ភ្នំពេញៈ ឃ្លាំង​ស្ដុក​ស្រូវ និង​ឡ​សម្ងួត​ចំនួន​ ៣ ដែល​ទទួល​មូលនិធិ​ពី​ធនាគារ​គ្រប់គ្រង​ដោយ​នឹង​ដាក់​ឲ្យ​ដំណើរការ​សម្រាប់​រដូវ​ប្រមូលផល​ខាងមុខ​នៅ​ឆ្នាំនេះ ដែល​វិស័យ​ឯកជន​អះអាង​ថា​នឹង​ជួយ​បង្កើន​ការនាំ​ចេញ​អង្ករ​របស់​ប្រទេស​កម្ពុជា​នៅ​ពេល​ខ្លួន​មាន​សមត្ថភាព​ស្តុក​ស្រូវ​កាន់តែ​ច្រើន​។

ក្រសួង​កសិកម្ម​បាន​បញ្ជាក់​ថា​ឧស្សាហកម្ម​នេះ​នឹង​នៅ​តែ​ត្រូវការ​ឃ្លាំង​ស្ដុក​ស្រូវ​បន្ថែម​ទៀត ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​បន្ថែម​ទៀត​ពេល​អនាគត​។

ឃ្លាំង​ស្ដុក​ស្រូវ​ ៣ ដែល​កំពុង​ត្រូវ​បាន​សាងសង់​នៅ​ក្នុង​ខេត្ត កំពង់ធំ ព្រៃវែង និង​តាកែវ​ដែល​ឃ្លាំង​ស្ដុក​នីមួយៗ​មាន​សមត្ថភាព​ស្ដុក​ស្រូវ​បាន​ ៥ ​ម៉ឺន​តោន និង​សម្ងួត​ស្រូវ​បាន​ប្រហែល ១ ៥០០ តោន​ប្រចាំ​ថ្ងៃ​។

ធនាគារ​អភិវឌ្ឍន៍​ជនបទ (RDB) ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​ផ្ដល់​កម្ចី ១៥ លាន​ដុល្លារ​ដល់​ក្រុមហ៊ុន​ ២ គឺ​ក្រុមហ៊ុន​ខ្មែរហ្វូត និង​ក្រុមហ៊ុន អេមរុ រ៉ាយស៍​។

លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន អេមរុ រ៉ាយស៍ បាន​ថ្លែង​ថា​ឃ្លាំង​ស្ដុក​ស្រូវ ដែល​ទទួល​បាន​កម្ចី​ ៥ ​លាន​ដុល្លារ​ចាប់​តាំងពី​ចុង​ឆ្នាំ​មុន​នៅ​ក្នុង​ខេត្ត​កំពង់ធំ​រួមមាន​ឃ្លាំង​ផ្សេង​ទៀត​ចំនួន​ ៦ ត្រូវ​បាន​វិនិយោគ​សរុប ៨ ​លាន​ដុល្លារ​។ លោក​ថ្លែង​ថា​ឃ្លាំង​ស្ដុក និង​ឡសម្ងួត​នេះ​នឹង​រួចរាល់​ក្នុង​រយៈពេល​ ១ ​ខែ​កន្លះ​ក្រោយ ឬ​ប្រហែល​ខែ​កក្កដា​។

លោក​បន្ត​ថា​៖ «​នៅពេល​នេះ​យើង​កំពុង​ដំឡើង និង​សាកល្បង​វា​នឹង​រួចរាល់​សម្រាប់​រដូវ​ប្រមូលផល​ក្រោយ​យើង​នឹង​ធានា​បាន​សមត្ថភាព​របស់​ឃ្លាំង​ស្ដុក​នេះ និង​ធ្វើឲ្យ​មាន​ស្ថិរភាព​ដល់​ទីផ្សារ​សម្រាប់​កសិករ​»​។

លោក​បញ្ជាក់​ថា​៖ «​ឃ្លាំង​ស្ដុក​របស់​យើង​នឹង​បង្កើន​ការនាំ​ចេញ​ហើយ​ឆ្លើយតប​ដំណោះស្រាយ​បាន​នៅ​ពេល​រដ្ឋាភិបាល​យល់​ព្រម​លើ​ចំនួន​ការនាំ​ចេញ​ជាមួយ​រដ្ឋាភិបាល​ប្រទេស​ផ្សេង​ទៀត​»​។

