ក្រុងសានហ្វ្រានស៊ីស្កូៈ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ឲ្យ​ដឹង​នៅក្នុង​របាយការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ​ថា គំរូ​អាជីវកម្ម​ប្រមូល​ទិន្នន័យ​របស់​ក្រុមហ៊ុន Facebook និង​ក្រុមហ៊ុន Google បង្ហាញ​ពី​ការគំរាម​កំហែង​មួយ​ដល់​សិទ្ធិមនុស្ស​ជុំវិញ​ពិភពលោក​។

អង្គការ Amnesty International បាន​លើកឡើង​ថា ការផ្ដល់ជូន​មនុស្ស​នូវ​សេវា​អនឡាញ​ដោយ​មិន​គិត​ប្រាក់ ហើយ​បន្ទាប់មក​ប្រើប្រាស់​ព័ត៌មាន​របស់​ពួកគេ ដើម្បី​កំណត់​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​រកប្រាក់ ធ្វើឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​គ្រប់បែបយ៉ាង​ដែល​រួមទាំង​សេរីភាព​នៃ​ការបញ្ចេញ​គំនិត និង​មតិ​ផងដែរ​។

អង្គការ​នេះ​បាន​ឲ្យ​ដឹង​នៅក្នុង​របាយការណ៍ «Surveillance Giants » របស់ខ្លួន​ថា​៖ «​ទោះបី​ជា​សេវា​ដែល​ពួកគេ​ផ្ដល់​មាន​តម្លៃ​ពិតប្រាកដ​ក៏ដោយ ក៏​គេហទំព័រ​របស់​ក្រុមហ៊ុន Google និង​ក្រុមហ៊ុន Facebook ធ្វើឡើង​ក្នុង​គ្រា​ដែល​មាន​ការខាតបង់​ជា​ប្រព័ន្ធ​»​។

របាយការណ៍​នេះ​បាន​បន្តថា​៖ «​គំរូ​អាជីវកម្ម​ដែល​មាន​មូលដ្ឋាន​លើ​ការឃ្លាំមើល​របស់​ក្រុមហ៊ុន​ទាំង​ ២ ​នេះ​បង្ខំ​ឲ្យ​អតិថិជន​លះបង់​អ្វី​គ្រប់យ៉ាង ដើម្បី​រីករាយ​នឹង​សិទ្ធិមនុស្ស​អនឡាញ​តាមរយៈ​ការចុះឈ្មោះ​ទៅកាន់​ប្រព័ន្ធ​មួយ​ដែល​រំលោភ​សិទ្ធិមនុស្ស​»​។

ជាមួយ​នឹង​ការឃ្លាំមើល​គ្រប់​ទីកន្លែង ក្រុមហ៊ុន​អនឡាញ​ឈានមុខ​គេ​ទាំង​ ២ ​នេះ​អាច​ប្រមូល​ចំនួន​ទិន្នន័យ​ជាច្រើន ដែល​អាច​ត្រូវបាន​ប្រើប្រាស់​ប្រឆាំងនឹង​អតិថិជន​របស់​ពួកគេ​។ នេះ​បើ​យោងតាម​អង្គការ​សិទ្ធិមនុស្ស​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​មួយ​នេះ​។

អង្គការ Amnesty International បាន​បញ្ជាក់ថា គំរូ​អាជីវកម្ម​នេះ​ «​គឺ​មិនត្រូវ​គ្នា​ជាមួយ​សិទ្ធិ​ឯកជន​នោះទេ​»​។

របាយការណ៍​នេះ​បាន​បញ្ជាក់ថា ក្រុមហ៊ុន​នៅ​តំបន់​បច្ចេកវិទ្យា Silicon Valley ទាំង​ ២ ​នេះ​បាន​បង្កើតឡើង «​ភាពលើសលប់​លើ​ស្ទើរតែ​ទាំងស្រុង​ទៅលើ​បណ្ដាញ​សំខាន់ៗ​តាមរយៈ អតិថិជន​ដែល​ភ្ជាប់​ខ្លួន និង​ចូលរួម​ជាមួយ​ពិភពលោក​អនឡាញ​» ដែល​ផ្ដល់​ជូន​ពួកគេ​នូវ​អំណាច​ដែល​មិន​ធ្លាប់​មាន​ជុំវិញ​ជីវិត​របស់​អតិថិជន​។

លោក Kumi Naidoo អគ្គលេខាធិការ​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ​បាន​ថ្លែងថា​៖ «​ក្រុមហ៊ុន Google និង​ក្រុមហ៊ុន Facebook គ្របដណ្ដប់​លើ​ជីវិត​ដ៏​ទំនើប​របស់​ពួកយើង ដែល​ប្រមូល​អំណាច​ដែល​មិន​ស្របគ្នា ជុំវិញ​ពិភព​ឌីជីថល​តាមរយៈ​ការប្រមូល និង​ការរក​ប្រាក់​ពី​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អតិថិជន​រាប់ពាន់​លាន​នាក់​»​។

លោក​បន្តថា​៖ «​ការគ្រប់គ្រង​ដោយ​កលល្បិច​របស់​ពួកគេ​នៃ​ជីវិត​ឌីជីថល​របស់​យើង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ខ្លឹមសារ​នៃ​សិទ្ធិឯកជន និង​ជា​បញ្ហា​ប្រឈម​មួយ​ក្នុងចំណោម​បញ្ហា​ប្រឈម​សិទ្ធិមនុស្ស​ដែល​កំណត់​ជាច្រើន​នៃ​យុគសម័យ​របស់​យើង​»​។

របាយការណ៍​នេះ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​នានា​អនុវត្ត​គោលនយោបាយ​ដែល​ធានា​បាន​លទ្ធភាព​ទទួលបាន​សេវា​អនឡាញ ខណៈ​ការពារ​សិទ្ធិ​ឯកជន​អ្នកប្រើប្រាស់​។

អង្គការ​នេះ​បញ្ជាក់ថា​៖ «​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​មួយ​ក្នុង​ការការពារ​ប្រជាជន​មិន​ឲ្យ​មាន​ការរំលោភ​សិទ្ធិមនុស្ស​ដោយ​ក្រុមហ៊ុន​»៕ LA