ភ្នំពេញៈ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​កម្ពុជា​ កំពុង​ចាប់​ផ្ដើម​ចូលរួម​ពង្រឹង​ហិរញ្ញប្បទាន​ប្រកប​ដោយ​​​ដោយ​​ចីរភាព​ និង​ការ​​ទទួល​​ខុស​ត្រូវ​ដើម្បី​គាំទ្រ​ការ​សម្រេច​បាន​ទិសដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​​របស់​អង្គការ​សហប្រជាជាតិ​ (SDG​)​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រួម​។ ​នេះ​បើ​​​តាម​អង្គការ​ Oxfam​។

ការ​ពិភាក្សា​ជុំវិញ​​ហិរញ្ញវត្ថុ​ប្រកប​ដោយ​​ចីរភាព​នៅ​ក្នុង​ប្រទេស ​កម្ពុជា ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ម្សិលមិញ​ នៅ​ទីក្រុង​ភ្នំពេញ​ ដែល​មាន​ការ​ចូលរួម​ដោយ​តំណាង​គ្រឹះស្ថាន​​ហិរញ្ញវត្ថុ​ជាង ​២០ ​នៅ​កម្ពុជា​។​​

កិច្ច​ពិភាក្សា​ដែល​ត្រូវ​បាន​រៀប​​ចំ​ឡើង​ដោយ​អង្គការ ​Oxfam ​នៅ​កម្ពុជា ​និង​ CSR ​Asia​ ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួច​ផ្ដើម​អាស៊ី​ហិរញ្ញវត្ថុ​ដោយ​ស្មើភាព​ ដោយ​អង្គការ​ Oxfam ផ្ដោត​លើ​​ការ​បង្កើន​ការ​យល់​ដឹង​ពី​បញ្ហា​ប្រឈម​​​​ទាក់ទង​នឹង​បរិយា​កាស​សង្គម ​និង​អភិបាលកិច្ច​​ និង​តួនាទី​ដែល​វិស័យ​ហិរញ្ញវត្ថុ​អាច​​ដើរតួ​នៅ​ក្នុង​ការ​សម្រេច​បាន​​​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។ ​

សេចក្ដី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ថា៖​ «​មាន​ភាព​ចាំបាច់​​សម្រាប់​គ្រឹះស្ថាន​​ហិរញ្ញវត្ថុ​ ​ក្នុង​ការ​បង្កើន​សមត្ថភាព​របស់​ពួក​គេ​លើ​ការ​អនុវត្ត​​បរិស្ថាន​ សង្គម ​និង​អភិបាលកិច្ច ​(ESG)​»។​

លោក ​Richard Welford ​ប្រធាន​ CSR Asia បាន​ឲ្យ​ដឹង​ថា ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដើរ​តួនាទី​​ដ៏​សំខាន់​នៅ​ក្នុង​ការ​​សម្រេច​​បាន​ SDG​ ដែល​ផ្ដល់​ក្រប​ខ័ណ្ឌ​ល្អ​បំផុត​សម្រាប់​ស្ថាប័ន​ហិរញ្ញវត្ថុ ​ដើម្បី​រាយការណ៍​​ពី​ផល​ប៉ះពាល់​ និង​ការ​រួម​ចំណែក​ដល់​សង្គម​។​ ​

លោក​ថ្លែង​​ថា​៖ «​ការ​ចូលរួម​ដ៏​ច្រើន​នៅ​​ក្នុង​ព្រឹត្តិការណ៍​នេះ ​បង្ហាញ​ថា ​ធនាគារ​នៅ​​កម្ពុជា​កំពុង​យក​​ចិត្ត​ទុក​ដាក់​​យ៉ាង​ខ្លាំង​​រួច​ហើយ​​លើ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​​​​ចីរភាព​​ហើយ​យើង​សង្ឃឹម​ថា ​នេះ​​ក្លាយ​ជា​អាទិភាព​ទាន់​ពេល​​វេលា​នៅ​ពេល​​ខាង​មុខ​»​។​

របាយការណ៍​​​ Bloomberg បង្ហាញ​ថា​ មូលបត្រ​​បំណុល​ បៃតង​​មាន​តម្លៃ​ជាង ​៦០០ ​ពាន់​លាន​ដុល្លារ​អាមេរិក ​ត្រូវ​បាន​ចេញ​ទូទាំង​ពិភព​លោក​នៅ​ក្នុង​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។​

