ជាមួយ​នឹង​បទពិសោធ​ជាង​ ៣០ ​ឆ្នាំ​ក្នុង​អាជីព​ និង​ជំនាញ​ខាង​ផលិត​តែ លោក សុធា សម្បត្តិ គឺជា​ប្រជាជន​កម្ពុជា​មួយរូប​ដែល​ទទួល​បាន​នូវ​ការគោរព និង​មានកេរ្តិ៍ឈ្មោះ​ល្បី​សុសសាយ​ចំពោះ​អាជីព​មួយ​នេះ​។ ប្រជាជន​កម្ពុជា​ជាច្រើន​មិនបាន​ដឹង​ទេ​ថា ប្រទេស​ខ្លួន​ស្ថិតនៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ ក៏​មាន​តែ​ដែល​ជា​រសជាតិ​ផ្ទាល់ខ្លួន​ដែរ​។

ដើម្បី​ធ្វើឲ្យ​ផលិតផល​នេះ​រស់​ឡើង​វិញ លោក សុធា សម្បត្តិ កំពុង​ធ្វើការ​លើ​គម្រោង​មួយ​ដែល​ហៅថា «​ការកកើតឡើង​វិញ​នៃ​តែ​កម្ពុជា​» ដើម្បី​ប្រែក្លាយ​ផលិតផល​នេះ​ជា​ផលិតផល​អាច​ប្រកួតប្រជែង​មួយ​ផ្សេងទៀត​សម្រាប់​ការនាំចេញ​ជាពិសេស​ទៅ​ទីផ្សារ​អឺរ៉ុប​។

លោក សុធា សម្បត្តិ បាន​ផ្តល់នូវ​កិច្ចសម្ភាសន៍​ផ្តាច់មុខ​ជាមួយ លោក ម៉ៃ គុណមករា ការីនិពន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​នៃ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ ដោយ​ពន្យល់​អំពី​មូលហេតុ​ដែល​លោក​ចាប់ផ្តើម​ការងារ​លើ​គម្រោង​តែ​នៅ​កម្ពុជា​។

រយៈពេល​បទពិសោធ​ជាច្រើន​ឆ្នាំ​នៅក្នុង​ឧស្សាហកម្ម​តែ​នៅ​បណ្ដា​ប្រទេស​ជាច្រើន ហើយ​ប្រទេស​មួយ​ចំនួន​ចាត់ទុកថា លោក​ជា «​គ្រូតែ​» តើ​លោក​អាច​និយាយ​សង្ខេប​អំពី​ប្រវត្តិ​របស់លោក​បាន​ទេ​?

ខ្ញុំ​បាន​ចាប់ផ្ដើម​ការងារ​នៅក្នុង​ឧស្សាហកម្ម​តែ​ចាប់តាំងពី​ឆ្នាំ​ ១៩៩១ នៅ​ប្រទេស​បារាំង​ នៅក្នុង​ហាង​តែ Parisian ដែលមាន​ឈ្មោះ​ល្បីល្បាញ​ណាស់​។ ខ្ញុំ​បាន​រៀនសូត្រ​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​អាជីវកម្ម​តែ ចាប់ពី​ការភ្លក្ស ការជ្រើសរើស ការលាយ ការលក់​។ នោះ​ហើយ​ជា​របៀប​ដែល​ខ្ញុំ​បាន​ក្លាយជា​គ្រូតែ ដែល​បាន​បណ្ដុះបណ្ដាល​ដោយ​ម្ចាស់​អាជីវកម្ម ដែល​ជា​ជនជាតិ​ថៃ​។

ក្នុង​នាម​ជា​គ្រូតែ ខ្ញុំ​ត្រូវតែ​ជ្រើសរើស និង​ភ្លក្ស​រសជាតិ​តែ​ភាគច្រើន​បំផុត​ជា​ទៀងទាត់ ហើយ​ខ្ញុំ​បាន​មាន​គំនិត​នេះ​នៅ​ថ្ងៃមួយ​ក្នុង​ការប្រើប្រាស់​ស្លឹក​តែ​នៅក្នុង​មុខម្ហូប​នៅក្នុង​ប្រទេស​បារាំង ដែល​យើង​បាន​បម្រើ​នៅក្នុង​កន្លែង​ទទួលភ្ញៀវ​របស់​យើង​ «La cuisine au the» ត្រូវបាន​ចាប់កំណើត​ឡើង​បន្ទាប់ពី​រយៈពេល​ ១ ​ទសវត្សរ៍​នៅ​ទីក្រុង​ប៉ារីស ខ្ញុំ​បាន​ផ្លាស់​ទៅ​ទីក្រុង​ញូវយ៉ក ដើម្បី​ធ្វើ​ការងារ​ជា​អ្នក​ភ្លក្ស​ម្ហូប និង​ឧស្សាហកម្ម​ដ៏ប្រណីត​នេះ​។

