វ៉ាស៊ីន​តោនៈ​ លោក ​Larry​ Kudlow ​ទី​ប្រឹក្សា​សេដ្ឋកិច្ច​នៅ​សេតវិមាន​ បាន​និយាយ​សម្រាល​របាយ​ការណ៍​នៃ​ការ​សម្រេច​បាន​​​នៅ​ក្នុង​ការ​ចរចា​ពាណិជ្ជកម្ម​របស់​អាមេរិក ​និង​ចិន​ ប៉ុន្តែ​លោក​បាន​ឲ្យ​ដឹង​ថា ការ​រីក​ចម្រើន​​ក្នុង​ការ​ដំណើរ​ការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​។​

លោក ​Larry ​Kudlow ​នា​យក​​​ក្រុម​​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ ​បាន​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន​​ Fox Business ថា​៖ «​​យើង​បាន​ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​មួយ​ចំនួន​ជា​មួយ​ប្រទេស​ ចិន​ នៅ​ក្នុង​​កិច្ច​ប្រជុំ​របស់​តំណាង​ពាណិជ្ជកម្ម​​​នៅ​​ទីក្រុង​ប៉េកាំង​»​។

ប៉ុន្តែ​លោក​បន្ថែម​ថា​៖ «​​មិន​មាន​​អ្វី​ត្រូវ​បាន​ដោះ​ស្រាយ​នោះ​​ទេ ​មិន​មាន​អ្វី​នៅ​លើ​ក្រដាស​នោះ​ទេ ​មិន​មាន​កិច្ច​ព្រមព្រៀង​ទេ​»​។​

លោក​បញ្ជាក់​ថា ​សេចក្ដី​រាយ​ការណ៍​ព័ត៌មាន​ថ្មី​ៗ​នេះ អំពី​កិច្ច​ព្រមព្រៀង​មួយ​ដែល​ជិត​សម្រេច​​​នេះ​ បាន​​​មិន​ច្បាស់​លាស់​​​ទេ​។​​

ទី​ភ្នាក់ងារ​ ​Bloomb​erg​​ បាន​​រាយ​ការណ៍​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ថា ​ទីក្រុង​ប៉េកាំង ​បាន​ស្នើ​សុំ​លុប​ចោល​​អតិរេក​ពាណិជ្ជកម្ម​ដែល​កើន​ឡើង​ជា​មួយ​អាមេរិក​​រយៈ​ពេល​ ៥ ​ឆ្នាំ​។​

អាមេរិក ​បាន​បញ្ជូន​គណៈ​ប្រតិភូ​មួយ​ក្រុម​ដែល​ដឹក​នាំ​ដោយ​ លោក Jeffrey Gerrish ​តំណាង​ពាណិជ្ជកម្ម​អាមេរិក​ ទៅ​​ទីក្រុង​ប៉េកាំង​ កាល​ពី​ដើម​ខែ​​​នេះ​ ជា​កន្លែង​ដែល​ពួក​គេ​បាន​​​រៀបចំ​ការ​ចរចា​ជា​មួយ​​ក្រសួង​ការ​បរទេស​​របស់​​ចិន​ដើម្បី​ស្វែង​រក​​មធ្យោបាយ​ ក្នុង​ការ​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ពួក​គេ​។​

លោក Liu He ឧប​នាយក​រដ្ឋមន្ដ្រី​ ជា​ប្រធាន​​អ្នក​ចរចា​របស់​​​​ចិន​ ស្ដីពី​ជម្លោះ​ពាណិជ្ជកម្ម​ ជា​មួយ​អាមេរិក​ គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​វ៉ាស៊ីនតោន​ នៅ​ថ្ងៃ​ទី​ ៣០ និង​ ៣១​ ​ខែ​មករា​ សម្រាប់​ការ​ចរចា​ជុំ​បន្ទាប់​។​

កាល​ពី​ខែ​ធ្នូ ​លោក​ប្រធានាធិបតី​ ត្រាំ និង​​លោក ​ស៊ី ជីន​ភីង ​មេ​ដឹកនាំ​របស់​ប្រទេស ​ចិន ​បាន​យល់ព្រម​​ក្នុង​ការ​បញ្ឈប់​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ពួក​គេ​រយៈ​ពេល​ ៣ ​ខែ​។​

ទីក្រុង​វ៉ាស៊ីន​តោន​​បាន​ផ្អាក​ផែន​ការ​បង្កើន​ពន្ធ​នាំចូល​លើ​ទំនិញ​របស់​​​ចិន ដើម្បី​​ផ្ដល់​ឱកាស​ដល់​អ្នក​ចរចា ក្នុង​ការ​ស្វែងរក​ដំណោះ​ស្រាយ​មួយ​ចំពោះ​ជម្លោះ​នេះ៕​ AFP/LA​