The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ បង្ហាញ​ពី​ការពង្រីក​អាជីវកម្ម

គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ បង្ហាញ​ពី​ការពង្រីក​អាជីវកម្ម

Content image - Phnom Penh Post
អតិថិជន​ដែល​មក​ដក​ប្រាក់​ពី​ម៉ាស៊ីន ATM ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះនរោត្តម ក្បែរ​វិមានឯករាជ្យ​ពី​សប្តាហ៍​មុន​។ ហុង មិនា

គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ បង្ហាញ​ពី​ការពង្រីក​អាជីវកម្ម

ភ្នំពេញៈ ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំៗ​មួយចំនួន​ត្រូវបាន​រាយការណ៍​ថា នឹង​ពង្រីក​ប្រតិបត្តិការ​របស់​​ពួកគេ​ បន្ទាប់ពី​ដំណើរការ​ម៉ាក្រូសេដ្ឋកិច្ច​បាន​បង្ហាញ​ពី​ភាពប្រសើរ និង​រឹងមាំ​។

លោក Igor Zimarev ប្រធាន​ផ្នែក ទីផ្សារ​នៅ​ធនាគារ ABA បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ប្រតិបត្តិការ​របស់​ធនាគារ​នេះ​ទទួល​បាន​កំណើន​ដ៏រឹងមាំ​បំផុត​នៅ​ឆ្នាំនេះ ខណៈ​ចំនួន​អតិថិជន​បាន​កើនឡើង​ជាប្រចាំ​ក្នុង​នោះ​ឆ្នាំ​ ២០១៨ ​មាន​កំណើន​ជាង​ ៧៦ ​ភាគរយ ហើយ​ចាប់ពី​ខែ​មករា​ដល់​ដើម​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ បាន​កើនឡើង​ ៧២ ​ភាគរយ​។

លោក Igor ថ្លែងថា​៖ «​ដើម្បី​គាំទ្រ​កំណើន​នោះ យើង​បាន​បើក​សាខា​ ១៥ ​កាលពី​ឆ្នាំ​ ២០១៨ និង ១១ ​សាខា​បន្ថែម​ទៀត​នៅ​ឆ្នាំនេះ ដោយ​សាខា​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ​»​។

លោក​បន្តថា ការបើក​សាខា​នេះ​បាន​នាំ​ឲ្យ​មាន​ការកើនឡើង​ប្រាក់​បញ្ញើ​នៅ​ឆ្នាំនេះ​ដែល​បាន​កើនឡើង​ ៥០ ​ភាគរយ​ (​ជាង​ ១,១ ​ពាន់​លាន​ដុល្លារ​)។

តាម​លោក Igor ចំនួន​កាត​ដែល​បាន​ចេញ​ដោយ​ធនាគារ ABA ក៏បាន​កើនឡើង​យ៉ាង​ខ្លាំង​ផងដែរ​ក្នុង​នោះ​គ្រាន់តែ​ឆ្នាំ​ ២០១៩ វា​បាន​កើនឡើង​ពី ៣៨៩ ០០០ កាលពី​ខែ​មករា​ដល់ ៦៨៥ ០០០ កាលពី​ខែ​តុលា​។

គិត​ត្រឹម​ថ្ងៃទី​ ១ ខែ​មករា ឆ្នាំ​ ២០១៩ ធនាគារ ABA មាន​ម៉ាស៊ីន​អេធីអឹម (ATM) ២៧៥ និង​បាន​កើន​មកដល់ ៣៥៧ គិត​មកដល់​ពេលនេះ​។ នេះ​បើ​យោងតាម Igor​។ លោក​បន្តថា ​ធនាគារ​នឹង​បន្ថែម​ទូ អេធីអឹម​ ៥០ ​បន្ថែម​ទៀត​នៅ​ឆ្នាំនេះ​។

