ភ្នំពេញៈ ខណៈ​ផ្សារ​កុង​តឺ​ន័រ​ជា​​គំ​និត​ថ្មី​មួយ​នៅ​កម្ពុជា ដែល​ចូល​មក​​កាល​ពី​ ៣ ​ឆ្នាំ​មុន និង​ទទួល​បាន​ភាព​ពេញ​និ​យម​បំ​​ផុត សម្រាប់​​ទាំង​កន្លែង​កម្សាន្ត ​និង​ហាង​លក់​ទំ​និញ​ នៅ​ពេល​នេះ​​សកម្ម​ភាព​អា​ជីវ​កម្ម​​នេះ​​ត្រូវ​បាន​មើល​ឃើញ​ថា​ កំ​ពុង​ធ្លាក់​​ចុះ​ជា​បន្ត​បន្ទាប់ ​ដែល​វា​​អាច​​​នឹង​បាត់​ទាំង​ស្រុង​នៅ​ថ្ងៃ​​​ណា​មួយ​ក្នុង​ពេល​ឆាប់​ៗ​។​

ផ្សារ​កុង​តឺ​ន័រ​មួយ​ចំ​នួន​នៅ​ទី​​ក្រុង​ភ្នំ​ពេញ​ បា​ន​​បិទ​ទ្វារ​បន្ទាប់​ពី​​ការ​ដំ​ណើរ​ការ​ទើប​តែ​ ១ ​ឆ្នាំ ខ​ណៈ​គម្រោង​ផ្សេង​ទៀត​​បាន​​ផ្អាក​​​។​

ផ្សារ​កុង​តឺ​ន័រ​ ដែល​មាន​ទី​តាំង​​​នៅ​បឹង​កក់ ​ត្រូវ​បាន​បិទ​ទ្វារ​ ប​ន្ទាប់​ពី​ប្រ​តិ​បត្តិ​ការ​រយៈ​ពេល​មួយ​ឆ្នាំ ​ហើយ​ទី​តាំង​នេះ​នៅ​ពេល​​នេះ​​បាន​​​ប្រែ​ក្លាយ​ទៅ​ជា​​មជ្ឈ​មណ្ឌល​កម្សាន្ត​​មាន​មូល​ដ្ឋាន​អា​ជីវ​កម្ម​ផ្សេង​ទៀត​។​

ផ្សារ​កុង​តឺ​ន័រ ​២០៤០ ​គឺ​ជា​គម្រោង​​ទី​ផ្សារ​កុង​តឺ​ន័រ​ឈា​ន​មុខ​​គេ​ទី ២ ​នៅ​ទី​ក្រុង​ភ្នំ​ពេញ ​ត្រូវ​​​បាន​ទុក​ចោល​មិន​អភិ​វឌ្ឍ​។

​មាន​​ទី​តាំង​នៅ​តាម​បណ្ដោ​យ​ម​ហា​វិ​ថី​ សុ​ធា​រស​ នៅ​ជិត​សណ្ឋា​គារ​សូ​ហ្វី​តែល​ ផ្សារ​នេះ​​ពី​​​មុន​ត្រូវ​បាន​គ្រោង​នឹង​បើក​ដំ​ណើរ​ការ​​នៅ​ចុង​ឆ្នាំ​ ២០១៧​។​

ស្ថិត​នៅ​ជិត​ស្ថាន​ទូត​រុស្ស៊ី ​ផ្សារ​​​​កុង​តឺ​ន័រ​ Jet គឺ​ជា​គំ​រូ​ដំ​បូង​នៃ​​ផ្សារ​កុង​តឺ​ន័រ​​នៅ​កម្ពុជា​ និង​ជា​ផ្សារ​កុង​តឺ​ន័រ​តែ​មួយ​គត់​នៅ​ទី​ក្រុង​ភ្នំ​ពេញ​ ដែល​នៅ​តែ​កំ​ពុង​ដំ​ណើរ​ការ​នៅ​ឡើយ ​ប៉ុន្តែ​និ​ន្នា​​ការ​កំ​ពុង​បង្ហាញ​ពី​ការ​ធ្លាក់​​ចុះ​​ ខណៈ​តូប​ជា​ច្រើន​ត្រូវ​បាន​បិទ​ទ្វារ ហើយ​មិន​សូវ​មាន​មនុស្ស​ចូល​ដូច​មុន​ទៀត​ទេ។​

