ភ្នំពេញៈ ការបង្កើន​ប្រាក់​ឈ្នួល​យ៉ាង​ឆាប់​រហ័ស និង​បញ្ហា​កង្វះ​ជំនាញ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការប្រកួត​ប្រជែង​របស់​ប្រទេស​កម្ពុជា​នៅ​ក្នុង​វិស័យ​ផលិតកម្ម​សម្រាប់​នាំចេញ​។ នេះ​បើ​តាម​របាយការណ៍​ស្តីពី​ចក្ខុវិស័យ​អភិវឌ្ឍន៍​អាស៊ី​ឆ្នាំ​ ២០១៨ របស់ ADB ស្តីពី​កម្ពុជា​ដែល​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ​។

តាម​របាយការណ៍ ADB នៅ​តែ​រក្សា​ការ​ព្យាករ​ចក្ខុវិស័យ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ក្នុង​ភាពវិជ្ជមាន​នៅ​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ​ក្នុង​អត្រា​ ៧ ​ភាគរយ ដោយសារ​កំណើន​នាំ​ចេញ​រឹងមាំ លំហូរ​នៃ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ខ្លាំង កំណើន​នៃ​ការ​មក​ដល់​របស់​ភ្ញៀវទេសចរ​បរទេស និង​តម្រូវការ​ក្នុង​ស្រុក​ខ្ពស់​។

របាយការណ៍​របស់​ ADB បាន​ផ្តល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​អនុវត្ត​នូវ​គោលនយោបាយ និង​ការសម្រប​សម្រួល​នីតិវិធី​ធ្វើ​ធុរកិច្ច​។

របាយការណ៍​បន្ត​ថា​៖ «​ប្រសិន​បើ​ប្រទេស​កម្ពុជា​ខកខាន​ពុំ​បាន​អនុវត្ត​គោលនយោបាយ ដើម្បី​កាត់​បន្ថយ​ការចំណាយ​ផ្សេងៗ​សម្រាប់​ការ​ធ្វើ​ធុរកិច្ច​នោះ​ទេ នោះ​នឹង​បង្ក​ផលប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​ដ៏ឆាប់​រហ័ស​ក៏​ដូចជា​លទ្ធភាព​របស់​កម្ពុជា​ក្នុង​ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​រយៈពេល​មធ្យម​ទៅ​វែង​មិន​ខាន​»​។

អ្នក​តាក់តែង​គោលនយោបាយ​គួរ​ពិចារណា​សម្រួល​ដំណើរការ និង​នីតិវិធី​ដែល​ចាំបាច់​សម្រាប់​ការធ្វើ​ធុរកិច្ច​។ នេះ​បើ​យោង​តាម​របាយការណ៍​។

របាយការណ៍​បន្ត​ថា​៖ «​ការ​ធ្វើ​បែប​នេះ​នឹង​កាត់បន្ថយ​ចំណាយ និង​ជួយ​ឲ្យ​វិស័យ​កម្មន្តសាល និង​សេវាកម្ម​របស់​ប្រទេស​នេះ​នឹង​មាន​ភាព​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​»​។

លោក សៀង ថាយ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ចក្ខុវិស័យ​របស់ ADB អំពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឆ្លុះ​បញ្ចាំង​ពី​កំណើន​វិជ្ជមាន និង​ដំណើរការ​ពិតប្រាកដ​នៃ​សេដ្ឋកិច្ច​កម្ពុជា​។

លោក​ទទួល​ស្គាល់​សារៈសំខាន់​នៃ​អនុសាសន៍​របស់ ADB ស្ដីពី​ការ​ធ្វើឲ្យ​មាន​ភាព​ងាយស្រួល​នៃ​ដំណើរការ​ធ្វើឲ្យ​មាន​ភាព​ងាយស្រួល និង​នីតិវិធី​ក្នុង​ការ​ធ្វើ​ធុរកិច្ច​ដោយ​លើក​ឡើង​ថា​វា​ចាំបាច់​ក្នុង​ការ​បង្កើន​សមត្ថភាព​ប្រកួត​ប្រជែង​សម្រាប់​ប្រទេស​កម្ពុជា​។ លោក​ថ្លែង​ថា​៖ «​យើង​ទទួល​ស្គាល់​ថា យើង​ត្រូវការ​ការព្យាយាម​បន្ថែម​ទៀត​ដើម្បី​កែលម្អ​នីតិវិធី​ក្នុង​ការ​ផ្ដល់​ភាពងាយស្រួល​សម្រាប់​ពាណិជ្ជករ​ដើម្បី​ធ្វើ​ធុរកិច្ច​នៅ​ប្រទេស​យើង​»​។

លោក​បន្ថែម​ថា​ក្រសួង​ពាណិជ្ជកម្ម​កំពុង​កែទម្រង់​មួយ​ចំនួន និង​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ដើម្បី​ធ្វើ​ការងារ​មាន​ភាពងាយស្រួល​។

