តម្លៃ​គូ​រូបិយប័ណ្ណ​ដុល្លារ​អាមេរិក និង​ដុល្លារ​កាណាដា (USD/CAD) បាន​និង​កំពុង​ប្រែប្រួល​ក្នុង​ទំនោរ​ធ្លាក់ចុះ និង​អាច​បន្ដ​ធ្លាក់​ក្នុង​សប្ដាហ៍​ខាង​មុខ​ទៀត ខណៈ​ពេល​ដែល​តម្លៃ​ប្រាក់​ដុល្លារ​កាណាដា​មាន​សម្ទុះ​ខ្លាំង​ជាង។ ទំនោរ​នេះ បណ្ដាល​មក​ពី​ទំនាក់ទំនង​ទ្វេភាគី​លើ​ផលិតផល​ប្រេង និង​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង ២ ដោយ​កាណាដា​ គឺ​ជា​អ្នក​ផ្គត់ផ្គង់​ប្រេង​ដ៏​ធំ​មួយ​របស់​សហរដ្ឋអាមេរិក ដែល​កំពុង​ដំណើរការ​សកម្មភាព​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើង​វិញ ដែល​ជា​ហេតុ​ជំរុញ​ឱ្យ​មាន​តម្រូវការ​ប្រេង​ច្រើន​ជាង​មុន។

ការ​នាំចេញ​ប្រេង​យ៉ាង​ច្រើន​ទៅ​សហរដ្ឋអាមេរិក​នាពេល​បច្ចុប្បន្ន​នេះ ធ្វើ​ឱ្យ​តម្លៃ​ប្រាក់​ដុល្លារ​កាណាដា​មាន​ភាព​វិជ្ជមាន ហើយ​វិនិយោគិន​ក៏​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​វិភាគ​ទិសដៅ និង​ចាប់​យក​ឱកាស​ជួញដូរ​ដែល​អាច​ទទួល​បាន​ផលចំណេញ​ខ្ពស់។

យោង​តាម​បញ្ជី​ប្រទេស​ផលិត​ប្រេង​ដែល​រៀបរៀង​ដោយ International Energy Agency កាណា​ដា គឺ​ជា​ប្រទេស​មួយ​ដែល​មាន​សេដ្ឋកិច្ច​ពឹង​ផ្អែក​លើ​ការ​ផលិត និង​នាំចេញ​ប្រេង​ទៅ​ក្រៅ​ប្រទេស រួម​ទាំង​ការ​នាំចេញ​ប្រេង​ចំនួន ១ ៧៩៨ ១០១ បារ៉ែល ​ក្នុង ១ ថ្ងៃ ទៅ​កាន់​សហរដ្ឋអាមេរិក​ដោយ​មិន​មាន​ការ​កាត់​ពន្ធ។

ចាប់​តាំង​ពី​ឆ្នាំ ១៩៩៤ មក កាណាដា និង​សហរដ្ឋអាមេរិក មាន​កិច្ច​ព្រមព្រៀង​យោគយល់ និង​អនុគ្រោះ​លើ​ពន្ធ​នាំចេញ​នាំចូល​ដែល​គេ​ហៅ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាងជើង (NAFTA)។ លោក Joe Biden ប្រធានាធិបតី​សហរដ្ឋអាមេរិក​ថ្មី ក៏​បាន​បង្ហាញ​ពី​គោល​បំណង​ក្នុង​ការ​រក្សា​ទំនាក់ទំនង​លើ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​មួយ​នេះ​ឱ្យ​បាន​ល្អ​ប្រសើរ​នៅ​ក្នុង​អាណត្តិ​របស់​ខ្លួន​ផង​ដែរ។

ទន្ទឹម​នឹង​នេះ ប្រទេស​ទាំង ២ មាន​គោល​នយោបាយ​អត្រា​ការប្រាក់​ប្រហាក់ប្រហែល​គ្នា ហើយ​បច្ចុប្បន្ន​មាន​អត្រា​ការ​ប្រាក់​នៅ​ក្បែរ​សូន្យ​ដូច​គ្នា។ កត្ដា​ទាំង​នេះ បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​គម្លាត USD/CAD មិន​ឱ្យ​ប្រែប្រួល​ខ្លាំង​ជាមួយ​នឹង​ហានិភ័យ​ទាប​ក្នុង​ការ​ជួញដូរ។ សម្រាប់​កា​រវិភាគ​លើ​ការ​ជួញដូរ​ក្នុង​សប្ដាហ៍​នេះ វិនិយោគិន​អាច​ជួញដូរ USD/CAD ដោយ​លក់​នៅ​តម្លៃ ១,២៦០០ កំណត់​មុខងារ​ការពារ​ហានិភ័យ​នៅ​តម្លៃ ១,២៦៥០ និង​កំណត់​មុខងារ​កាត់​យក​ប្រាក់​ចំណេញ​នៅ​តម្លៃ ១,២៤៥០៕