ភ្នំពេញៈ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ (GDCE) បានដាក់​ចេញ​នូវ​វិធានការ​ចាំបាច់​មួយ​ចំនួន​ ដើម្បី​ឆ្លើយតប​ជាបន្ទាន់​ចំពោះ​ការខ្វះខាត​វត្ថុធាតុដើម​នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ និង​ស្បែកជើង​នៅ​កម្ពុជា​ដែល​រំខាន​ដោយ​វីរុស ខូវិដ-១៩​។ នេះ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ​។

វិធានការ​នេះ​ធ្វើឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​បង្ហាញ​គោលនយោបាយ​ដើម្បី​គាំទ្រ​វិស័យ​កាត់ដេរ និង​ទេសចរណ៍​ដែល​នឹងរង​ផលប៉ះពាល់​ដោយ​ការដក​មួយផ្នែក​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប និង​ការរីករាលដាល​នៃ​វីរុស​ខូវិដ-១៩​។

វិធានការ​ដែល​បានដាក់​ចេញ​នោះ​មានដូចជា អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ដែលមាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​អនុវត្ត​នីតិវិធី បែបបទ​គយ​នៅ​មុន​ទំនិញ​មកដល់ ដោយ​មិន​តម្រូវ​ឲ្យ​បំពេញ​លក្ខខណ្ឌ​នានា​ដែល​មានចែង​ក្នុង​ចំណុច​ ៣ របស់​គយ​ឡើយ ការផ្តល់​អាទិភាព​ដល់​ទំនិញ​បម្រើ​ឲ្យ​ឧស្សាហកម្ម​កាត់ដេរ និង​ការសម្រួល​ឲ្យ​បាន​ឆាប់​ជា​អតិបរមា​ក្នុង​ការចេញ​លិខិតអនុញ្ញាត​គយ និង​នីតិវិធី​ដឹកជញ្ជូន​ទំនិញ​មក​តំបន់​សេដ្ឋកិច្ច​ពិសេស​។ សេចក្តីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ត្រូវ​រាយការណ៍​បន្ទាន់​នូវ​រាល់​បញ្ហា​ដែល​នាំឲ្យ​មាន​ភាពយឺតយ៉ាវ និង​កកស្ទះ​ជាយថាហេតុ​នៃ​ការបញ្ជូន​ទំនិញ​។

សេចក្ដី​ប្រកាស​នេះ​បន្តថា​៖ «​យើង​ចង់​ជូនដំណឹង​ដល់​មន្ដ្រី​គយ និង​រដ្ឋាករ​ទាំងអស់​ថា ដើម្បី​ធ្វើឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការអនុវត្ត និង​ការជួយ​សម្រួល​លើ​នីតិវិធី​ក្រដាស​ស្នាម​ជាមួយ​គយ​លើ​ការ​នាំចូល​វត្ថុធាតុដើម ដើម្បី​ផ្គត់ផ្គង់​ការផលិត​របស់​រោងចក្រ​កាត់ដេរ​ដែល​បាន​រំខាន​ដោយ​ខូវិដ-១៩ មន្ដ្រី​គយ និង​រដ្ឋាករ​ទាំងអស់​ត្រូវតែ​ចាត់វិធានការ​បន្ទាន់​»​។

ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹងថា កម្ពុជា​បាន​នាំចូល ៦០ ​ភាគរយ​ នៃ​​វត្ថុធាតុដើម​ពី​ប្រទេស​ចិន ដើម្បី​ផ្គត់ផ្គង់​ឧស្សាហកម្ម​កាត់ដេរ និង​ស្បែកជើង​របស់ខ្លួន​។

ការរាលដាល​វីរុស​ខូវិដ-១៩ នៅក្នុង​ប្រទេស​ ចិន​ នឹង​ធ្វើឲ្យ​កម្ពុជា​ប្រឈម​កង្វះ​វត្ថុធាតុដើម ហើយ​រដ្ឋាភិបាល​ប្រទេស​ចិន​បាន​សន្យា​ស្វែងរក​ដំណោះស្រាយ​នេះ​។ នេះ​បើ​យោង​តាម​ស្ថានទូត​ចិន​។

ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​កាលពី​សប្តាហ៍​មុន​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា រោងចក្រ​ចំនួន​ ១០ បាន​អស់​វត្ថុធាតុដើម ដោយសារ​មិនមាន​ការផ្គត់ផ្គង់​ពី​ប្រទេស​ចិន​។ ប៉ុន្តែ​លោក​អះអាង​ថា ភាពអាក្រក់​ខ្លាំង​បំផុត​មិនទាន់​កើតឡើង​នោះទេ​។

លោក ហេង សួរ បាន​ថ្លែងថា​៖ «​នៅក្នុង​ខែមីនា​យើង​អាច​មើលឃើញ​រោងចក្រ និង​សហគ្រាស​ចំនួន​ ២០០ អស់​វត្ថុធាតុដើម​។ សេណារីយោ​ដ៏អាក្រក់​បំផុត​នេះ​គឺថា កម្មករ​ប្រហែល​ ១៦០ ០០០ ​នាក់​ នឹងត្រូវ​ទទួលរង​ផលប៉ះពាល់​»​។

លោក​បញ្ជាក់ថា ការផ្អាក​ការផលិត​នៅ​ប្រទេស​ចិន​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចង្វាក់​ផ្គត់ផ្គង់​ជុំវិញ​ពិភពលោក ពិសេស​នៅ​អាស៊ី​។ លោក​ចង្អុល​បង្ហាញថា រោងចក្រ​ជាច្រើន​នៅ​ប្រទេស​កូរ៉េខាងត្បូង​ត្រូវ​បាន​ផ្អាក​ប្រតិបត្តិការ ដោយសារ​តែ​កង្វះ​វត្ថុធាតុដើម​។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) កាលពី​សប្ដាហ៍​មុន​បាន​សាទរ​នូវ​ការដាក់​ឲ្យ​ចេញ​នូវ​វិធានការ​បន្ទាន់​ដែល​បាន​ធ្វើឡើង​ដោយ​រដ្ឋាភិបាល ជា​ការឆ្លើយតប​នឹង​បញ្ហា​ប្រឈម​របស់​ឧស្សាហកម្ម​កាត់ដេរ​។

GMAC បាន​ឲ្យ​ដឹងថា​សេចក្ដី​ប្រកាស​ជា​ផ្លូវការ​របស់​លោក​នាយក​រដ្ឋមន្ដ្រី បានធ្វើឲ្យ​មាន​ភាព​ធូរស្រាល​ដល់​ការបារម្ភ ហើយ GMAC បង្ហាញ​ការដឹងគុណ​សម្រាប់​វិធានការ​លម្អិត និង​ទាន់ពេលវេលា​ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ជា​អតិបរមា​ដែល​បាន​បង្កឡើង​ដោយ​ការរីក​រាលដាល​វីរុស​ខូវិដ​-១៩ និង​ការដក​មួយផ្នែក​នៃ EBA​។

GMAC បាន​សរសេរ​ថា​៖ «​យើង​នឹង​បន្ត​ចូលរួម​ក្នុងការ​ពិគ្រោះ​យោបល់​ជាមួយ​ក្រសួង និង​ស្ថាប័ន​ជាប់​ពាក់ព័ន្ធ​លើ​ការអនុវត្ត​គោលនយោបាយ​នេះ​ដែល​នឹង​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ឧស្សាហកម្ម​នេះ ហើយ​ច្បាស់​ណាស់​នឹងធ្វើ​វិនិយោគិន​មាន​អារម្មណ៍​ធូរស្រាល​»៕LA

វីដេអូ៖