ក្រសួង​បាន​ចាប់ផ្ដើម​ដំណើរការ​គេហទំព័រ​ចុះ​បញ្ជី​អាជីវកម្ម​អនឡាញ​ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក និង​បរទេស​ចុះ​បញ្ជី​អាជីវកម្ម​របស់​ពួកគេ​នៅក្នុង​ប្រទេស​កម្ពុជា​តាម​អនឡាញ​។ ក្រសួង​ក៏​បាន​ដាក់​ឲ្យ​ដំណើរការ​ច្រកទ្វារ​អនឡាញ​ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ដាក់​ពាក្យ​សុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ (CO) ​អនឡាញ និង​ច្រក​ទា្វរ​ចុះ​បញ្ជី​សញ្ញា​ពាណិជ្ជកម្ម​អនឡាញ​ផងដែរ​។

បើ​គិត​តាម​វិស័យ ADB បាន​ឲ្យ​ដឹង​ថា​ឧស្សាហកម្ម​របស់​កម្ពុជា​ទំនង​ជា​បន្ត​កើនឡើង​ប្រហែល ៩,៦ ភាគរយ​ដោយ​ការ​ថមថយ​កំណើន​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង ប៉ុន្តែ​ត្រូវ​បាន​ប៉ះប៉ូវ​ដោយ​កំណើន​ខ្ពស់​ជាង​មុន​ក្នុង​ឧស្សាហកម្ម ដែល​កំពុង​ស្ទុះ​ងើប​ខ្លាំង​នានា​ដូចជា គ្រឿងអគ្គិសនី គ្រឿង​បង្គុំ​រថយន្ត កង់ អង្ករ និង​កៅស៊ូ​។ អតិផរណា​ត្រូវ​បាន​ព្យាករ​ថា​នឹង​កើន​ដល់ ៣,២ ភាគរយ​នៅ​ឆ្នាំ​នេះ​និង ​៣,៥ ភាគរយ​នៅ​ឆ្នាំ ២០១៩​។

ឱនភាព​ពាណិជ្ជកម្ម​ត្រូវ​បាន​រំពឹង​ថា​នឹង​នៅ​តែ​មាន​ច្រើន​ដោយសារ​ការចំណាយ​លើ​ការ​នាំចូល​កើនឡើង​សម្រាប់​តម្រូវការ​ប្រេង និង​ផលិតផល​នាំចូល​ផ្សេង​ទៀត​។

ទោះ​យ៉ាង​នេះ​ក្តី​ការរំពឹង​ទុក​ពី​កំណើន​ភ្ញៀវទេសចរ​នឹង​ជួយ​សម្រាល​ដល់​បញ្ហា​ឱនភាព​គណនី​ចរន្ត​ក្នុង​កម្រិត​ខ្លះ​។

របាយការណ៍​បន្ត​ថា​ជាមួយ​នឹង​កំណើន​នៃ​លំហូរ​ចូល FDI ​និង​ឥណទាន​សម្បទាន​ផ្លូវការ​ពី​ក្រៅប្រទេស​គួរ​មាន​កម្រិត​គ្រប់គ្រាន់​សម្រាប់​ផ្តល់​ហិរញ្ញប្បទាន​ដល់​ឱនភាព​គណនី​ចរន្ត និង​ជួយ​បង្កើន​ទុន​បម្រុង​រហូត​ដល់​ប្រមាណ​ ១០ ​ពាន់​លាន​ដុល្លារ​ត្រឹម​ចុង​ឆ្នាំ​ ២០១៨ ​នេះ​ផង​ដែរ​។

យោង​តាម​របាយការណ៍ គេ​រំពឹង​ថា​គោលនយោបាយ​សារពើពន្ធ​នឹង​មាន​លក្ខណៈ​ពង្រីក​បន្ថែម​ទៀត​នៅ​ឆ្នាំ​នេះ​បើ​ធៀប​នឹង​ឆ្នាំ​មុន ខណៈ​គោលនយោបាយ​រូបិយវត្ថុ និង​បន្ត​ផ្តោត​លើ​ការរក្សា​ស្ថិរភាព​នៃ​អត្រា​ប្តូរប្រាក់​។

តាម​ការសិក្សា​របស់​ធនាគារ​ពិភពលោក​ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់ ១៣៥ ក្នុង​ចំណោម​ ១៩០ ​ប្រទេស​ក្នុង​ការ​អង្កេត​ពី​ការធ្វើ​ពាណិជ្ជកម្ម​ឆ្នាំ​ ២០១៨ ដែល​ជា​ចំណាត់ថ្នាក់​ដាច់​ឆ្ងាយ​បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង​។

លោក សៀង ថាយ ថ្លែង​ថា​មិនមែន​ប្រទេស​កម្ពុជា​តែ​មួយ​នោះ​ទេ​ដែល​ត្រូវ​ការកែលម្អ​។ លោក​បន្ថែម​ថា​បណ្ដា​ប្រទេស​ផ្សេង​ទៀត​កំពុង​កែលម្អ​នីតិវិធី​ធ្វើ​ធុរកិច្ច​ផង​ដែរ​៕ LA