ភ្នំពេញៈ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​សម្រេច​អនុញ្ញាត​ឲ្យ​សាខាគយ និង​រដ្ឋាករ​អាច​បើក​ទូ​កុងតឺន័រ​ភ្លាមៗ​ចំពោះ​ទំនិញ​ដែល​មាន​ច្រើន​ម្ចាស់​ (LCL) ​ដែល​នេះ​ជា​វិធានការ​ថ្មី​មួយ​ក្នុង​ការជួយ​សម្រួល​ដល់​ការនាំចេញ និង​នាំចូល​ទំនិញ​នៅ​កម្ពុជា​។

លិខិត​ស្តីពី​ «​ការកែសម្រួល​នីតិវិធី​នៃ​ការគ្រប់គ្រង​ទំនិញ​ក្នុង​កុងតឺន័រ ដែល​មាន​ច្រើន​ម្ចាស់​» និង​ត្រូវបាន​ចុះ​ហត្ថលេខា​ដោយ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​កាលពី​ថ្ងៃទី​ ២៩ មេសា បាន​ឲ្យ​ដឹងថា ការកែសម្រួល​នីតិវិធី​នេះ​គឺ​ក្នុង​គោលបំណង​ជំរុញ​កិច្ចសម្រួល​ពាណិជ្ជកម្ម​បន្ថែមទៀត​ដល់​ធុរជន​នាំចេញ និង​នាំចូល​ទំនិញ​ដោយ​ពុំ​តម្រូវ​ឲ្យ​សាខាគយ និង​រដ្ឋាករ​ពាក់ព័ន្ធ​បំពេញ​បែបបទ​បញ្ចេញ​ទំនិញ​ស្នើសុំ ដើម្បី​បានទទួល​ការអនុញ្ញាត​ពី​អគ្គនាយកដ្ឋាន​គយ​ទៀត​ទេ​។

លិខិត​បាន​បញ្ជាក់ថា​៖ «​ក្នុងន័យនេះ​ប្រធាន​សាខាគយ និង​រដ្ឋាករ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​មាន​សិទ្ធិ​សម្រេច​នៅនឹង​កន្លែង​ដោយ​អនុញ្ញាត​ឲ្យ​កាត់​សៀល​រើ​ទំនិញ​ពី​កុងតឺន័រ​នៃ​មុខទំនិញ​ដែល​មាន​ច្រើន​ម្ចាស់ ដើម្បី​បំពេញ​បែបបទ​បញ្ចេញ​ទំនិញ​ពី​គយ និង​/​ឬ​សម្រាប់​ការរក្សា​ទុក​ក្នុង​ឃ្លាំង​តាម​នីតិវិធី និង​បទប្បញ្ញត្តិ​ជា​ធរមាន​»​។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា​ (CLA) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃអាទិត្យ​ថា ការកែសម្រួល​នីតិវិធី​នឹង​ជួយ​កាត់បន្ថយ​ការកកស្ទះ​ការបញ្ចេញ​ទំនិញ និង​កាត់បន្ថយ​ភាពស្មុគស្មាញ​នៃ​នីតិវិធី​បំពេញ​បែបបទ​បញ្ចេញ​ទំនិញ​។ លោក​បន្តថា ការសម្រួល​នេះ​ក៏​នឹង​ជួយ​ជំរុញ​បន្ថែមទៀត​ដល់​ការបញ្ចេញ​ទំនិញ​ដែល​ជា​វត្ថុធាតុ​ដើម​បម្រើ​ដល់​រោងចក្រ​កាន់តែ​លឿន​រហ័ស​ជាង​មុន​។

លោក​ថ្លែងថា​៖ «​ការសម្រួល​នេះ​ជា​រឿង​ល្អ​កាលពី​មុន​មន្ត្រី​នៅ​កំពង់ផែ​មិន​អាច​មាន​សិទ្ធិ​បើក​កុងតឺន័រ​រើ​ទំនិញ​ភ្លាមៗ​ទេ ទាល់តែ​មាន​លិខិតអនុញ្ញាត​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ប៉ុន្តែ​សព្វថ្ងៃនេះ​ពួកគាត់​អាច​ធ្វើការ​បើក​ទូ​កុងតឺន័រ​ដើម្បី​បញ្ចេញ​ទំនិញ​ជាបន្ទាន់​បាន​»​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹងថា ការកែសម្រួល​នីតិវិធី​នៃ​ការគ្រប់គ្រង​ទំនិញ​ក្នុង​កុងតឺន័រ​ដែលមាន​ច្រើន​ម្ចាស់​នៅពេល​នេះ​នឹង​ជួយ​កាត់បន្ថយ​ពេលវេលា និង​ការចំណាយ​របស់​វិស័យ​ឯកជន​បាន​មួយផ្នែក​។ លោក​ថ្លែងថា​៖ «​យើង​ជា​វិស័យ​ឯកជន​គាំទ្រ​ចំពោះ​វិធានការ​នេះ ការកែសម្រួល​នេះ​ជួយ​ដល់​ការងារ​នាំចេញ​ទំនិញ​ពី​កុងតឺន័រ​បាន​កាន់តែ​លឿន​រហ័ស​»​។

របាយការណ៍​ហិរញ្ញវត្ថុ​ដែល​មិនទាន់​ធ្វើ​សវនកម្ម​របស់​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ​ (PPAP) ផ្ញើ​ទៅ CSX កាលពី​ខែ​មុន​បង្ហាញ​ថា ក្នុង​ត្រីមាស​ទី​ ១ ​នេះ​កំពង់ផែ​រកបាន​ប្រាក់ចំណូល ៧,៦១ ​លាន​ដុល្លារ​កើនឡើង ២៩,៦៤ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ចំនួន ៥,៨៧ ​លាន​ដុល្លារ​។

តួលេខ​លម្អិត​នៃ​លទ្ធផល​អាជីវកម្ម និង​សេវាកម្ម​នៅ​ត្រីមាស​ទី​ ១ របស់​កំពង់ផែ​នេះ​គឺ​បាន​មកពី​ការដឹកជញ្ជូន​ទំនិញ និង​ឧស្ម័ន​ប្រេងឥន្ធនៈ​កើន ៣ ​ភាគរយ ការដឹក​ទំនិញ​កើនឡើង​ ១៤ ​ភាគរយ កុងតឺន័រ​កើនឡើង ២៦ ​ភាគរយ​។ ប៉ុន្តែ​ចំនួន​អ្នកដំណើរ​តាមរយៈ​កំពង់ផែ​បាន​ធ្លាក់ចុះ ២២ ​ភាគរយ និង​ចំនួន​ទូក​ដឹក​អ្នកដំណើរ​ក៏បាន​ធ្លាក់ ៧ ​ភាគរយ​ដែរ​៕ LA