The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គ្រួសារ​ជន​រងគ្រោះ​ ដាក់​ពាក្យ​ប្តឹង​ក្រុមហ៊ុន​ផលិត​រថយន្ត Tesla

គ្រួសារ​ជន​រងគ្រោះ​ ដាក់​ពាក្យ​ប្តឹង​ក្រុមហ៊ុន​ផលិត​រថយន្ត Tesla

Content image - Phnom Penh Post
រថយន្ត​ក្រុមហ៊ុន Tesla ក្នុង​ករណី​គ្រោះ​ថ្នាក់​នៅឆ្នាំ​២០១៦។ រូប AFP

គ្រួសារ​ជន​រងគ្រោះ​ ដាក់​ពាក្យ​ប្តឹង​ក្រុមហ៊ុន​ផលិត​រថយន្ត Tesla

ក្រុង​ញូវ​យ៉កៈ មេធាវី​បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​ផលិត​រថយន្ត Tesla ​កាល​ពី​ថ្ងៃ​អង្គារ​បាន​ទទួល​រង​ការ​ប្តឹង​ពី​ក្រុម​​គ្រួសារ​អ្នក​ដំណើរ​ម្នាក់ ដែល​បាន​ស្លាប់​​ក្នុង​​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​​កាល​ពី​ឆ្នាំ​ ២០១៨ ហើយ​ពាក្យ​បណ្តឹង​នោះ​បាន​ចោទ​ប្រកាន់​ថា ​​គ្រោះ​ថា្នក់​នោះ​​បាន​​បណ្តាល​មក​ពី​​បញ្ហា​អាគុយ​រថយន្ត​របស់​ក្រុមហ៊ុន​អាមេរិក​មួយ​នេះ​។

ក្រុមហ៊ុន​ច្បាប់​ Corboy & Demetrio នៅ​ទីក្រុង​ឈីកាហ្គោ ដែល​តំណាង​ឲ្យ​គ្រួសារ​នេះ​បាន​ដាក់​ពាក្យ​ប្តឹង​ក្រុមហ៊ុន​ផលិត​រថយន្ត Tesla ជុំវិញ​ករណី​ស្លាប់​របស់​បុរស​ម្នាក់​​ឈ្មោះ ​Edgar Monserratt Martinez ដែល​គាត់​បាន​ជិះ​រថយន្ត​ជា​មួយ​​លោក​ Barrett Riley ដែល​ជា​អ្នក​បើកបរ​ ហើយ​លោក​​ក៏​​​បាន​ស្លាប់​​​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បាន​​កើត​ឡើង​​​កាល​ពី​ខែ​ឧសភា​​ ឆ្នាំ​ ២០១៨ នេះ​ដែរ។

យោង​តាម​គណៈ​កម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ជាតិ​ (NT​SB​) បាន​ឲ្យ​ដឹង​ថា ​សាក្សី​បាន​ប្រាប់​ក្រុម​អ្នក​ស៊ើប​អង្កេត​ថា ​អ្នក​បើកបរ​រថយន្ត​របស់​ក្រុមហ៊ុន Tesla បាន​បាត់បង់​ម្ទាស់​ការ​គ្រប់គ្រង​រថយន្ត​របស់​គាត់​ ខណៈ​ពេល​ដែល​គាត់​ព្យាយាម​វ៉ារ​ថយន្ត​​មួយ​គ្រឿង​ផ្សេង​ទៀត។ ​ក្រោយ​មក​រថយន្ត​នោះ​បាន​ផ្លោង​ផ្ទប់​ទៅ​នឹង​ចិញ្ចើម​ផ្លូវ​បុក​​នឹង​ជញ្ជាំង​​រួច​ក៏​ផ្ទុះ​ចេញ​ជា​អណ្តាត​​ភ្លើង​ឡើង។

បណ្តឹង​នោះ​បាន​ចោទ​ប្រកាន់​​ថា ​អាគុយ​រថយន្ត​របស់​ក្រុមហ៊ុន Tesla មិន​ត្រូវ​បាន​ការពារ​​គ្រប់គ្រាន់​នោះទេ​ដែល​ធ្វើ​ឲ្យ​ រថយន្ត​មាន​បញ្ហា​បែប​នេះ​។

លោក ​Philip Corboy Jr ដែល​ជា​ដៃ​គូ​របស់​ក្រុមហ៊ុន​ច្បាប់​ Corboy & Demetrio ​បាន​​ថ្លែង​​ថា​៖ «អាគុយ​របស់​​រថយន្ត​ម៉ូដែល​ Tesla S ងាយ​នឹង​ឆាប​ឆេះ​ខ្លាំង​ណាស់​ដែល​ធ្វើ​ឲ្យ​គេ​មិន​អាច​​​មក​ពន្លត់​បាន​ទាន់​ពេល​វេលា​»។

បណ្តឹង​នោះ​ក៏​​​ចោទ​ប្រកាន់​ថា ​ក្រុម​គ្រួសារ​របស់​ឈ្មោះ Riley បាន​ដំឡើង​ឧបករណ៍​ដើម្បី​ការពារ​រថយន្ត​ពី​ការ​ជិះ​​លើស​​ពី​ល្បឿន​ ៨៥​ ម៉ាយល៍​ក្នុង​ ១ ​​​​ម៉ោង ​ប៉ុន្តែ​ថា ឧបករណ៍​នោះ​​ត្រូវ​បាន​គេ​យក​ចេញ​នៅ​មជ្ឈមណ្ឌល​សេវាកម្ម​រថយន្ត​មួយ​ផ្សេង​ទៀត​របស់​​​​ក្រុមហ៊ុន Tesla ដោយ​គ្មាន​ការ​ដឹង​ឮ​ពី​ក្រុម​គ្រួសារ​​របស់​គាត់​។

យោង​តាម​របាយការណ៍​ស៊ើប​​អង្កេត​ដំបូង​របស់​ភ្នាក់​ងារ NT​SB ក្នុង​ខែ​មិថុនា ​ឆ្នាំ​ ២០​១៨ ​រថយន្ត​នោះ​ត្រូវ​បាន​បើកបរ​​​ក្នុង​​ល្បឿន​ ១១៦​ ម៉ាយល៍​ក្នុង​ ១ ​ម៉ោង (១៨៦ ​គីឡូ​ម៉ែត្រ​ក្នុង​ ១ ម៉ោង) មុន​ពេល​កើត​មាន​​​​គ្រោះ​ថ្នាក់​​បន្តិច​។

ក្រុមហ៊ុន Tesla មិន​បាន​ឆ្លើយ​តប​ភ្លាម​ៗ​ទៅ​នឹង​សំណើ​សុំ​ការ​ពន្យល់​ទេ៕ AFP/NS

អត្ថបទគួរចាប់អារម្មណ៍