ភ្នំពេញ: រដ្ឋាភិបាល​សម្រេច​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី​គោលនយោបាយ​ជាតិ​ដំឡូងមី ២០២០-២០២៥ ក្នុង​គោលបំណង​ដើម្បី​ជំរុញ​ការផលិត​កែច្នៃ​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ១៤ ខែសីហា ។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​គោលបំណង​ដើម្បី​ប្រែក្លាយ​ប្រទេស​កម្ពុជា​ជា​ទីតាំង​ផលិត កែច្នៃ និង​អ្នកផ្គត់ផ្គង់​ផលិតផល​ដំឡូងមី​ប្រកប​ដោយ​និរន្តរភាព​សម្រាប់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្តថា គោលនយោបាយ​ជាតិ​ដំឡូងមី បាន​កំណត់​គោលដៅ​សំខាន់ៗ​ចំនួន ៣ ដែល​រួមមាន ទី​១ ​ការផ្លាស់ប្តូរ​ពី​ផលិតកម្ម​ដំឡូងមី​បែប​ប្រពៃណី ឬ​គ្រួសារ​ឲ្យ​ទៅ​ជា​ផលិតកម្ម​ដំឡូងមី​បែប​ពាណិជ្ជកម្ម និង​ការ​អនុវត្តតាម​គោលការណ៍​បច្ចេកទេស​កសិកម្ម​ដែល​កសិករ​អាច​ទទួល​បាន​ប្រាក់ចំណូល​ខ្ពស់ ការប្រើប្រាស់​ដី​ប្រកប​ដោយ​ចីរភាព និង​កសិកម្ម​វៃឆ្លាត​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ ទី​២ គាំទ្រ​ដល់​អ្នក​កែច្នៃ​ផលិតផល​ដំឡូងមី​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​កែ​ច្នែ​ផលិតផល​ដំឡូងមី​ដែល​មាន​តម្លៃបន្ថែម​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​ក៏ដូចជា​ទាក់ទាញ​ការវិនិយោគ​បន្ថែម​ក្នុង​វិស័យ​ដំឡូងមី និង​ទី​៣ ការលើកកម្ពស់​ភាព​ប្រកួតប្រជែង​ពាណិជ្ជកម្ម​តាមរយៈ​ការជ្រៀតចូល និង​ចាប់យក​ចំណែក​ទីផ្សារ ព្រមទាំង​កែលម្អ​កិច្ចសម្រួល​ពាណិជ្ជកម្ម កាត់បន្ថយ​ចំណាយ​ដែល​មិនចាំបាច់ និង​សម្របសម្រួល​ជាមួយ​អន្តរ​វិស័យ​ដែល​ពាក់ព័ន្ធ​ការនាំចេញ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា​៖ «​ក្នុង​ស្ថានភាព​បច្ចុប្បន្ន និង​អនាគត ដំណាំ​ដំឡូងមី​ដែលជា​ដំណាំ​ធំ​ទី​២ ​បន្ទាប់ពី​ស្រូវ​នឹង​មាន​ការគាំទ្រ​ពិសេស​ដើម្បី​ទាញយក​ផលប្រយោជន៍​ឲ្យ​បាន​ជា​អតិបរមា និង​ការអភិវឌ្ឍ​ដំណាំ​នេះ​ឲ្យ​ក្លាយ​ជា​កម្លាំងចលករ​ដ៏ខ្លាំងក្លា​មួយ​ក្នុង​ការធ្វើ​បដិវត្តន៍​ឧស្សាហកម្ម​នៅ​កម្ពុជា​ឆ្នាំ ២០១៥-២០២៥»​។

សព្វថ្ងៃ ដំឡូងមី គឺជា​ដំណាំ​កសិឧស្សាហកម្ម​ដែល​បាន​នាំចេញ​ដ៏សំខាន់​របស់​ប្រទេស​កម្ពុជា​ដោយ​បាន​រួមចំណែក​ពី ៣ ទៅ ៤ ភាគរយ​ ​នៃ​ផលិតផល​សរុប​ក្នុងស្រុក​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​។

បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​របស់​អង្គការ UNDP ស្តីពី​ការរៀបចំ​ករណី​វិនិយោគ​សម្រាប់​ដំឡូងមី​ដែល​ចេញផ្សាយ​កាលពី​ចុងឆ្នាំ​ ២០១៩ បង្ហាញថា ការវិនិយោគ​លើ​ដំណាំ​ដំឡូងមី​អាច​ទទួលបាន​ផល​ច្រើនជាង​ការវិនិយោគ​ក្នុង​វិស័យ​ផលិតកម្ម​ស្រូវ ចិញ្ចឹមសត្វ ស្បៀងអាហារ និង​ទេសចរណ៍​។

ការសិក្សា​នេះ​បាន​ឲ្យ​ដឹង​ទៀតថា កំណើន​ចំណូល​ពី​សារពើពន្ធ​ផ្ទាល់​សម្រាប់​វិស័យ​ដំឡូងមី​ទទួលបាន​ប្រមាណ ១៣០ ​លាន​ដុល្លារ​ក្នុង​រយៈពេល ១០ ​ឆ្នាំ ដែល​ប្រហាក់ប្រហែល​នឹង​ចំណូល​ពី​ស្រូវ ការចិញ្ចឹម​សត្វ និង​ស្បៀងអាហារ​។ លើកលែងតែ​វិស័យ​ទេសចរណ៍​ដែល​ផ្តល់​ផលចំណេញ​ច្រើន​ជាងគេ​គឺ ១៥១ ​លាន​ដុល្លារ​។

ការអភិវឌ្ឍ​ក្នុង​វិស័យ​ដំឡូងមី​កម្ពុជា​ត្រូវការ​កញ្ចប់​ថវិកា​វិនិយោគ​សាធារណៈ​ចំនួន ២៩៦ ​លាន​ដុល្លារ ខណៈ​ការអភិវឌ្ឍ​វិស័យនេះ​ភាគច្រើន​ពុំទាន់​យកចិត្តទុកដាក់​ខ្ពស់​លើ​ការកែច្នៃ​ក្នុង​ប្រទេស​នោះទេ​។ នេះ​បើតាម​ការសិក្សា​របស់ UNDP​។

មន្ត្រី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​បាត់ដំបង លោក ហេង សិទ្ធិ បាន​ឲ្យ​ដឹងថា ការដាំដុះ​ដំណាំ​ដំឡូងមី​របស់​ប្រជាកសិករ​ក្នុង​ខេត្តបាត់ដំបង បាន​រួចរាល់​ហើយ​លើ​ផ្ទៃដី​ប្រមាណ ១២ ​ម៉ឺន​ហិកតា​។ ដំឡូងមី​ខេត្តបាត់ដំបង ភាគច្រើន​ត្រូវ​បាន​នាំចេញ​ទៅ​ប្រទេស​ថៃ និង​វៀតណាម​។ លោក​បន្តថា កាលពី​ឆ្នាំមុន​ដំឡូងមី​ស្រស់​ក្នុង​ខេត្តបាត់ដំបង មាន​តម្លៃ​ចន្លោះ​ពី ២០០ ​រៀល ទៅ ៣០០ ​រៀល​ប៉ុណ្ណោះ​ក្នុង​ ១ ​គីឡូក្រាម​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​សង្ឃឹមថា គោលនយោបាយ​នេះ​នឹង​ជួយ​លើកកម្ពស់​ទីផ្សារ និង​តម្លៃ​ដំឡូងមី ដើម្បី​រួមចំណែក​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​»​។

របាយការណ៍​ក្រសួង​កសិកម្ម​ឲ្យ​ដឹងថា កម្ពុជា​នាំចេញ​ដំឡូងមី​ជាង​ ៣,២៩ លាន​តោន​ កាលពី​ឆ្នាំ​ ២០១៩ កើន ២៧ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែលមាន​ ២,៥៩ លាន​តោន​៕LA