​​លោក ​ឆាយ ​សុ​ភ័ណ្ឌ ​ប្រ​ធាន​​គម្រោង​ផ្សារ​កុង​តឺ​ន័រ​ Jet បាន​ឲ្យ​ដឹង​ថា​ អា​ជីវ​កម្ម​​បាន​​​ធ្លាក់​ចុះ​​ជិត​ ៥០ ​ភាគ​រយ​ ខណៈ​អា​​ជី​វ​ករ​មួយ​ចំ​នួន​ បាន​សម្រេ​ច​​ចិត្ត​បិទ​ទ្វារ​ហាង​របស់​ពួក​គេ​។​

លោក​ថ្លែង​ថា​៖ «​ផ្សារ​កុង​តឺ​ន័​រ​ មាន​ដំ​ណើរ​ការ​យឺត ​ប្រតិ​បត្តិ​ការ​​​អា​ជីវ​កម្ម​​​ធ្លាក់​ចុះ​ ៥០ ​ភាគ​រយ​​ ខណៈ​អា​ជី​វករ​ខ្លះ​​បោះ​បង់​ចោល​អា​ជីវ​កម្ម​របស់​ពួក​គេ​»​។​

ប៉ុន្តែ​លោក​​ឲ្យ​ដឹង​ថា ​នៅ​ពេល​​នេះក្រុម​ហ៊ុន​​​កំ​ពុង​ព្យា​យាម​​​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ថ្មី​ ដើ​ម្បី​ទាក់​ទាញ​​​ភ្ញៀវ​​ និង​អតិ​ថិ​ជន​​​ឲ្យ​ចូល​​មក​លេង​ និង​កម្សាន្ត​។

​លោក​ថ្លែង​ថា​៖ «​ការ​បិទ​​ទ្វារ​នៅ​ផ្សារ​នេះ​ វា​ប៉ះ​ពាល់​​ដល់​មុខ​មាត់​​ទី​ផ្សារ​នេះ​ផង​​​​ដែរ ​ដូច្នេះ​ក៏​​​ភ្ញៀវ​ធ្លាក់​ចុះ​ផង​ដែរ​ ​ពេល​នេះ​យើង​​​កំ​ពុង​រៀប​ចំ​គំ​និត​ថ្មី​ ដើ​ម្បី​រក្សា​​​គុណ​ភាព និង​​ទាក់​ទាញ​អតិ​​ថិ​ជន​កាន់​តែ​ច្រើន​​​»​។​

​អ្នក​ស្រី​ ជា សុ​ខា​ណា​រិន​ ម្ចាស់​​ហាង​លក់​សម្លៀក​បំ​ពាក់ នៅ​ផ្សារ​កុង​តឺ​ន័រ Jet បាន​ឲ្យ​ដឹង​ថា ​បើ​ធៀប​នឹង​ឆ្នាំ​ដំ​បូង​នៅ​ទី​នេះ ​​អា​ជីវ​កម្ម​អ្នក​ស្រី​ពិត​ជា​ល្អ​ខ្លាំង​ណាស់។ ​

អ្នក​ស្រី​ថ្លែង​ថា​៖ «​​ប្រតិ​បត្តិ​ការ​អា​ជីវ​កម្ម​​ឆ្នាំ​ដំ​បូង​នៅ​ទី​នេះ​គឺ​ល្អ​ណាស់ តែ​ចាប់​តាំង​ពី​​មាន​​ផ្សារ​កុង​តឺ​ន័រ​ជា​ច្រើន​ត្រូវ​បាន​បង្កើត ទី​ផ្សារ​នេះ​ត្រូវ​បាន​ចែក​រំ​លែក ហើយ​ប្រាក់​ចំ​ណេញ​ក៏​ធ្លាក់​ចុះ​ អា​ជីវ​ករ​ជា​ច្រើន​​បាន​បោះ​បង់​ចោល​​ ដោយ​សារ​ពួក​គេ​​មិន​អាច​មាន​លទ្ធ​ភាព​បង់​ថ្លៃ​ឈ្នួល​​»​។​​

