ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​​​កំពុង​​ព្រាង​គោល​នយោបាយ​ស្តីពី​សេដ្ឋកិច្ច​ឌីជីថល បន្ទាប់​ពី​បាន​​បង្កើត​​ក្រុម​ការងារ​បច្ចេកទេស​មួយ ដោយ​គោល​នយោបាយ​​នេះ​មាន​​​មុខងារ​ជា​ផែនទី​បង្ហាញ​ផ្លូវ​ដើម្បី​បង្កើន​កំណើន​​សេដ្ឋកិច្ច​របស់​កម្ពុជា​​ដែល​មាន​មូលដ្ឋាន​​​លើ​ការ​អភិវឌ្ឍ​បច្ចេក​វិទ្យា​ថ្មី​។

ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​​នៅ​ក្នុង​វេទិកា សាធារណៈ​​ស្ដីពី​ការ​គ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​ច្បាប់​ថវិកា​ឆ្នាំ​ ២០១៩ លោក វង្សី វិស្សុត រដ្ឋ​លេខាធិការ​អចិន្រៃ្តយ៍​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​​​បាន​បង្កើត​ក្រុម​ការងារ​​នេះ​​​​នៅ​ក្នុង​ក្រុម​​ប្រឹក្សា​ឧត្តម​ក្រុម​​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ រួច​មក ក្រុម​​​នេះ​នឹង​ត្រូវ​ការ​ពេល​​វេលា​ ១ ឬ ២ ​ឆ្នាំ​ ​ដើម្បី​​​​បញ្ចប់​​​​សេចក្ដី​ព្រាង​គោល​នយោ​បាយ​នេះ។​ លោក​បន្ថែម​ថា​ គោល​នយោបាយ​នេះ​​​រំពឹង​ថា នឹង​រួច​​រាល់​​​សម្រាប់​ការ​​ដាក់​ឲ្យ​​ដំណើរ​ការ​នៅ​ដើម​ឆ្នាំ​ ២០​២០​។​

លោក​បន្ថែម​ថា​ កម្ពុជា​​បាន​រក្សា​កំណើន​សេដ្ឋកិច្ច​ក្នុង​ល្បឿន​​ដ៏​លឿន​​ក្នុង​រយៈ​ពេល​ ២​ ទសវត្សរ៍​ ហើយ​ប្រទេស​នេះ​នឹង​ចាំ​​បាច់​ត្រូវ​សម្លឹង​មើល​បច្ចេក​វិទ្យា​ថ្មី​ៗ និង​ការ​សម្រប​ខ្លួន​ទទួល​យក​ឌីជីថល​កាន់​តែ​ច្រើន​នៅ​ក្នុង​វិស័យ​ផ្សេង​ៗ​ ដើម្បី​បន្ត​ការ​ទទួល​បាន​ការ​រីក​ចម្រើន​។​

លោក​ថ្លែង​ថា​៖​ «​​បើ​សិន​យើង​​មាន​ក្រុម​នេះ ហើយ​ដាក់​គោល​នយោបាយ​ត្រូវ និង​​ធ្វើ​បានល្បឿន​កំណើន​សេដ្ឋកិច្ច​អាច​នឹង​លឿន​ជាង​មុន ដូច្នេះ​ឆ្នាំ​ ២០៣០ យើង​នឹង​អាច​សម្រេច​បាន​គោល​ដៅ​ប្រែ​ក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​​»។ ​​

លោក វិស្សុត​ បាន​ឲ្យ​ដឹង​ថា​ គោល​នយោបាយ​នេះ​នឹង​ចាំបាច់​ដោះ​ស្រាយ​​ការងារ​ជា​ច្រើន​​ដូច​ជា​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់​ៗ ឡូជីស្ទីក​ ការ​​ត​ភ្ជាប់​ឌីជីថល​ និង​មជ្ឈមណ្ឌល​​​នវានុវត្តន៍​​សម្រាប់​សហគ្រិន​វ័យ​ក្មេង។ ​