លោក Igor លើកឡើង​ថា​៖ «​យើង​នឹង​បន្ត​ខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព​ក្នុង​ការបម្រើ​អតិថិជន​ដ៏មាន​តម្លៃ​របស់​យើង ហើយ​នឹង​បន្ត​ក្នុង​ការបង្កើន​បណ្ដាញ​ម៉ាស៊ីន​អេធីអឹម​របស់​យើង​នៅក្នុង​ប្រទេស​នេះ​»​។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ក៏​បាន​រាយការណ៍​កំណើន​អាជីវកម្ម​ដ៏រឹងមាំ​នៅ​ឆ្នាំនេះ​ផងដែរ ហើយ​គ្រោង​នឹង​ពង្រីក​បន្ថែមទៀត​នៅ​ឆ្នាំនេះ​។

លោក​បន្តថា បច្ចុប្បន្ន​ធនាគារ​អេស៊ីលីដា មាន​សាខា និង​បណ្ដាញ​ការិយាល័យ ២៦២ ទូទាំង​ប្រទេស​។ លោក​បាន​ថ្លែងថា​៖ «​យើង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​អេឡិចត្រូនិក​ជាមួយ​នឹង​ម៉ាស៊ីន​អេធីអឹម​ជាង​ ៦០០ ​គ្រឿង ម៉ាស៊ីន​ឆូត​កាត​ជាង ៤០០ ​គ្រឿង​ នៅ​ទូទាំងប្រទេស​រួម​ជាមួយ​នឹង​ធនាគារ​អ៊ីនធឺណិត​។ ជាមួយ​គ្នា​នេះ​ដែរ យើង​ក៏​មាន​ធនាគារ​ឌីជីថល​ដោយ​បម្រើ​សេវា​ដោយ​ខ្លួនឯង និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​ចល័ត​ផងដែរ​»​។

លោក សាយ សូនី អនុប្រធាន​​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​ជា​គ្រឹះស្ថាន​មួយ​ក្នុង​ចំណោម​គ្រឹះស្ថាន​ឈានមុខ​គេ​ជាច្រើន​បាន​រាយការណ៍​ថា សកម្មភាព​អាជីវកម្ម​គ្រឹះស្ថាន​របស់​លោក​កំពុង​ប្រតិបត្តិការ​យ៉ាងល្អ​ដែល​ឆ្លុះបញ្ចាំង​ពី​ប្រតិបត្តិការ​សេដ្ឋកិច្ច​ដ៏ល្អ​របស់​ប្រទេស​ កម្ពុជា​។

លោក​ថ្លែងថា​៖ «​ដោយសារ​សកម្មភាព​អាជីវកម្ម​កំពុង​ដំណើរការ​ល្អប្រសើរ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក៏​កំពុង​ដំណើរការ​ល្អប្រសើរ​ផងដែរ ដោយសារ​ដំណើរការ​សេដ្ឋកិច្ច​ដ៏ល្អ​នៅ​ឆ្នាំនេះ​»​។ លោក​បន្ថែម​ថា​ បច្ចុប្បន្ន​ប្រាសាក់​មាន​ម៉ាស៊ីន​អេធីអឹម ១៣៤ គ្រឿង​ ទូទាំង​ប្រទេស​។

របាយការណ៍​ធនាគារ​ជាតិ​នៃ​កម្ពុជា​បង្ហាញ​ថា​គិត​ត្រឹម​ត្រីមាស​ទី​ ២ ​ឆ្នាំ​ ២០១៩ មាន​ធនាគារ​ពាណិជ្ជកម្ម​ ៤៥ ធនាគារ​ឯកទេស ១៥ គ្រឹះស្ថាន​ទទួល​ប្រាក់​បញ្ញើ​មីក្រូហិរញ្ញវត្ថុ​ ៧ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ៧៤ ប្រតិបត្តិករ​ឥណទាន​ជនបទ​ ២៥៤ ក្រុមហ៊ុន​ជួល​ ១៥ និង​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូទាត់​ ១៦៕LA

អត្ថបទគួរចាប់អារម្មណ៍