ​បានរួម​ចំណែក NagaCorp ដោយ​ខ្លួនឯង​ត្រូវ​បាន​ចាត់ទុក​ជា​ជម្រើស​ល្អ​បំផុត​ក្នុងការ​បម្រើ​ភាគទុនិក​ទាំងអស់​។

លោក​ថ្លែង​ថា​៖ «​យើង​គិតថា នោះ​គឺ​ល្អ​បំផុត​ដោយ​មិន​កាត់បន្ថយ​អត្ថប្រយោជន៍​របស់​ភាគទុនិក​ភាគតិច​របស់​យើង ដូច្នេះ​យើង​អាច​បន្ត​ការអនុវត្ត​ភាគលាភ​របស់​យើង និង​គោលនយោបាយ ហើយ​ក៏​កាត់បន្ថយ​ហានិភ័យ​របស់​យើង​ផងដែរ​»​។

ក្រុមហ៊ុន Naga Corp Ltd ដែល​គ្រប់គ្រង NagaWorld ជា​កាស៊ីណូ​មាន​អាជ្ញាប័ណ្ណ​តែ​មួយគត់​នៅ​ទីក្រុង​ភ្នំពេញ​បាន​ប្រកាស​ទឹកប្រាក់ ៣,៥ ​ពាន់​លាន​ដុល្លារ​ ទៅ​ ៤ ​ពាន់​លាន​ដុល្លារ​ សម្រាប់​គម្រោង Naga 3 នៅ​ទីតាំង​អតីត «​អគារ​ប៊ុល​ង​» នៅក្នុង​សង្កាត់​ទន្លេបាសាក់​កាលពី​ខែ​មេសា​។

ក្រុមហ៊ុន​នេះ​បាន​ទទួល​បាន​អនុម័ត​ជាគោលការណ៍​ពី​រដ្ឋាភិបាល​ក្នុង​ការសាងសង់​អគារ​ចំនួន​ ៥ ​ប្លុក​ដែល​មាន​កម្ពស់​ ៦៦ ​ជាន់​ លើ​ផ្ទៃដី​សរុប ១៦ ៨៣៧ ​ម៉ែត្រការ៉េ រួមមាន​កន្លែង​កម្សាន្ត សណ្ឋាគារ ដែល​មាន​ចំនួន ៤ ៧២០ ​បន្ទប់ និង​អាផាតមិន​ផងដែរ​។

លោក ម៉ី វ៉ាន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ពី​ថ្ងៃ​អាទិត្យ​ថា៖ «Naga 3 ទទួល​បាន​ការឯកភាព​ពី​រដ្ឋាភិបាល​ហើយ​ឥឡូវ​គាត់​ទទួល​បាន​អាជ្ញាប័ណ្ណ​សាងសង់ ដូច្នេះ​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​នឹង​ផ្តល់ជូន​នៅពេល​ការសាងសង់​រួចរាល់​ហើយ​ដាក់​ដំណើរការ​សម្រាប់​កាស៊ីណូ​»​។

កាស៊ីណូ NagaWorld បានបង្ហាញ​កំណើន​ប្រាក់ចំណូល​លេង​ហ្គេម​ដុល (GGR) ចំនួន ២២ ​ភាគរយ​រហូត​ដល់​ ៨៧២,៤ ​លាន​ដុល្លារ​អាមេរិក ក្នុង​អំឡុង​ពេល​ ៦ ​ខែ​ដំបូង​ឆ្នាំនេះ​ ជាមួយ​នឹង​កំណើន​ប្រាក់​ចំណេញ ៣៦ ​ភាគរយ​ ដល់ ២៤៥,១ ​លាន​ដុល្លារ​ ក្នុងអំឡុង​ពេលនេះ​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​។

ជាមួយ​នឹង​ការព្យាករ​នាពេល​ថ្មីៗ​នេះ​របស់​ក្រសួង​ទេសចរណ៍​ថា កម្ពុជា​ពិតជា​ត្រូវការ​បន្ទប់​សណ្ឋាគារ​ចំនួន ១០០ ០០០ បន្ថែម​ទៀត​ ដើម្បី​តាម​ឲ្យ​ទាន់​កំណើន​ទេសចរ និង​តម្រូវការ​។ លោក McNally បាន​ឲ្យ​ដឹងថា ការរួមចំណែក​ពី​ក្រុមហ៊ុន​នេះ​នឹង​មាន​សារៈសំខាន់​។

លោក​ថ្លែងថា​៖ «​យើង​មាន​អាជ្ញាប័ណ្ណ​ផ្ដាច់មុខ​រហូត​ដល់​ឆ្នាំ​ ២០៣៥ ហើយ​យើង​ចង់​ពន្យារពេល​អាជ្ញាប័ណ្ណ​នោះ​ឲ្យ​កាន់តែ​យូរ​។ យើង​មាន​ទំនុក​ចិត្ត​ច្រើន​»៕LA