
រូបថតអនុស្សាវរីយ៍នៅក្នុងពិធីចុះហត្ថលេខារវាង FASMEC និងក្រុមហ៊ុន SRAM & MRAM។ រូបថត សហការី
ភ្នំពេញៈ សហគ្រិនកម្ពុជាដែលជាសមាជិករបស់សម្ព័ន្ធសមាគម FASMEC ក្នុងពេលឆាប់ៗនឹងអាចបង្ហាញ និងលក់ផលិតផលរបស់ខ្លួននៅលើគេហទំព័រលក់ទំនិញថ្មីមួយ បន្ទាប់ពីសម្ព័ន្ធសមាគមនេះបានប្រកាសកិច្ចព្រមព្រៀងភាពជាដៃគូមួយជាមួយក្រុមហ៊ុនពហុផលិតផល Sram & Mram ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍។
លោក តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានថ្លែងកាលពីថ្ងៃម្សិលមិញថា សម្ព័ន្ធរបស់លោកបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន SRAM & MRAM Resources Limited កាលពីថ្ងៃពុធក្នុងគោលបំណងអភិវឌ្ឍគេហទំព័រ «smexasean.com» ដើម្បីបម្រើជាទីផ្សារមួយក្នុងការភ្ជាប់ទំនាក់ទំនងផលិតផលរបស់កម្ពុជាទៅទីផ្សារក្នុងតំបន់។
លោកបន្ថែមថាក្នុងពេលឆាប់ៗភាគីទាំង ២ នឹងបញ្ចប់កិច្ចព្រមព្រៀងនេះ ដើម្បីរួមគ្នាប្រតិបត្តិការទីផ្សារនេះ ខណៈក្រុមការងារបច្ចេកទេសនេះនឹងដឹកនាំការធ្វើរ៉ូដសូ (Road show) នៅថ្ងៃទី ១៨ ខែមិថុនាឆ្នាំនេះដើម្បីអប់រំសមាជិកប្រហែល ៣០០ របស់សម្ព័ន្ធ FASMEC អំពីអត្ថប្រយោជន៍របស់គេហទំព័រទីផ្សារអនឡាញថ្មីនេះ និងនីតិវិធីក្នុងការបង្ហាញ និងការលក់ទំនិញ។
លោកបានមានប្រសាសន៍ថា៖ «សមាជិករបស់យើងឆាប់ៗនឹងមានគេហទំព័រមួយដើម្បីបង្ហាញ និងលក់ផលិតផលរបស់ពួកគេតាមនីតិវិធីកាន់តែងាយស្រួល និងការចំណាយកាន់តែទាប ដើម្បីឲ្យទៅដល់អតិថិជនជាទិសដៅនៅទីផ្សារអន្តរជាតិ»។ លោកបន្តថា៖ «គេហទំព័រ smexasean.com មានមុខងារដូចទៅនឹងគេហទំព័ររបស់ក្រុមហ៊ុន Alibaba នៅប្រទេសចិនដូច្នេះដែរ ប៉ុន្តែមានតែផលិតផលកម្ពុជាប៉ុណ្ណោះ»។
មិនមានព័ត៌មានលម្អិតដែលអាចរកបានស្ដីពីពេលវេលា និងនីតិវិធីនៅក្នុងការចុះបញ្ជីផលិតផលនៅទីផ្សារអនឡាញនេះនៅឡើយទេ។
យោងតាមលោក តែ តាំងប៉ ក្រុមហ៊ុន SRAM & MRAM សម្រេចបានកិច្ចព្រមព្រៀងស្រដៀងគ្នាដែរជាមួយសមាគម SME នៅក្នុងប្រទេសជាច្រើនក្នុងតំបន់អាស៊ាន លើកលែងតែប្រទេសសិង្ហបុរី និងប្រ៊ុយណេប៉ុណ្ណោះ។
លោក Sailesh Lachu Hiranandani ប្រធាន និងជាស្ថាបនិកក្រុមហ៊ុន SRAM & MRAM Resources Limited បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា គេហទំព័រលក់មួយនេះនឹងជួយម្ចាស់សហគ្រាស SME ឲ្យភ្ជាប់ទំនាក់ទំនងផលិតផលរបស់ពួកគេទៅកាន់ទីផ្សារ។
លោក Sailesh បានថ្លែងឲ្យដឹងទៀតថា៖ «គោលបំណងរបស់គម្រោងនេះនឹងនាំយក SME ឲ្យមកស្ថិតក្រោមដំបូលតែមួយតាមរយៈការផ្ដល់ជូនពួកគេនូវភាពចាំបាច់ក្នុងការបំពេញសកម្មភាពអាជីវកម្មដោយមិនមានការបារម្ភអំពីមូលដ្ឋាននៃការស្វែងរកអ្នកទិញ ឬអ្នកលក់»៕ LA