ខ្ញុំ​នៅតែ​បង្កើត​ក្បួន​ធ្វើ​តែ​ឲ្យ​ក្រុមហ៊ុន​មួយចំនួន​នៅ​អាមេរិក និង​ប្រទេស​បារាំង​។ ថ្មីៗ​នេះ​កាលពី​ឆ្នាំ​ ២០១៧ ឆ្នាំ​ ២០១៨ ខ្ញុំ​បាន​នៅ​ទីក្រុង​បាងកក ដោយ បើក​ហាង​តែ Tea Lounge នៅ​ផ្សារ​ទំនើប Shopping Mall ដ៏ល្បី​នៅតាម​វិថី Ploenchit Road ហើយ​រហូតមក​ដល់ពេល​នេះ ខ្ញុំ​នៅ​តែ​បង្កើត​ការផ្សំ​ថ្មីៗ​ឲ្យ​ក្រុមហ៊ុន​អន្តរជាតិ​ជាច្រើន​។

ខណៈ​ដែល​ប្រជាជន​ភាគច្រើន​មិន​បាន​ដឹងថា កម្ពុជា​មាន​តែ​ផ្ទាល់ខ្លួន​នោះទេ តើ​មូលហេតុ​អ្វី​បាន​ជា​លោក​ចង់​មក​ស្វែងរក​បង្កើត​តែ​នៅ​កម្ពុជា​?

នៅពេល​ខ្ញុំ​កំពុង​នៅ​ទីក្រុង​ប៉ារីស ប្រហែល​ជា​ក្នុង​ឆ្នាំ​ ១៩៩៨ គ្រូ​របស់ខ្ញុំ​បានចាប់ផ្ដើម​សួរ​ខ្ញុំ​អំពី​តែ​កម្ពុជា​។ ប្រសិន​បើ​ខ្ញុំ​បានឮ​អំពី​តែ​នៅ​កម្ពុជា ហើយ​ច្បាស់​ណាស់ ខ្ញុំ​មិន​ដែល​បានឮ​នោះទេ​។ គាត់​បាន​ប្រាប់​ខ្ញុំ ខណៈ​ដែល​យើង​ទាំងអស់​គ្នា​បានដឹងថា មាន​ប្រភេទ​ ២ ​ជុំវិញ​ពិភពលោក គឺ​តែ CamelliaSinensis (​មកពី​ប្រទេស​ចិន​) និង​តែ Camellia Assamica (​មកពី​ប្រទេស​ឥណ្ឌា​) ហើយក៏​មានតែ Camellia Cambodiensis មកពី​ប្រទេស​កម្ពុជា ​ដែរ ខ្ញុំ​ពិតជា​មាន​ភាពភ្ញាក់ផ្អើល​នៅក្នុង​ការងារ​រយៈពេល​ជាច្រើន​ឆ្នាំ​នៅក្នុង​ឧស្សាហកម្ម​តែ​។ ខ្ញុំ​មិនបាន​ដឹងថា មាន​តែ​នៅក្នុង​ប្រទេស​របស់ខ្ញុំ​នោះ​ទេ ខ្ញុំ​មិនដែល​ជួប​ប្រទះ​អក្សរសាស្ដ្រ​ណាមួយ​និយាយ​អំពី​វា​នោះទេ​។

