ភ្នំពេញៈ លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ (GDCE) បាន​អំពាវនាវ​វិស័យ​ឯកជន​ត្រូវធ្វើ​ការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នាយកដ្ឋាន​គយ ដើម្បី​ស្វែងរក​វិធានការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ទូលំទូលាយ​ក្នុង​ការកាត់បន្ថយ​តម្លៃ​សេវា​ដឹកជញ្ជូន​ចំពេល​ការរីក​រាលដាល​នៃ​វីរុស​កូវីដ​ ១៩ និង​ការព្យួរ​មួយផ្នែក​នៃ EBA​។

ការស្នើសុំ​នេះ​បានធ្វើ​ឡើង​កាលពី​សប្ដាហ៍​មុន​ក្នុង​អំឡុង​កិច្ចប្រជុំ​មួយ​ជាមួយ​ក្រុមហ៊ុន​ដឹកជញ្ជូន​ឯកជន និង​ក្រុមហ៊ុន​ផែស្ងួត​ទាំងអស់​នៅ​កម្ពុជា​។ លោក​ថ្លែងថា​៖ «​ប្រតិបត្តិករ​ទាំងអស់​ដែល​រួមមាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​សមាគម​រថយន្ត​ដឹកទំនិញ​កម្ពុជា និង​កំពង់​ផែស្ងួត​ត្រូវ​រួម​កម្លាំង​ជាមួយ GDCE ក្នុង​ការស្វែងរក​វិធានការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ទូលំទូលាយ​ដើម្បី​កាត់បន្ថយ​តម្លៃ​ដឹកជញ្ជូន​នៅ​កម្ពុជា​»​។

បន្ទុក​តម្លៃ​លើកដាក់​ទំនិញ​នៅ​ចំណត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ត្រូវ​បាន​កាត់បន្ថយ​តម្លៃ​ ៥ ​ដុល្លារ​ក្នុង​ ១ កុងតឺន័រ​ទំហំ​ ២០ ​ហ្វីត (TEU) ខណៈ​តម្លៃ​ធៀប​មិន​សមតុល្យ​រវាង​កុងតឺន័រ​ចេញ និង​ចូល ត្រូវ​បាន​កាត់បន្ថយ​ ១២ ​ដុល្លារ​ក្នុង​ ១ ​កុងតឺន័រ​ទំហំ​ ២០ ​ហ្វីត និង​ ៤០ ​ដុល្លារ​សម្រាប់​កុងតឺន័រ​ទំហំ​ ៤០ ​ហ្វីត​។ នេះ​បើ​យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​បាន​មកពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

ទោះបី​យ៉ាងណា​លោក ស៊ិន ចន្ធី ប្រធាន​សមាគម​បញ្ជូន​ទំនិញ​កម្ពុជា (CAMFFA) បាន​ឲ្យ​ដឹងថា បន្ទុក​តម្លៃ​លើកដាក់​ទំនិញ​នៅ​ចំណត និង​តម្លៃ​ធៀប​មិន​សមតុល្យ នៅតែមាន​តម្លៃ​ខ្ពស់​បើ​ធៀប​បណ្ដា​ប្រទេស​ជិតខាង​ថៃ និង​វៀតណាម​។

លោក ស៊ិន ចន្ធី បាន​បន្តថា បច្ចុប្បន្ន​បន្ទុក​តម្លៃ​លើកដាក់​ទំនិញ​នៅ​ចំណត មាន​តម្លៃ​ ១៨០ ​ដុល្លារ​ សម្រាប់​កុងតឺន័រ​ទំហំ​ ២០ ​ហ្វីត និង​ ២៤០ ​ដុល្លារ​សម្រាប់​កុងតឺន័រ​ទំហំ​ ៤០ ​ហ្វីត​។ លើស​ពីនេះ​តម្លៃ​ធៀប​មិន​សមតុល្យ​រវាង​កុងតឺន័រ​ចេញ និង​ចូល​មាន​តម្លៃ​ ២០០ ​ដុល្លារ​សម្រាប់​កុងតឺន័រ ២០ ​ហ្វីត និង​ ៣០០ ​ដុល្លារ​ សម្រាប់​កុងតឺន័រ​ ៤០ ​ហ្វីត​។

លោក ស៊ិន ចន្ធី​ថ្លែងថា​៖ «​យើង​បាន​បញ្ជូន​សំណើ​នេះ​ទៅ​រដ្ឋាភិបាល ហើយ​យើង​មិនទាន់​ទទួល​ការឆ្លើយតប​ពី​រដ្ឋាភិបាល​នៅឡើយ​ទេ រហូត​មក​ដល់​ពេលនេះ ប៉ុន្តែ​យើង​សង្ឃឹមថា រដ្ឋាភិបាល​នឹង​ទទួលយក​សំណើ​នេះ​។ តម្លៃ​ខ្ពស់​នៃ​សេវា​ដឹកជញ្ជូន​នឹង​​ប៉ះពាល់​ដល់​សមត្ថភាព​ប្រកួតប្រជែង​របស់​យើង​»​។

លោក ឃុត សារឿង អគ្គនាយក​ក្រុមហ៊ុន SHA Transport Express បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រុមហ៊ុន​របស់លោក​ជិត​ ៩០ ​ភាគរយ ​ត្រូវបាន​កក់​សម្រាប់​ការដឹកជញ្ជូន​ទំនិញ​ពី SAP បន្ទាប់ពី GDCE បានចេញ​វិធានការ​នានា ដើម្បី​ជួយ​ដល់​វិស័យ​ដឹកជញ្ជូន និង​វិស័យ​កាត់ដេរ ដែល​មាន​ការពិបាក ដោយសារ​ការផ្គត់ផ្គង់​វត្ថុ​ធាតុដើម​មកពី​ប្រទេស​ចិន​។ លោក​បន្តថា​៖ «​ក្រុមហ៊ុន​របស់ខ្ញុំ​បាន​ចូលរួម​ជា​កម្លាំង​រួចហើយ​ជាមួយ​រដ្ឋាភិបាល​»​។

កាលពី​ឆ្នាំមុន​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បានទទួល​ទំនិញ ៦,៥ ​លាន​តោន​កើនឡើង​ ២២,៦ ​ភាគរយ​។ ការ​ចរាចរ​កុងតឺន័រ​បាន​កើនឡើង​ ១៧ ​ភាគរយ​ដល់ ៦៣៣ ០៩៩ TEUs៕LA