ក្រុងតូក្យូៈ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃពុធថា សេដ្ឋកិច្ចរបស់ប្រទេស ជប៉ុន បានធ្លាក់ចុះនៅត្រីមាសទី ៣ បន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិជាបន្តបន្ទាប់ បានធ្វើឲ្យប៉ះពាល់ដល់ការចំណាយរបស់អតិថិជន និងការនាំចេញ ហើយការថមថយសេដ្ឋកិច្ចរបស់ប្រទេស ចិន ក៏បង្កផលប៉ះពាល់ដល់ជប៉ុនផងដែរ។
ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ក្នុងអំឡុងពេលត្រីមាសទី ៣ បានធ្លាក់ចុះ ០,៣ ភាគរយ ធៀបនឹងត្រីមាសទី ២ ជាពេលដែលសេដ្ឋកិច្ចកើនឡើង ០,៨ ភាគរយកាល។ នេះបើយោងតាមខុទ្ទកាល័យរបស់រដ្ឋាភិបាល។
លោក Katsunori Kitakura យុទ្ធសាស្ដ្រវិទូជាន់ខ្ពស់នៅក្រុមហ៊ុន Sumitomo Mitsui Trust Asset Management បានឲ្យដឹងថា គ្រោះមហន្តរាយធម្មជាតិមួយចំនួនបានធ្វើឲ្យចុះខ្សោយការប្រើប្រាស់ផ្ទាល់ខ្លួន ការវិនិយោគរបស់ក្រុមហ៊ុន និងការនាំចេញ។
លោកបានឲ្យដឹងក្នុងបទអត្ថាធិប្បាយមួយមុនពេលការចេញផ្សាយទិន្នន័យនេះថា៖ «គ្រោះមហន្តរាយធម្មជាតិបានបង្ខំឲ្យអតិថិជន ត្រូវនៅក្នុងផ្ទះ និងផ្អាកប្រតិបត្តិការរោងចក្រ ដែលបានបណ្ដាលឲ្យមានការធ្លាក់ចុះសកម្មភាពផលិត និងវិនិយោគ»។
ប្រទេសជប៉ុន ត្រូវបានរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិមួយចំនួននៅរដូវក្ដៅនេះ ដែលរួមទាំងទឹកជំនន់ដ៏ធំនៅតំបន់ភាគខាងលិច ដោយសារតែភ្លៀងធ្លាក់ខ្លាំង ខ្យល់ព្យុះទីហ្វុង ដែលជន់លិចព្រលានយន្តហោះអន្តរជាតិសំខាន់ៗ និងគ្រោះរញ្ជួយដីនៅភាគខាងជើង ដែលកាត់ផ្ដាច់ចង្វាក់ផ្គត់ផ្គង់។
លោក Kitakura បានបន្តថា ការបិទព្រលានយន្តហោះអន្តរជាតិ Kansai ជាបណ្ដោះអាសន្ន បានបណ្ដាលឲ្យការធ្លាក់ចុះវិស័យទេសចរណ៍ និងការនាំចេញទៅបរទេស។
ការនាំចេញទំនិញ និងសេវាបានធ្លាក់ចុះ ១,៨ ភាគរយធៀបនឹងត្រីមាសទី ២ ដោយសារការប្រើប្រាស់ឯកជនធ្លាក់ចុះ ០,១ ភាគរយ និងការវិនិយោគសាជីវកម្មលើរោងចក្រ និងឧបករណ៍ធ្លាក់ចុះ ០,២ ភាគរយ៕ AFP/LA