ហេតុដូច្នេះ​ហើយ​នៅ​ឆ្នាំ​ ២០០៦ ខ្ញុំ​បានធ្វើ​ដំណើរ​ចេញពី​ទីក្រុង​ញូវយ៉ក​ទៅកាន់​ប្រទេស​កម្ពុជា ជា​លើកដំបូង​ដើម្បី​ស្រាវជ្រាវ​តែ​កម្ពុជា ប៉ុន្តែ​មិន​ទទួល​បាន​ជោគជ័យ​នោះទេ​។ លុះ​ក្នុង​ឆ្នាំ​ ២០១៤ បន្ទាប់ពី​គោលបំណង​របស់ខ្ញុំ​បរាជ័យ​ជាច្រើន​ដង ខ្ញុំ​បាន​ទៅ​ខេត្ត​មណ្ឌលគិរី ដោយសារ​ប្រជាជន​មួយចំនួន​បាន​ប្រាប់​ខ្ញុំ​ថា ធ្លាប់ជា​ទីកន្លែង​តែ​ខ្មែរ​នៅក្នុង​សម័យមុន​។

ខ្ញុំ​បាន​ចាប់ផ្ដើម​មើល​ផែនទី​ព្រៃ និង​សាកសួរ​ប្រជាជន​ជុំវិញ​ភូមិ​ជាច្រើន​។ កន្លែង​ដែល​ខ្ញុំ​ស្នាក់នៅ​គេ​ហៅថា ភូមិ​ចម្ការ​តែ​។ ខ្ញុំ​បានដឹងថា ខ្ញុំ​កំពុង​ស្ថិត​នៅ​ក្នុង​ទិសដៅ​ដ៏ត្រឹមត្រូវ​។ ខ្ញុំ​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់​ដែល​ឃើញ​ដើម​តែ​ពេលនោះ​។

តើ​លោក​គ្រោង​នឹង​ធ្វើអ្វី ដើម្បី​ផ្សព្វផ្សាយ​តែ​នេះ​?

នៅពេល​នេះ ខ្ញុំ​បាន​រកឃើញ​ដើម​តែ​នៅក្នុង​ខេត្ត​មណ្ឌលគិរី ខ្ញុំ​កំពុង​ស្វែងរក​កន្លែង​ផ្សេងៗ​ទៀត​។ បេសកកម្ម​ចាប់ពី​នេះ​តទៅ​គឺជា​ការផ្សព្វផ្សាយ​គម្រោង​នេះ​សម្រាប់​ «​ការកកើត​ឡើងវិញ​នៃ​តែ​កម្ពុជា​»​។ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅគ្រប់​ទីកន្លែង ប្រាប់​មនុស្ស​គ្រប់គ្នា​ដែល​មាន​ចំណាប់អារម្មណ៍​ឲ្យ​ដាំដុះ​តែ​កម្ពុជា​។

យើង​មាន​ផលិតផល​ដ៏អស្ចារ្យ​នៅក្នុង​ដៃ​របស់​យើង​ថា «​តើ​យើង​អាច​ធ្វើឲ្យ​វា​រស់​ឡើងវិញ និង​នាំ​យក​ទៅ​ទីផ្សារ​អន្តរជាតិ ដូចជា​ម្រេច​កំពត​ជាដើម​ដែរឬទេ​?» ខ្ញុំ​បាន​ជួប​មនុស្ស​ជាច្រើន​ដែល​ជឿជាក់​លើ​គម្រោង​នេះ ហើយ​ខ្ញុំ​បានស្នើ​សុំ​លោក​បណ្ឌិត ចេន ចាន់រតនា ដែលជា​មិត្តភកិ្ដ​ខាង​ប្រវត្តិសាស្ដ្រ​ខ្មែរ និង​បុរាណវត្ថុវិទ្យា ដើម្បី​ស្រាវជ្រាវ​រក​អ្វីៗ​ដែល​ជាប់ទាក់ទង​នឹង​តែ​នៅក្នុង​សម័យបុរាណ មិត្តភក្ដិ​ម្នាក់ទៀត​នៅ​ប្រទេស​បារាំង​ក៏​កំពុង​ស្រាវជ្រាវ​នៅក្នុង​បណ្ណសារ​ជាតិ​ថា​តើ​មាន​ជំនួយ​ជា​ភាសា​បារាំង​ណាមួយ​នៅក្នុង​ការដាំដុះ​តែ​ខ្មែរ​ក្នុង​អំឡុង​សម័យ​អាណានិគមនិយម​ដែរ​ឬ​ទេ​?

