ភ្នំពេញ៖ សមាគម​ធនាគារ​នៅ​កម្ពុជា (ABC) និង​សមាគមមី​ក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) បាន​សម្រេច​លើកលែង​ការ​បង់​ការ​ប្រាក់​រយៈពេល ២ ខែ​ដល់​អតិថិជន​ខ្លួន​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ដែល​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ស្នើសុំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ស្នើសុំ​កាល​ពី​ពេល​ថ្មីៗ​នេះ។

កាល​ពី​ថ្ងៃទី ១០ ខែ​មេសា​នេះ ក្នុង​ឱកាស​ថ្លែងសារ​ពិសេស​អំពី​ស្ថានភាព​កូវីដ ១៩ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​អំណរគុណ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ដែល​បាន​ចេញ​នូវ​វិធានការ ៦ ចំណុច ដើម្បី​សម្រួល​ដល់​អតិថិជន​របស់​ខ្លួន​ដែល​រង​ផល​ប៉ះពាល់​ពី​ព្រឹត្តិការណ៍ ២០ កុម្ភះ ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​ស្នើសុំ​ឲ្យ​មាន​ការ​ពន្យារពេល​នៃ​ការ​សង​ត្រឡប់​បន្ថែម​ទៀត ដើម្បី​ទុក​ពេល​វេលា​សម​ស្រប​ដល់​អតិថិជន​ដែល​រងគ្រោះ។

យោង​តាម​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​របស់​សមាគម​ទាំង ២ ​ខាង​លើ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា តប​ទៅ​នឹង​អនុសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សមាគម​ទាំង ២ សូម​ទទួល​យក និង​អនុវត្ត​តាម ដោយ​ធ្វើ​បច្ចុប្បន្ន​ភាព​កែ​សម្រួល​បន្ថែម​នូវ​គោល​ការណ៍​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២១ ដល់​អតិថិជន​ដែល​ឆ្លង​ជំងឺ​កូវីដ ១៩ ដោយ​បាន​លើកលែង​ការ​បង់​ការ​ប្រាក់​រយៈពេល ២ ខែ ហើយ​សម្រាប់​អតិថិជន​ដែល​ជាប់​ធ្វើ​ចត្តាឡីស័ក​នឹង​ផ្តល់​ការ​រៀបចំ​ឥណ​ទាន​ឡើង​វិញ​ដោយ​ស្វ័យ​ប្រវត្តិ (ប្រសិន​បើ​អតិថិជន​យល់​ព្រម) រួម​ទាំង​ពន្យារ​ការ​បង់​ទាំង​ប្រាក់​ដើម​រយៈ​ពេល ៣ ខែ។ ដោយ​ឡែក​ក្នុង​ករណី​ចាំបាច់​នានា​ដែល​ជា​តម្រូវ​ការ​របស់​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូវីដ ១៩ សូម​ធ្វើ​ការ​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូ​ហិរញ្ញវត្ថុ។

«សមាគម​សូម​បញ្ជាក់​ជំហរ​ជា​ថ្មី​ថា ក្នុង​រយៈពេល​ដ៏​លំបាក​នេះ នឹង​មិន​មាន​ការ​ផាក​ពិន័យ​ចំពោះ អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូវីដ ១៩» នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍៕