The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ចក្ខុ​វិស័យ​ឥណទាន​ អាស៊ី​ប៉ាស៊ី​ហ្វិក​មាន​ស្ថិរភាព

ចក្ខុ​វិស័យ​ឥណទាន​ អាស៊ី​ប៉ាស៊ី​ហ្វិក​មាន​ស្ថិរភាព

Content image - Phnom Penh Post
កប៉ាល់​កុងតឺន័រ ចូលចត​នៅ​កំពង់ផែនា​ទីក្រុង Qingdao ខេត្ត​ សានទុង ប្រទេស​ ចិន។ រូបថត AFP

ចក្ខុ​វិស័យ​ឥណទាន​ អាស៊ី​ប៉ាស៊ី​ហ្វិក​មាន​ស្ថិរភាព

ក្រុង​សិង្ហបុរីៈ ក្រុមហ៊ុន Moody's Investors Service បាន​ឲ្យ​ដឹង​ថា ចក្ខុ​វិស័យ​របស់​​ខ្លួន​ស្តីពី​លទ្ធភាព​សង​​​ឥណទាន​របស់​រដ្ឋាភិបាល (sovereign creditworthiness) ​​ក្នុង​តំបន់​​ អាស៊ីប៉ាស៊ី​ហ្វិក (APAC) ក្នុង​ឆ្នាំ ២០១៩ ជា​រួម​មាន​ស្ថិរភាព។ នេះ​បើ​យោង​តាម​សេចក្តី​​ប្រកាស​របស់​ ក្រុមហ៊ុន Moody's។

ការណ៍​នេះ​​ឆ្លុះ​បញ្ចាំង​ពី​ការ​រំពឹង​ទុក​របស់​​ទីភ្នាក់ងា​រវាយ​តម្លៃ​ចំណាត់​ថ្នាក់​ឥណទាន​មួយ​​​​នេះ​​អំពី​ស្ថានភាព​ឥណទាន​​មូលដ្ឋាន​ ដែលនឹង​ជំរុញ​ឥណទាន​រដ្ឋាភិបាល​​​​ក្នុង​រយៈ​ពេលពី ១២ ទៅ ១៨ ខែ​ក្រោយ។​

សេចក្តី​ប្រកាស​នេះ​​​ឲ្យ​ដឹង​ថា មូលដ្ឋាន​​ក្នុង​ស្រុក​ដ៏​រឹងមាំ រួម​ទាំង​​ការ​បង្កើន​ប្រាក់​ចំណូល និង​សមត្ថភាព​ប្រកួត​ប្រជែង ទុន​បម្រុង​រូបិយ​ប័ណ្ណ​​បរទេស​​ជា​ទូទៅ​មាន​បរិមាណ​ច្រើន​ និង​ប្រាក់​សន្សំ​ក្នុង​ស្រុក​​​​ច្រើន នឹង​បន្ត​គាំទ្រ​​ដល់​គុណភាព​ឥណទាន​របស់​​រដ្ឋាភិបាល។​

ទោះ​ជា​យ៉ាង​ណា កំណើន​សេដ្ឋកិច្ច​​​កំពុង​ថមថយ ហើយ​​ហានិភ័យ​ធ្លាក់ចុះ​សេដ្ឋកិច្ច​បាន​​​កើត​មាន​កាន់​តែ​ខ្លាំង​ឡើង។ ហានិភ័យ​នានា​​កើត​ចេញ​​​ពី​ភាព​តានតឹង​រវាង​អាមេរិក (ដែល​​មាន​ចំណាត់​ថ្នាក់​បំណុល Aa​a) និង​ប្រទេស ចិន (ចំណាត់​ថ្នាក់​បំណុល A1)​ ការ​​រឹត​បន្តឹង​លក្ខខណ្ឌ​​​ផ្ដល់​ហិរញ្ញប្បទាន​នៅ​ទូទាំង​ពិភព​លោក និង​ការ​​ផ្លាស់​ប្តូរ​អាទិភាព​​ផ្នែក​នយោបាយ និង​អាទិភាព​គោល​នយោបាយ​​ក្នុង​ស្រុក។

ចក្ខុវិស័យ​សេដ្ឋកិច្ច​កាន់​តែ​ទន់​ខ្សោយ​មាន​ន័យ​ថា ឱកាស​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​​ឥណទាន​ កំពុង​បិទទ្វារ​។​

ការ​សន្និដ្ឋាន​ទាំង​នេះ​​របស់​ទីភ្នាក់ងារ​វាយ​តម្លៃ​ចំណាត់​ថ្នាក់​ឥណទាន Moody's មាន​​​ក្នុង​​របាយការណ៍​ដែល​ទើប​ចេញ​​​ផ្សាយ​របស់​ខ្លួន​ដែល​មាន​ចំណង​ជើង​ថា «​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក៖ ស្ថិរភាព​ចក្ខុ​វិស័យ​ឆ្នាំ ២០១៩ ជា​ភាព​ខ្លាំង​ក្នុង​ស្រុក ទប់ស្កាត់​នឹង​កំណើន​​ភាព​មិន​ច្បាស់លាស់​គោល​នយោបាយ​ខាង​ក្រៅ»។​