លោកស្រី​ Solinn Lim នាយិកា​ប្រចាំ​ប្រទេស​របស់​ Oxfam Cambodia បាន​ឲ្យ​ដឹង​ថា ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចាំបាច់​ត្រូវ​ចាត់​វិធានការ​យ៉ាង​រឹងមាំ​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​បាន​លក្ខខណ្ឌ ​ESG នៅ​ក្នុង​សេចក្ដី​សម្រេច​ចិត្ត​លើ​ពាណិជ្ជកម្ម​ស្នូល​​របស់​ពួក​គេ​។​​ លោកស្រី​ថ្លែង​​ថា​៖ «​យើង​ ដែល​ជា​គំនិត​ផ្តួច​​ផ្ដើម​​ហិរញ្ញវត្ថុ​ដោយ​ស្មើភាព​​នៅ​ក្នុង​ប្រទេស ​កម្ពុជា ​ចង់​ពង្រីក​ការ​គាំទ្រ​របស់​យើង​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ និង​ភាគី​​ពាក់ព័ន្ធ​សាធារណៈ និង​ឯកជន​ផ្សេង​ទៀត​»។

លោកស្រី​​បាន​បន្ត​ថា​៖ «​ព្រឹត្តិការណ៍​នេះ​ គឺ​ជា​ជំហាន​​ដំបូង​ឆ្ពោះ​ទៅ​រក​ការ​សហការ​ ហើយ​នៅ​ពេល​នេះ​ យើង​គួរ​តែ​​បង្កើត​យុទ្ធសាស្ដ្រ​ស្ដីពី​ការ​បន្ត​ចូលរួម​ឆ្ពោះ​​ទៅ​រក​ការ​កសាង​ប្រទេស ​កម្ពុជា ​​ឲ្យ​កាន់​តែ​មាន​ស្ថិរភាព​»​។

សមាគម​ធនាគារ​កម្ពុជា​ (ABC) កាល​ពី​សប្ដាហ៍​មុន ក៏​បាន​ចុះ​​ហត្ថលេខា​​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ចំនួន ​២ ស្ដីពី «​កិច្ច​សហប្រតិបត្តិការ​​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ ដោយ​​ចីរភាព​​​» ជាមួយ​ក្រសួង​បរិស្ថាន និង​ធនាគារ​ជាតិ​នៃ​កម្ពុជា​ និង​ជាមួយ​អង្គការ​ USAID ដើម្បី​​ពង្រឹង​ និង​ការ​អភិវឌ្ឍ​​កិច្ច​សហប្រតិបត្តិការ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ស្ថិរភាព​នៅ​ក្នុង​វិស័យ​ធនាគារ​ និង​គាំទ្រ​ ការ​​ការពារ​បរិស្ថាន ​ការ​គ្រប់គ្រង​​ធនធាន​ធម្មជាតិ ​និង​ការ​ប្រែប្រួល​អាកាស​ធាតុ​នៅ​​កម្ពុជា​។​

លោក ​អ៊ិន ​ចាន់នី ​ប្រធាន​ ABC​ បាន​ឲ្យ​ដឹង​នៅ​ក្នុង​ពិធី​ដាក់​ឲ្យ​ដំណើរការ​គោល​នយោបាយ ​​​​ហិរញ្ញវត្ថុ​ប្រកប​ដោយ​​ស្ថិរភាព​​របស់​​​កម្ពុជា​ និង​ការ​អនុវត្ត​គោលការណ៍​ណែនាំ​របស់​ខ្លួន​​កាល​ពី​ខែ​ មីនា​ ឆ្នាំ ​២០១៩ ថា វិស័យ​ធនាគារ​កិច្ច​អាច​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​និរន្តរភាព​ និង​វិបុលសុខ​របស់​កម្ពុជា​តាមរយៈ​ការ​លើក​កម្ពស់​ការ​យល់​​ដឹង​របស់​ប្រជាពលរដ្ឋ ​និង​​ការ​ដឹកនាំ​ជា​គំរូ។ ​

លោក​ថ្លែង​ថា​៖ «​តាមរយៈ​គោលការណ៍​​ហិរញ្ញវត្ថុ​ប្រកប​ដោយ​​ចីរភាព​​របស់​កម្ពុជា​ យើង​ខិតខំ​បង្កើត​ជា​​គំរូ​ជោគជ័យ​មួយ​នៅ​អាស៊ី​អាគ្នេយ៍ ​ក្នុង​ខណៈ​ពេល​ជាមួយ​​​គ្នា​នោះ​​ពង្រឹង​​ទំនុក​ចិត្ត​របស់​ទីផ្សារ​ខាង​ក្រៅ ​និង​វិនិយោគិន​ ដោយ​ប្រកាន់​ខ្ជាប់​នូវ​ឧត្តមានុភាព​អន្តរជាតិ​»៕LA