លោក​បន្ថែម​​ថា​ ការ​លើក​ទឹក​ចិត្ត​របស់​​​​រដ្ឋាភិបាល ដូច​ជា​ការ​លើក​ទឹក​ចិត្ត​ផ្នែក​ពន្ធ នឹង​ដាក់​បញ្ចូល​​នៅ​ក្នុង​គោល​នយោបាយ​​នេះ ដើម្បី​​ជំរុញ​សហគ្រិន​វ័យ​ក្មេង​ឲ្យ​​​បង្កើន​ការ​បង្កើត​​​ក្រុមហ៊ុន​បង្កើត​ថ្មី​ខាង​​បច្ចេក​វិទ្យា។​

ខណៈ​​​ភាគ​ច្រើន​នៃ​ក្រុមហ៊ុន​ឈាន​មុខ​គេ​​​លើ​ពិភព​លោក កាល​ពី​ ៥០ ​ឆ្នាំ​កន្លង​មក​នេះ គឺ​ជា​​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ លោក វិស្សុត​ បាន​ឲ្យ​ដឹង​ថា និន្នាការ​នេះ​បាន​ផ្លាស់​ប្តូរ​ ហើយ​​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជា​ច្រើន​ បាន​​រក្សា​តួនាទី​ជា​ក្រុមហ៊ុន​ឈាន​មុខ​​គេ​លើ​ពិភព​លោក​ជំនួស​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ទាំង​​នោះ​វិញ​។

លោក​ ធុល​ រិទ្ធី​ សហ​ស្ថាបនិក​គម្រោង​ «គម្ពីរ​»​ ដែល​ស្វែង​រក​ការ​ផលិត​ឧបករណ៍​​អេឡិច​ត្រូនិក​គុណភាព​ខ្ពស់​ និង​​មាន​តម្លៃ​ទាប​នៅ​​ប្រទេស កម្ពុជា​ និង​​ជា​សំឡេង​​ឈាន​មុខ​គេ​មួយ​​របស់​ប្រទេស​ កម្ពុជា ​ខាង​ផ្នែក​បច្ចេក​វិទ្យា​ និង​សហគ្រិន​ភាព​នោះ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ផែន​ការ​របស់​រដ្ឋាភិបាល​សម្រាប់​ការ​បង្កើត​គោល​នយោបាយ​ឆ្ពោះ​ទៅ​រក​សេដ្ឋកិច្ច​ឌីជីថល​ ​គឺ​ជា​គំនិត​ផ្ដួច​ផ្ដើម​ដ៏​ត្រឹមត្រូវ​ ដោយ​សារ​តែ​វា​ជា​និន្នាការ​ឌីជីថល​ ដែល​បច្ចេក​វិទ្យា​នឹង​ធ្វើ​ឲ្យ​មាន​ជីវិត​ សេដ្ឋកិច្ច​ និង​ផ្លាស់​ប្តូរ​អ្វី​ៗ​គ្រប់​យ៉ាង​។​

លោក​​មាន​ប្រសាសន៍​​ថា៖​ «​វា​គឺ​ជា​និន្នាការ​ធម្មតា​ ដែល​ប្រទេស​អភិវឌ្ឍន៍​ និង​ប្រទេស​​កំពុង​អភិ​វឌ្ឍន៍​​ ចាំ​បាច់​ត្រូវ​កំណត់​ទិស​ដៅ​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ឌីជីថល​។ ប្រសិន​បើ​មិន​ធ្វើ​ដូច្នេះ​ទេ យើង​បាត់បង់​សមត្ថភាព​ប្រកួត​ប្រជែង​ ឬ​អាច​មិន​មាន​អ្វី​សោះ​»។

លោក​បន្ត​ថា៖​ «​យើង​ចង់​ឲ្យ​គោល​នយោបាយ​នេះ​​​ដោះ​ស្រាយ​បញ្ហា​របស់​យើង​​​ទាក់ទង​នឹង​ការ​ផ្ដល់​មូលនិធិ និង​កង្វះ​​ការ​បង្ហាត់​បង្ហាញ និង​ផ្ដល់​​ការ​ជួយ​សម្រួល​​​ទាក់ទង​នឹង​​ការ​ចុះបញ្ជី​​ក្រុមហ៊ុន​ និង​ការ​លើក​ទឹក​ចិត្ត​ពន្ធ​​»​៕​ LA