ភ្នំពេញៈ ឃ្លាំង​ស្តុក និង​ឡសម្ងួត​ស្រូវ​តម្លៃ​ ១៥ ​លាន​ដុល្លារ​នៅ​ខេត្ត​បាត់ដំបង បានប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ម្សិលមិញ ខណៈ​ឃ្លាំងស្ដុក ៣ ​ផ្សេង​ទៀត​នឹង​បើក​ដំណើរការ​នៅ​សប្ដាហ៍​នេះ​។ នេះ​បើ​យោង​តាម​អ្នក​នៅក្នុង​ឧស្សាហកម្ម​នេះ​។

ឃ្លាំង​ស្ដុក​ស្រូវ និង​ឡសម្ងួត​ដែល​ប្រតិបត្តិការ​ដោយ​ធនាគារ​ស្រូវ​កម្ពុជា របស់​លោក ភូ ពុយ បាន​ទទួល​មូលនិធិ​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ (RDB) គ្រប់គ្រង​ដោយ​រដ្ឋ​ចំនួន ១៥ លាន​ដុល្លារ​កាលពី​ដើម​ឆ្នាំ​ ២០១៦​។

ឃ្លាំង​ស្ដុក​នេះ​មាន​សមត្ថភាព​ស្ដុក​ស្រូវ​សើម ២០០- ០០០ តោន និង​សម្ងួត​ស្រូវ ៣ ០០០ ​តោន​ប្រចាំ​ថ្ងៃ​។

លោក ភូ ពុយ ប្រធាន​ធនាគារ​ស្រូវ​បាន​ថ្លែង​ថា​ជាមួយ​នឹង​វត្តមាន​ឃ្លាំង​ស្ដុក​ដ៏ធំ​នេះ​កសិករ​នឹង​ធានា​បាន​នូវ​តម្លៃ​ស្រូវ​ក្នុង​ស្រុក​។ លោក​ថ្លែង​ថា​៖ «​ចាប់ពី​ពេល​នេះ​តទៅ​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រមូល​ស្រូវ​ពី​កសិករ និង​ធានា​គុណភាព​អង្ករ​សម្រាប់​អ្នកទិញ កសិករ​របស់​យើង​លែង​បារម្ភ​អំពី​ទីផ្សារ និង​តម្លៃ​ទៀត​ហើយ​»​។

RDB បាន​ផ្ដល់​កម្ចី​ផ្សេង​ទៀត​សរុប ១៥ លាន​ដុល្លារ​ឲ្យ​ក្រុមហ៊ុន​រោង​ម៉ាស៊ីន​កិន​ស្រូវ​ ២ ​ផ្សេង​ទៀត​គឺ​ក្រុមហ៊ុន​ខ្មែរហ្វូត និង ក្រុមហ៊ុន​អេមរុ រ៉ាយស៍ សម្រាប់​ការសាងសង់​ឃ្លាំង​ស្ដុក​ស្រូវ​នៅ​ក្នុង​ខេត្ត​កំពង់ធំ ខេត្តព្រៃវែង និង​ខេត្តតាកែវ ផងដែរ​។

ឃ្លាំង​ស្ដុក​នីមួយៗ​មាន​សមត្ថភាព​ស្ដុក​ស្រូវ​សើម ៥០ ០០០ តោន និង​សម្ងួត​បាន ១ ៥០០ ​តោន​ប្រចាំថ្ងៃ​។

ឃ្លាំង​ស្ដុក​ស្រូវ និង​ឡស​ម្ងួត​នេះ​នឹង​ចូលរួម​ក្នុង​ការ​បង្កើន​ការនាំ​ចេញ​អង្ករ​របស់​ប្រទេស​នេះ​ព្រម​ទាំង​រក្សា​តម្លៃ​ស្រូវ​ក្នុង​ស្រុក​ផង​ដែរ​។ នេះ​បើ​យោង​តាម​លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ អេមរុ រ៉ាយស៍​។

ក្រុមហ៊ុន អេមរុ រ៉ាយស៍ ដែល​ទទួល​កម្ចី ៥ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ដើម្បី​សាងសង់​ឃ្លាំង​ស្ដុក​ស្រូវ​នៅ​ខេត្ត​កំពង់ធំ ពី RDB នឹង​ដំណើរការ​ឃ្លាំងស្ដុក​នេះ​នៅ​ថ្ងៃ​នេះ ខណៈ​ឃ្លាំង​ស្ដុក​ ២ ​ផ្សេង​ទៀត​នៅ​ខេត្ត​ព្រៃវែង និង​ខេត្ត​តាកែវ ដែល​គ្រប់គ្រង​ដោយ​រោង​ម៉ាស៊ីន​កិនស្រូវ ខ្មែរហ្វូត​នឹង​បើក​ដំណើរការ​នៅ​ថ្ងៃទី​ ៦ ខែ​កក្កដា​ខាង​មុខ​។

លោក សុង សារ៉ន បាន​ថ្លែង​ថា​៖ «​ខ្ញុំ​មាន​ទំនុកចិត្ត​ថា យើង​នឹង​អាច​កាត់បន្ថយ​លំហូរ​ចេញ​ស្រូវ​ទៅ​ប្រទេស​ជិតខាង​សម្រាប់​រដូវ​ខាង​មុខ​នេះ​»​។ លោក​បន្ត​​ថា​៖ «​ឃ្លាំង​ស្ដុក​ស្រូវ​ថ្មី​របស់​យើង​នឹង​ធានា​គុណភាព និង​ស្ដង់ដារ និង​អាច​ផ្គត់ផ្គង់​ដល់​អ្នក​ទិញ​ក្នុង​រយៈពេល​កាន់តែ​វែង​ជាង​មុន យើង​នឹង​ជំរុញ​ការនាំ​ចេញ​អង្ករ​របស់​យើង​នៅ​ឆ្នាំ​នេះ​»​។

ក្រសួង​កសិកម្ម​កាលពី​ខែ​ឧសភា​បាន​ដាក់​ឲ្យ​ដំណើរការ​ឃ្លាំង​ស្ដុក​ស្រូវ​គាំទ្រ​ដោយ​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ដែល​មាន​តម្លៃ ២,៨ ​លាន​ដុល្លារ​នៅ​ក្នុង​ខេត្ត​កំពង់ចាម​៕LA