ភ្នំពេញៈ រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ (GACC) ​នៅ​ថ្ងៃ​ពុធ​បាន​ពិនិត្យ និង​វាយតម្លៃ​លើ​កសិដ្ឋាន​ចម្ការ​ស្វាយ​កម្ពុជា​ចំនួន​ ៣ ​ក្នុងចំណោម​ ៣០ និង​រោងចក្រ​ប្រព្រឹត្តិកម្ម​សម្លាប់​សមាសភាព​ចង្រៃ​ចំនួន​ ៤ ដើម្បី​ឈានទៅដល់​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ទីផ្សារ​ចិន​ជា​ផ្លូវការ​។ នេះ​បើតាម​ការអះអាង​របស់ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដោយ​លោក​បង្ហាញ​ក្តីសង្ឃឹម​ថានឹង​ទទួលបាន​លទ្ធផល​វិជ្ជមាន​។

ការវាយតម្លៃ​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ក្រសួងកសិកម្ម​បាន​ផ្ញើ​បញ្ជី​ឈ្មោះ​កសិដ្ឋាន​ចម្ការ​ស្វាយ​ចំនួន​ ៣០ និង​រោងចក្រ​ប្រព្រឹត្តិកម្ម​សម្លាប់​ពងរុយ​ចោះ​ផ្លែស្វាយ​ចំនួន​ ៤ ​ទៅ​ភាគី​ចិន​កាលពី​ខែ​មុន​។

លោក រដ្ឋមន្ត្រី បាន​បន្ថែមថា រដ្ឋបាល​គយ​ចិន​ក្រុង​ណាននីង ខេត្ត​ក្វាងស៊ី បាន​ធ្វើការ​វាយតម្លៃ ជាក់ស្តែង​នៅ​ទីតាំង​កសិដ្ឋាន​ស្វាយ និង​រោងចក្រ​នីមួយៗ តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ពី​ចម្ងាយ (ZOOM)​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា​ការត្រួតពិនិត្យ​វាយតម្លៃ​របស់​រដ្ឋបាល​គយ​ចិន​នឹង​បញ្ចប់​នៅ​ថ្ងៃទី​ ១០ ​នេះ ហើយ​ខ្ញុំ​សង្ឃឹមថា​យើង​អាច​ទទួលបាន​លទ្ធផល​ល្អ​ជាទី​គាប់ចិត្ត​»​។

លោក​បន្ត​៖ «​ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម ខ្ញុំ​សូម​ចូលរួម​អបអរសាទរ និង​សូម​ជូនពរ​ឱ្យ​ទទួលបាន​ជោគជ័យ​ជា​ស្ថាពរ​ដើម្បី​ឈានទៅដល់​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ជា​ផ្លូវការ​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​»​។

បើតាម​លោក​រដ្ឋមន្ត្រី កសិដ្ឋាន​ស្វាយ​ទាំង​ ៣ ​នេះ​រួមមាន កសិដ្ឋាន​របស់​ក្រុមហ៊ុន Angkor Harvest Co., Ltd ក្រុមហ៊ុន UCDL Development Co., Ltd និង​ក្រុមហ៊ុន Bamin Agriculture Hi-Tech Development Co., Ltd​។

ចំណែក​រោងចក្រ​ប្រព្រឹត្តិកម្ម​សម្លាប់​ពងរុយ​លើ​ផ្លៃ​ស្វាយ ដោយ​ប្រើ​ទឹក​ក្តៅ​ (HWT) ​របស់​ក្រុមហ៊ុន Long Wo Agriculture (Cambodia) Co., Ltd ក្រុមហ៊ុន Boeung Ket Fresh Fruits Co., Ltd ក្រុមហ៊ុន AL Jazeelan Food Pte Ltd និង​រោងចក្រ​ប្រព្រឹត្តិកម្ម​ប្រើ​ចំហាយ​ទឹក​ក្តៅ (VHT) របស់​ក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd​។

កាលពី​ខែមករា ឆ្នាំ​ ២០២០ កម្ពុជា​សម្រេចបាន​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ចិន​សម្រាប់​កូតា​នាំចេញ​ផ្លែស្វាយ​ស្រស់ ៥០ ​ម៉ឺន​តោន​ ក្នុង​ ១ ​ឆ្នាំ​។

បុគ្គលិក​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ខាងលើ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាលពី​ថ្ងៃ​ពុធ រដ្ឋបាល​គយ​ចិន​បាន​វាយតម្លៃ​ចម្ការ​ស្វាយ​របស់​ក្រុមហ៊ុន​លោក​ដោយផ្ទាល់​តាម​ប្រព័ន្ធ​ ZOOM ហើយ​សង្ឃឹមថា​ក្រុមហ៊ុន​លោក​នឹង​ជាប់​ពី​ការវាយតម្លៃ​នេះ​។

លោក​ថ្លែងថា​៖ «​អ្វីៗ​ដែល​យើង​បានរៀបចំ​គឺ​យើង​បាន​គោរព​ទៅតាម​ការណែនាំ​របស់​ក្រសួងកសិកម្ម យើង​សង្ឃឹម​ថា​នឹង​ទទួលបាន​ជោគជ័យ​ក្នុង​កិច្ចការ​នេះ​»​។

លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន រីចហ្វាម អេស៊ា ឯ.ក ធ្លាប់​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា លោក​កំពុង​ទន្ទឹងរង់ចាំ​ការសម្រេច​ចុងក្រោយ​ដើម្បី​នាំចេញ​ផ្លែស្វាយ​ស្រស់​ដោយផ្ទាល់​ទៅ​ទីផ្សារ​ចិន​។

លោក​ថា​៖ «​ការនាំចេញ​ស្វាយស្រស់​ទៅ​ប្រទេស​ចិន ​របស់ខ្ញុំ​មិនទាន់​ចាប់ផ្តើម​ទេ​ដោយ​រង់ចាំ​ការសម្រេច​ជា​ចុងក្រោយ​ពី​ភាគី​ចិន​។ បច្ចុប្បន្ន​យើង​នាំចេញ​ផ្លែស្វាយ​ស្រស់​តិចតួច​ទៅ​ទីផ្សារ​ចិន​តាម​ប្រទេស​វៀតណាម​»​។

កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​ក្រៅពី​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​សម្រេចបាន ១ ៥៩៩ ៩២២ ​តោន ​ក្នុង​រយៈពេល ២ ​ខែ​ដើម​ឆ្នាំនេះ ​កើនឡើង ៥៥,២៧ ភាគរយ​ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ ក្នុងនោះ​ផ្លែស្វាយ​មាន​ ៤៣ ៦៨០ ​តោន​៕ LA