ភ្នំពេញៈ ការសិក្សាថ្មីៗនេះបង្ហាញថា ប្រសិទ្ធភាពនៃដំណើរសេវាដឹកជញ្ជូន និងការផ្គត់ផ្គង់របស់កម្ពុជាបានធ្លាក់ចុះ ទោះបីការកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងទំហំពាណិជ្ជកម្មជាមួយទីផ្សារអឺរ៉ុបក៏ដោយ។
កាលពីម្សិលមិញ Agility ជាក្រុមហ៊ុនផ្គត់ផ្គង់ចង្វាក់ផលិតកម្មពិភពលោក (GFC) បានចេញផ្សាយសន្ទស្សន៍ដឹកជញ្ជូននៅក្នុងទីផ្សារកំពុងរីកចម្រើន (EMLI) ឆ្នាំ២០១៥ ដោយ កម្ពុជាបានធ្លាក់ចុះនៅលើសន្ទស្សន៍មកនៅត្រឹមចំណាត់ថ្នាក់ទី ៤៤ ក្នុងចំណោមប្រទេស ៤៥ ដែលល្អប្រសើរជាងប្រទេស អូហ្គង់ដា តែមួយគត់។
ចំណាត់ថ្នាក់របស់ EMLI គិតពីកំណើនសេដ្ឋកិច្ចដ៏មានសក្ដានុពលរបស់ប្រទេសនីមួយៗ លទ្ធភាពនិងភាពទាក់ទាញការវិនិយោគបរទេសព្រមទាំងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងស្រុក និងក្រៅប្រទេស។
ក្នុងចំណោមវិធានការនេះ ប្រទេសកម្ពុជាទទួលបានពិន្ទុទាបជាងគេបំផុតក្នុងចំណោមប្រទេស ៤៥ នៅក្នុងទំហំទីផ្សារ និងកំណើនទាក់ទាញ។
របាយការណ៍ឲ្យដឹងថា៖ «កម្ពុជាត្រូវបានគេមើលឃើញថាមានការកែលម្អនៅស្ថានភាពសេដ្ឋកិច្ច។ ប៉ុន្តែ លក្ខខណ្ឌសង្គមតម្រូវឲ្យមានការកែលម្អច្រើន»។
ទោះបីការធ្លាក់ចុះលើសន្ទស្សន៍នេះ ក៏ទំហំការនាំចេញតាមផ្លូវអាកាសរបស់កម្ពុជាទៅកាន់អឺរ៉ុបបានកើនឡើង៤១ភាគរយកាលពីឆ្នាំ ២០១៤ ជាការកើនឡើងធំជាងគេទីពីរបន្ទាប់ពីពាណិជ្ជកម្មប្រទេស វៀតណាម-អាមេរិក។
របាយការណ៍ EMLI ឲ្យដឹងថា៖ «កម្ពុជា សហភាពអឺរ៉ុបត្រូវគេរំពឹងថានឹងបន្តលើគន្លងកំណើនដ៏ខ្លាំង»។ របាយការណ៍បន្តថា៖ «ប៉ុន្តែវាមានតម្លៃដ៏តូចបំផុតនៅក្នុងចំណោមប្រទេស ២៥»។ ប៉ុន្តែ ពាណិជ្ជកម្មដ៏ខ្លាំងរបស់ប្រទេសកម្ពុជាជាមួយអឺរ៉ុប (EU) បានបរាជ័យក្នុងការទាក់ទាញចំណាប់អារម្មណ៍អ្នកជំនាញផ្នែកឧស្សាហកម្ម។
ការអង្កេតក្នុងចំណោមក្រុមហ៊ុនជំនាញដឹកជញ្ជូន ៩៧២ រួមទាំងរបាយការណ៍កាលពីថ្ងៃទី២០ ខែមករា របស់ក្រុមហ៊ុន Agility ផងដែរ បានបង្ហាញថា កម្ពុជាជាទីផ្សារទាក់ទាញតិចជាងគេទី១១ ខាងការវិនិយោគផ្នែកដឹកជញ្ជូនដែលកើនឡើង២ចំណាត់ថ្នាក់ធៀបនឹងលទ្ធផលអង្កេតឆ្នាំ ២០១៤។
CMA CGM Group ជាក្រុមហ៊ុនមួយដែលស្ថិតក្នុងការអង្កេតនោះ។
លោក ញីវ កុល អ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន CMA Cambodia មិនមានការភ្ញាក់ផ្អើលនៅក្នុងលទ្ធផលរបស់ EMLI ចុងក្រោយនេះទេ។
លោកបានថ្លែងថា ការចំណាយលើកំពង់ផែ និងការដឹកជញ្ជូនតាមផ្លូវគោកនៅតែជាហានិភ័យដ៏ធំដល់ចង្វាក់ផ្គត់ផ្គង់ និងជាបន្ទុកសម្រាប់ក្រុមហ៊ុននាំចូលទំនិញកម្ពុជា។
លោកលើកឡើងថា៖ «ការចំណាយលើការដឹកជញ្ជូនបន្ថែមលើការចំណាយក្នុងក្រុមហ៊ុនមានន័យថា យើងមិនអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងថៃ និងវៀតណាមនៅក្នុងការនាំចេញអង្ករ កៅស៊ូ ជ័រកៅស៊ូ ដំឡូង ។ល។ បានទេ»។
ថៃ ម៉ាឡេស៊ី វៀតណាម និងហ្វីលីពីន ជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសឈានមុខគេទាំង២០របស់ EMLI។
លោក ញីវ កុល បានបញ្ជាក់ថា៖ «ក្រុមហ៊ុន CMA មិនមានជម្រើសក្រៅពីការដាក់ពន្ធនាំចេញកាន់ខ្ពស់ដល់អតិថិជនចុងក្រោយនោះទេ។ នៅទីបញ្ចប់យើងទទួលរងផលប៉ះពាល់ទាំងពីរ ដោយសារតែយើងនាំចេញតិច»។
លោក John Manners-Bell អគ្គនាយកក្រុមហ៊ុន Transport Intelligence ជាក្រុមហ៊ុនវិភាគលើការដឹកជញ្ជូន ដែលរៀបចំទិន្នន័យឲ្យ EMLI បានសរសើរដល់ទីផ្សារកំពុងរីកចម្រើនទាំងអស់ ៤៥ សម្រាប់ការរក្សាបានកំណើនដោយសារតែការស្ទុះងើបឡើងវិញរបស់ពិភពលោកយឺតជាងការរំពឹងទុកចាប់តាំងពីឆ្នាំ ២០០៨។
លោកលើកឡើងថា៖ «ទោះបីជាមានបញ្ហាប្រឈមក៏ដោយក៏ចំណាប់អារម្មណ៍នៅតែខ្ពស់នៅក្នុងទីផ្សារដែលងាយប្រែប្រួលទាំងនេះ ខណៈមានការបង្ហាញពីការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ការកើនឡើងពាណិជ្ជកម្ម និងការកើនឡើងតម្រូវការក្នុងស្រុក»។
លោកបញ្ជាក់ថា៖ «រោងចក្រ ក្រុមហ៊ុនលក់រាយ និងក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូនរបស់ពិភពលោកចាំបាច់ត្រូវរក្សាការយល់ដឹងពីថាមពលនៃការផ្លាស់ប្តូរប្រសិនបើពួកគេចង់ទាញយកផលប្រយោជន៍ពីឱកាសដ៏សំខាន់ដែលមានស្រាប់នេះ»៕PB