ភ្នំពេញៈ សមាគម​ធនាគារ​នៅ​កម្ពុជា (ABC) ​តំណាង​ដោយ​លោក អ៊ិន ចាន់នី និង​សភាពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា (AmCham) តំណាង​ដោយ​លោក Allen Tan កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់ (MoU) ​ផ្តោត​លើ​ការអនុវត្ត​គោលការណ៍​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ស្ថិរភាព​នៅក្នុង​សហគមន៍​អាជីវកម្ម​កម្ពុជា​។

លោក ហេង កយ អ្នកគ្រប់គ្រង​ទូទៅ​នៃ​សមាគម​ធនាគារ​នៅ​កម្ពុជា (ABC) ​បាន​និយាយ​ថា ចាប់តាំងពី​សមាជិក​ទាំងអស់​របស់ ABC អនុវត្ត​គោលការណ៍​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ស្ថិរភាព​បាន​ធ្វើឲ្យ AmCham មាន​ការចាប់អារម្មណ៍​ចង់​អនុវត្ត​ជាមួយ​សមាជិក​របស់​ពួកគេ​ដែរ​។

លោក​ថ្លែងថា​៖ «AmCham ពិតជា​គាំទ្រ​ដល់​ការអនុវត្ត​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ស្ថិរភាព​របស់​យើង​ក្នុង​ចំណោម​សមាជិក​របស់​យើង ដូច្នេះ​ជាមួយ​នឹង​ MoU ​នេះ ពួកគេ​នឹង​អនុវត្ត​វា​ជាមួយ​សមាជិក​ទាំងអស់​របស់​ពួកគេ​។ ជាមួយ​គ្នា​នេះដែរ សមាគម​ទាំង​ ២ ​ក៏​នឹង​រៀបចំ​សិក្ខាសាលា​រួមគ្នា​ក្នុង​ការផ្សព្វផ្សាយ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ស្ថិរភាព​តាម​បណ្តា​ខេត្ត​នានា​ដើម្បី​បង្កើន​ការយល់ដឹង​»​។

លោក Allen Tan បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា MoU នេះ​នឹង​លើក​កម្ពស់​កិច្ចសហប្រតិបត្តិការ​រវាង​សមាគម​ទាំង​ ២ ​ដើម្បី​ធ្វើឲ្យ​វិស័យ​ហិរញ្ញវត្ថុ​ដំណើរការ​ប្រកប​ដោយ​ស្ថិរភាព​។

លោក​បន្ថែមថា កត្តា​និរន្តរភាព​បានក្លាយ​ជា​វិមាត្រ​របស់​ក្រុមហ៊ុន​ដ៏សំខាន់​ខ្លាំង​បំផុត​ទូទាំង​ពិភពលោក ជាពិសេស​ក្រុមហ៊ុន​អាមេរិក​។

លោក​ថ្លែងថា​៖ «​ស្ថិត​ក្រោម MoU ​នេះ​យើង​នឹង​ធ្វើការងារ​រួមគ្នា​ជាមួយ ABC និង​សមាជិក​របស់​យើង​ក្នុង​ការដំណើរការ​ព្រឹត្តិការណ៍​នានា ដូចជា​សិក្ខាសាលា ដើម្បី​ជួយ​ក្រុមហ៊ុន​យល់ដឹង​ពី​របៀប​ក្នុង​ការដាក់​បញ្ចូល​ហិរញ្ញវត្ថុ​ប្រកប​ដោយ​និរន្តរភាព​ទៅក្នុង​គំរូ​អាជីវកម្ម​របស់​ពួកគេ​»​។

លោក Allen បន្ថែម​ថា​៖ «​យើង​មាន​ក្រុមហ៊ុន​ជាច្រើន​នៅក្នុង​វិស័យ​ធនាគារ ប៉ុន្តែ​មិនទាន់​ក្លាយ​ជា​ធនាគារ​អាមេរិក​ពេញលេញ​នោះទេ​។ ពិត​ហើយ យើង​ចង់​មើលឃើញ​តំណាង​ដ៏ពេញលេញ​របស់​ធនាគារ​អាមេរិក ហើយ​ខ្ញុំ​គិតថា វា​អាស្រ័យ​លើ​កត្តា​វេលា​។​ ក្រុមហ៊ុន​អាមេរិក​ភាគច្រើន​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ភាពពេញចិត្ត​ជាមួយ​នឹង​សេវា​របស់​វិស័យ​ធនាគារ​នេះ​»​។

របាយការណ៍​ NBC ឆ្នាំ​ ២០១៩ បង្ហាញ​ថា ប្រទេស​កម្ពុជា​មាន​ធនាគារ​ពាណិជ្ជ​ ៤៦ ធនាគារ​ឯកទេស​ ១៥ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ (MFIs) ៨២ ព្រម​ជាមួយ​ប្រតិបត្តិករ​ឥណទាន​ជនបទ​ ២៤៨ ក្រុមហ៊ុន​ភតិសន្យា​ ១៥ និង​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូទាត់​ ២០​។

ផលបត្រ​កម្ចី​របស់​ធនាគារ​បាន​កើនឡើង​ដល់ ២៤,៥ ​ពាន់​លាន​ដុល្លារ រីឯ​ប្រាក់​បញ្ញើ​មាន ២៥,៥ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៩៕LA