ខ្ញុំ​មាន​ក្រុម​ផ្សេងទៀត កំពុង​ធ្វើ​កិច្ចការ​ហិរញ្ញវត្ថុ ដើម្បី​ទទួល​បាន​គម្រោង​មួយ​ប្រកប​ដោយ​ចីរភាព​។ ​ដៃគូ​ចាស់​មួយរូប​មកពី​ខេត្ត​យូណាន ប្រទេស​ចិន​ក៏​កំពុង​នាំយក​ជំនាញ​ជា​អ្នកដាំដុះ​តែ​​ និង​កែច្នៃ​ស្លឹក​តែ​ដែរ​។

មិត្តភក្ដិ​មួយរូប​មាន​ដី​ ១០ ​ហិកតា​ នៅក្នុង​ខេត្ត​មណ្ឌលគិរី​បាន​ចាប់ផ្ដើម​ដាំដុះ​ដើម​តែ ដោយ​គាត់​បានជ្រើសរើស​ដើម​តែ​ ២ ដែល​ខ្ញុំ​បាន​ជួប​នៅ​មណ្ឌលគិរី​។ មិត្តភកិ្ដ​របស់ខ្ញុំ​បាន​ដាក់​ឈ្មោះ​កន្លែង​នេះ​ថា «​ផ្ទះ​តែ​អ៊ូរៀង​» ​ជា​កន្លែង​ដែល​តែ​កម្ពុជា​ទទួល​បាន​កំណើត​ទី​ ២​។ យើង​មាន​ក្រុមការងារ​តូច​មួយ​នៅពេល​នេះ ប៉ុន្តែ​ខ្ញុំ​នឹង​ព្យាយាម​ដើម្បី​ជួប​ជាមួយ​ក្រសួង​ផ្សេងៗ ដើម្បី​លើកឡើង​ពី​ការបារម្ភ​របស់​ពួកគេ និង​ទទួល​បាន​ការយល់ព្រម​លើ​គម្រោង​នេះ​។ ពន្លឺ​តែ​ជា​ផលិតផល​ជាតិ​មួយ​នឹង​បង្កើត​ការងារ​សម្រាប់​ជនជាតិ​ភាគតិច​នៅ​មណ្ឌលគិរី និង​មរតក​តែ​នីមួយៗ នឹង​ក្លាយជា​ការទាក់ទង​ផ្នែក​ទេសចរណ៍ កន្លែង​ដាំដុះ និង​ការផលិត​តែ​កម្ពុជា​។

តែ​មិនមែន​ជា​ផលិតផល​អាទិភាព​សម្រាប់​ការនាំចេញ តើ​អ្វី​ជា​ផែនការ​របស់​លោក​នៅក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ខាងមុខ​?

តែ​គឺជា​ផលិតផល​អាទិភាព​របស់ខ្ញុំ​សម្រាប់​នាំចេញ ដោយសារ​ខ្ញុំ​មាន​សិទ្ធិ​អាច​ចូលទៅ​ទីផ្សារ​អឺរ៉ុប​។ នៅ​អឺរ៉ុប ខ្ញុំ​នឹង​នាំ​យកតែ​កម្ពុជា​ទៅ​ប្រកួត​ជាមួយ​តែ​ប្រភពដើម​ផ្សេងៗ​ទៀត ហើយ​បន្តិច​ម្ដងៗ​អាច​ឲ្យ​ប្រជាជន​យល់ដឹង​អំពី​ប្រវត្តិ​នៃ​តែ​កម្ពុជា​។

កាលពី​ឆ្នាំមុន ខ្ញុំ​បាន​ចាប់ផ្ដើម​ក្រុមហ៊ុន​តែ​ឈ្មោះ “RAMI” ហើយ​វា​ពិតជា​ភាពជាក់ស្ដែង​មួយ​បន្ទាប់ពី​រយៈពេល​ជាច្រើន​ឆ្នាំនេះ ដែល​ខ្ញុំ​គួរតែ​ចែករំលែក​ដល់​សាធារណជន អំពី​ចំណង់​របស់ខ្ញុំ​សម្រាប់តែ និង​រសជាតិ​ជាពិសេស​នៃ​ការផ្សំ​គ្នា​នីមួយៗ ដែល​ខ្ញុំ​បាន​បង្កើតឡើង​ដោយ​ខ្លួនឯង​ផ្ទាល់​៕LA