ក្នុង​របាយ​ការណ៍​នេះ ការ​ព្យាករ​បន្ទាត់​មូលដ្ឋាន​របស់​ Moody's ពិចារណា​លើ​របាំង​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ដែល​បាន​អនុវត្ត និង​គ្រោង​ទុក​ទាំង​អស់​រវាង​អាមេរិក និង​ចិន។ ក្នុង​​ឆ្នាំ ២០១៩ ​ក្រុមហ៊ុន Moody's រំពឹង​ថា ទំនាក់​ទំនង​រវាង​​ប្រទេស​ទាំង ​២ នេះ​នឹង​មាន​​ទាំង​​​​ជម្លោះ​និង​ការ​សម្រប​សម្រួល​ពាក់ព័ន្ធ​នឹង​​ពាណិជ្ជកម្ម ការ​វិនិយោគ ​បច្ចេក​វិទ្យា និង​ភូមិសាស្រ្ត​នយោបាយ​។

ក្រុមហ៊ុន Moody's រំពឹង​ថា ​កម្រិត​​​កំណើន​សេដ្ឋកិច្ច​​​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នឹង​ថយចុះ​​​​ក្នុង​ឆ្នាំ​ ២០១៩ និង​ឆ្នាំ ២០២០ ប៉ុន្តែ​នៅ​តែ​រឹងមាំ​។​

ក្រុមហ៊ុន Moody's បាន​ឲ្យ​ដឹង​​ថា ប្រទេស​កំពុង​អភិវឌ្ឍន៍​ខ្លាំង និង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​​ស្ទុះ​ងើប ​ក្នុង​តំបន់​​អាស៊ី ទំនង​ជា​នឹង​ជួប​ប្រទះ​​​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ខ្លាំង​​​បំផុត​​ក្នុង​ឆ្នាំ ២០១៩ ដោយ​អត្រា​កំណើន​ផលិត​ផល​ក្នុង​ស្រុក (ផ.ស.ស) ជា​មធ្យម​មាន​​ ៥,៥​ ភាគរយ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ខ្លាំង និង ៥,២ ភាគរយ​​សម្រាប់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​​​ស្ទុះ​ងើប ដែល​ទាប​ជាង​ការ​ព្យាករ​របស់​ Moody's សម្រាប់​ឆ្នាំ ២០១៨។

ទន្ទឹម​នឹង​នេះ កំណើន​​សេដ្ឋកិច្ច​​ក្នុង​ប្រទេស​អភិវឌ្ឍន៍ នឹង​ទំនង​ជា​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ២,៥​ ភាគរយ​។​

កំណើន​សេដ្ឋកិច្ច​​នឹង​ត្រូវ​គាំទ្រ​​ដោយ​កំណើន​ប្រាក់​ចំណូល និង​សមត្ថភាព​ប្រកួត​ប្រជែង​ ដែល​បាន​គាំទ្រ​ជា​បន្ត​បន្ទាប់​ដោយ​ការ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ។ ហើយ​ទុន​បម្រុង​រូបិយ​ប័ណ្ណ​បរទេស និង​ប្រាក់​សន្សំ​ក្នុង​ស្រុក​ដ៏​ច្រើន​ផ្ដល់​ការ​ការពារ​ដ៏​ខ្លាំង​ប្រឆាំង​នឹង​វិបត្តិ​ពី​ខាង​ក្រៅ។

ប៉ុន្តែ​ភាព​តានតឹង​រវាង​សហរដ្ឋ​​អាមេរិក និង​ចិន​ អាច​រារាំង​ការ​វិនិយោគ និង​ដាក់​សម្ពាធ​លើ​សក្ដានុពល​​​កំណើន​ ដែល​ហួស​​ពី​​ការ​សន្និដ្ឋាន​​បច្ចុប្បន្ន​របស់​​​ក្រុមហ៊ុន Moody's ដោយ​​​សារ​​ការ​ប្រឈម​ពាណិជ្ជកម្ម​​ទៅ​រក​ប្រទេស ចិន និង​ការ​ធ្វើ​សមា​ហរណកម្ម​នៃ​ចង្វាក់​ផ្គត់ផ្គង់​​ផលិតកម្ម​នៅ​ក្នុង​តំបន់​អស៊ី​​ប៉ាស៊ីហ្វិក​។​

ហានិភ័យ​​​ធំ​ជាង​ការ​រំពឹង​ទុក​បច្ចុប្បន្ន នឹង​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​ដល់​​លទ្ធភាព​ខ្ចី​​បំណុល និង​បង្កើន​​ហានិភ័យ​សន្ទនីយភាព​របស់​រដ្ឋាភិបាល ជា​ពិសេស​សម្រាប់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​​ស្ទុះ​ងើប​​។​

គិត​ត្រឹម​ថ្ងៃ​ទី​ ៩ ខែ​មករា ឆ្នាំ ២០១៩ ប្រទេស​ចំនួន ២១ ក្នុង​​ចំណោម​ ២៤ ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​បាន​វាយ​តម្លៃ​ដោយ​​ក្រុមហ៊ុន​ Moody's មាន​ចក្ខុ​វិស័យ​ចំណាត់​ថ្នាក់​បំណុល​​​ស្ថិរភាព ខណៈ​ដែល​ប្រទេស​​ ៣ ​​មាន​ចក្ខុ​វិស័យ​អវិជ្ជមាន៕ LA

អត្ថបទគួរចាប់អារម្មណ៍