ភ្នំពេញៈ គ្រឹះស្ថានហិរញ្ញវត្ថុ ២ ទៀតគឺធនាគារ PPCBank គ្រប់គ្រងដោយវិនិយោគិនកូរ៉េខាងត្បូង និងប្រាសាក់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជាទទួលបានការយល់ព្រមជាគោលការណ៍ពីគណៈកម្មការមូលបត្រកម្ពុជា សម្រាប់ការចេញបណ្ណបំណុលសាជីវកម្មនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។
ស្ថាប័នទាំង ២ ទទួលបានការយល់ព្រមកាលពីថ្ងៃទី ២៤ ខែកុម្ភៈក្នុងអំឡុងកិច្ចប្រជុំរបស់ SECC ដឹកនាំដោយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក សាយ សូនី នាយកប្រតិបត្តិប្រាសាក់បានប្រាប់ភ្នំពេញ-ប៉ុស្ដិ៍ថា គ្រឹះស្ថានរបស់លោកបាននិងកំពុងធ្វើការងារសម្រាប់បោះផ្សាយបណ្ណបំណុលសាជីវកម្មតាំងពីឆ្នាំ ២០១៩ ប៉ុន្តែដោយសារបញ្ហាពេលវេលាបានបង្កឲ្យមានការពន្យារពេលមកដល់ពេលនេះ។
លោកបន្តថា៖ «យើងគ្រោងនឹងប្រមូលទុនជារូបិយប័ណ្ណប្រាក់រៀលជាមួយនឹងចំនួនរំពឹងទុក ២៨០ ពាន់លានរៀលស្មើនឹង ៧០ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការផ្ដល់កម្ចីជារូបិយប័ណ្ណប្រាក់រៀលក្នុងស្រុក និងការគាំទ្រដល់អាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកជាប្រាក់រៀលខ្មែរ»។
លោកបញ្ជាក់ថា៖ «យើងរំពឹងថា CSX នឹងយល់ព្រមលើសំណើរបស់យើងត្រឹមខែមីនា ឆ្នាំ ២០២០។ យើងទទួលបានការប្ដេជ្ញាចិត្តពីក្រុមវិនិយោគិនរបស់យើង ហើយវិនិយោគិនមួយចំនួនផ្សេងទៀតកំពុងស្ថិតក្នុងដំណើរការក្នុងការសម្រេចបានកិច្ចព្រមព្រៀងនេះ។ យើងចាប់ផ្ដើមធ្វើដូច្នេះ ដើម្បីបង្កើនប្រភពមូលនិធិរបស់យើងក្នុងការគាំទ្រអាជីវកម្មរបស់យើង»។
លោក Jong Weon HA អនុប្រធាន និងប្រធានប្រតិបត្តិការរបស់ CSX បានឲ្យដឹងថា វត្តមានរបស់ក្រុមហ៊ុនទាំង ២ នេះនឹងបង្កើនការផ្សព្វផ្សាយជាសាធារណៈរបស់ទីផ្សារមូលធនកម្ពុជា។
លោកថ្លែងថា៖ «ធនាគារ PPCBank នឹងក្លាយជាធនាគារពាណិជ្ជទី ២ ក្នុងការចេញលក់បណ្ណបំណុលសាជីវកម្មលើ CSX ហើយនឹងផ្ដល់ដល់វិនិយោគិននូវជម្រើសវិនិយោគផ្សេងទៀត និងធ្វើឲ្យទីផ្សារមូលធនកម្ពុជាកាន់តែធំឡើងៗ និងទទួលទំនុកចិត្តនិងភាពជឿជាក់កាន់តែខ្លាំងឡើងពីក្រុមវិនិយោគិនក្នុងស្រុក និងបរទេសជាពិសេសក្រុមវិនិយោគិនកូរ៉េ»។
លោកបានបន្តថា៖ «ប្រាសាក់ បានដាក់ពាក្យសុំរួចហើយសម្រាប់ការពិនិត្យសិទ្ធិទទួលបានការចុះបញ្ជីទៅ CSX ហើយយើងនៅតែកំពុងធ្វើការងារជាមួយពួកគេ»។
លោកបានបន្តទៀតថា៖ «ពិតហើយ CSX ចង់ឲ្យមានក្រុមហ៊ុនចុះបញ្ជីមូលបត្រច្រើនទាំងការបោះផ្សាយលក់ភាគហ៊ុន និងបណ្ណបំណុល»៕LA