អ្នក​ស្រី​​​ឲ្យ​ដឹង​ថា ពេល​នេះ​អ្នក​ស្រី​កំ​ពុង​បង្កើន​កា​រ​លក់​​ជា​ចម្បង​​ផ្អែក​លើ​អន​ឡា​ញ​ ដើ​ម្បី​​សង្គ្រោះ​អា​ជីវ​កម្ម​របស់​អ្នក​ស្រី​​។​

ទោះ​បី​យ៉ាង​នេះ​ក្តី​ ​អ្នក​​ស្រី​មាន​ទំ​នុក​ចិត្ត​ថា ​កន្លែង​នេះ​នឹង​នៅ​តែ​រក្សា​ប្រ​តិ​បត្តិ​ការ​រយៈ​ពេល​យូរ​ទៀត។​

អ្នក​ស្រី​បញ្ជាក់​ថា​៖ «​ខ្ញុំ​ជឿ​ជាក់​លើ​ម្ចាស់​ផ្សារ​កុង​តឺ​ន័រ ​ដោយ​​សារ​តែ​លោក​តែង​តែ​ធ្វើ​ការ​​ផ្លាស់​ប្តូរ​ និង​ធ្វើ​ឲ្យ​ប្រ​សើ​រ​​​នូវ​គំ​និត​អា​ជីវ​កម្ម​ ដើ​ម្បី​ទាក់​ទាញ​អតិ​ថិ​ជន​កាន់​តែ​ច្រើន​»​។

​លោក តែ ​តាំង​ប៉ ប្រ​ធាន​ស​ម្ព័ន្ធ​​សមា​គម​សហ​គ្រាស​ធុន​​តូច និង​មធ្យម​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា ការ​​កម្រិត​ជំ​នាញ និង​ការ​គ្រប់​គ្រង​នៅ​ក្នុង​ស​ហ​គ្រាស​ធុន​តូច ​និង​មធ្យម​ SME ភាគ​ច្រើន​​​​ចម្លង​គំ​រូ​អា​ជីវ​កម្ម​តាម​គ្នា​​ ជា​ជាង​ការ​បង្កើត​ខ្លួន​ឯង ដូ​ច្នេះ​ការ​ប​រា​ជ័យ​របស់​ផ្សារ​​កុង​តឺ​ន័រ​ គឺ​ជា​មូល​ហេតុ​នៃ​ការ​ចម្លង​គំ​រូ​នោះ​។​

លោក​ថ្លែង​ថា​៖ «​​ដោយ​សារ​តែ​ការ​ចម្លង​គំ​រូ​អា​ជីវ​កម្ម​ យើង​បាន​មើល​ឃើញ​​ភាព​ជោគ​ជ័យ​របស់​ពួក​គេ​ វា​​មិន​មាន​ន័យ​​ថា អ្នក​ធ្វើ​តាម​​គេ​នឹង​ទទួល​បាន​ជោគ​ជ័យ​​នោះ​ទេ​ យើង​ត្រូវ​ការ​គិត​អំ​ពី​ការ​ប្រ​កួត​ប្រ​ជែង ​តម្លៃ និង​ចំ​ណែក​ទី​ផ្សារ​»​។

លោក​បាន​បន្ត​ថា​៖ «​អា​ជីវ​ករ​វ័​យ​ក្មេង​ភាគ​ច្រើន​ គ្រាន់​តែ​ធ្វើ​តាម​គេ​ប៉ុណ្ណោះ​ និង​ធ្វើ​អា​ជីវ​កម្ម​ដូច​គ្នា​ នៅ​ក្នុង​ទី​តាំង​​​ដូច​គ្នា​ តើ​អា​ជីវ​កម្ម​នោះ​​ទទួល​បាន​ជោគ​ជ័យ​ដូច​ម្ដេច​ ខណៈ​ដែល​ពួក​គេ​​មិន​មា​ន​​ជំ​នាញ​គ្រប់​គ្រាន់​ និង​ការ​គ្រប់​គ្រង​​ត្រឹម​ត្រូវ​នោះ​»៕​LA