លោក គីម សាវុធ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន ខ្មែរហ្វូត ដែល​ទទួល​បាន​កម្ចី ១០ លាន​ដុល្លារ​ពី RDB សម្រាប់​ការសាងសង់​ឃ្លាំង​ស្ដុក​ស្រូវ​នៅ​ក្នុង​ខេត្ត​ព្រៃវែង និង​តាកែវ​បាន​បញ្ជាក់​ថា ឃ្លាំង​ស្ដុក​ទាំង​នេះ​នឹង​ដាក់​ឲ្យ​ដំណើរការ​សម្រាប់​រដូវ​ប្រមូលផល​នៅពេល​ខាង​មុខ​ផង​ដែរ​។

លោក​ថ្លែង​ថា​៖ «​ឃ្លាំង​ស្ដុក និង​ឡសម្ងួត​របស់​យើង​រួចរាល់​ជិត​ ៩០ ភាគរយ​ហើយ​នៅ​ក្នុង​ខេត្ត​តាកែវ ខណៈ​នៅ​ក្នុង​ខេត្ត​ព្រៃវែង​កំពុង​ដំណើរការ​បញ្ចប់​ផង​ដែរ​»​។

លោក​បន្ត​​ថា​៖ «​យើង​គ្រោង​នឹង​ធ្វើឲ្យ​រួចរាល់ ដើម្បី​ស្ដុក​ស្រូវ​នៅក្នុង​រដូវ​ប្រមូល​ផល​ខាង​មុខ វា​នឹង​បង្កើន​ការនាំចេញ​»​។

កាលពី​ដើម​ខែ​នេះ​ក្រសួង​កសិកម្ម​បាន​ដាក់​ឲ្យ​ដំណើរការ​ឃ្លាំង​ស្ដុក​ស្រូវ​ដែល​បាន​ផ្ដល់​មូលនិធិ​ដោយសាធារណរដ្ឋ​កូរ៉េ​នៅ​ក្នុង​ស្រុក​បាធាយ ខេត្ត​កំពង់ចាម មាន​ទឹកប្រាក់ ២,៨ ​លាន​ដុល្លារ​ដែល​សមត្ថភាព​សម្ងួតស្រូវ​បាន​ ៨០ តោន​ក្នុង​ ១ ​ថ្ងៃ និង​សមត្ថភាព​ស្ដុក​បាន ៦០០ តោន​។

ទោះបី​យ៉ាង​នេះ​ក្តី​លោក ហ៊ាន វណ្ណហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៅ​ក្រសួង​កសិកម្ម​បាន​ថ្លែង​ថា​ចំនួន​ទាំង​នេះ​នៅ​មិន​ទាន់​ឆ្លើយតប​បាន​តាម​តម្រូវការ​សមត្ថភាព​ស្ដុក​ស្រូវ​នោះ​ទេ​។

លោក​បាន​ថ្លែង​ថា​៖ «​វា​ជា​ដំណោះស្រាយ​សម្រាប់​កសិករ​ដែល​មិន​មាន​ការបារម្ភ​អំពី​ឃ្លាំង​ស្ដុក និង​ការបញ្ចេញ​ស្រូវ​ទៅ​ព្រំដែន​»​។ លោក​បន្ត​ថា​៖ «​ឧស្សាហកម្ម​ស្រូវ​អង្ករ​របស់​យើង នៅ​តែ​ត្រូវការ​ឃ្លាំង​ស្ដុក​ស្រូវ និង​សមត្ថភាព​ឡសម្ងួត​បន្ថែម​ទៀត ដើម្បី​ឆ្លើយតប​តាម​តម្រូវ​ការផលិត​ស្រូវ​»​។

កាលពី​ដើម​ឆ្នាំ​មុន RDB បាន​ផ្ដល់​កម្ចី​អត្រា​ការប្រាក់​ទាប​ ១៥ លាន​ដុល្លារ​ដល់​ធនាគារ​ស្រូវ​ដើម្បី​ពង្រីក​ឃ្លាំង​ស្ដុក​ស្រូវ​របស់​ខ្លួន​នៅក្នុង​ខេត្ត​បាត់ដំបង​។ មិន​អាច​ទាក់ទង​លោក ភូ ពុយ ប្រធាន​ធនាគារ​ស្រូវ​បាន​ទេ​កាលពី​ថ្ងៃ​ម្សិលមិញ​ ប៉ុន្តែ​តាម​ផែនការ​ឃ្លាំង​ស្តុក​ស្រូវ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​នេះ​ផង​ដែរ​៕ LA