ភ្នំពេញៈ ​ចរាចរណ៍​ទំនិញ​ឆ្លង​​កាត់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ ដែល​ជា​សហគ្រាស​ចុះ​បញ្ជី​ក្នុង​ផ្សារហ៊ុន​កម្ពុជា​ នៅ​ត្រីមាស​ទី​១ ​ឆ្នាំ ​២០១៩ ​នេះ​បាន​កើន​ឡើង ​១៦ ​​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ នេះ​​បើ​​តាម​រដ្ឋមន្ត្រី​​ក្រសួង​សាធារណការ និង​​ដឹក​​ជញ្ជូន​។

លោក ​ស៊ុន ​ចាន់ថុល ​រដ្ឋមន្ត្រី​ក្រសួង​​សាធារណការ ​និង​ដឹក​ជញ្ជូន​បាន​ថ្លែង ​​ក្នុង​ខួប​លើក​ទី​១៣៣​ នៃ​ទិវា​ពលកម្ម​​អន្តរជាតិ​នៅ​ខេត្ត​ព្រះសីហនុ ​កាល​ពី​ថ្ងៃ​ទី​១ ​ខែ ​ឧសភា​​​ ថា នៅ​​ត្រីមាស​ទី​១ ឆ្នាំ​ ​២០១៩ ​នេះ​ចរាចរណ៍​ទំនិញ​ដែល​​​​ឆ្លង​កាត់​កំពង់ផែ​ក្រុង​ព្រះសីហនុ​មាន​​ចំនួន ​១៣៩ ​៨៨៩ ​TEUs ​ដោយ​​កើន​ឡើង ​១៦ ​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ ​២០១៨​។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា​កាល​ពី​ឆ្នាំ ​២០១៨ ​ទំនិញ​ឆ្លង​កាត់​កំពង់ផែ​ក្រុង​ព្រះសីហនុ ​មាន​ចំនួន​ ៥៤១​ ២២៨ ​TEUs ​ដែល​ស្មើ​នឹង​កំណើន ​១៧,៧ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ​២០១៧ ​ដែល​មាន​តម្លៃ​ទឹក​ប្រាក់​ ៧២ លាន​ដុល្លារ​នៅ​ឆ្នាំ ២០១៨។​ នេះ​បើ​​តាម​លោក​ ស៊ុន ​ចាន់ថុល​។​

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ផ្អែក​លើ​កំណើន​ដ៏​រឹងមាំ​នេះ​ កំពង់ផែ​​​រំពឹង​ថា បរិមាណ​កុងតឺន័រ​ឆ្លង​កាត់​នឹង​កើន​លើស ៧០០ ០០០ TEUs នៅ​ឆ្នាំ ​២០២០ និង​លើស​ពី​ ១ ០០០ ០០០ TEUs នៅ​ឆ្នាំ ​២០២៣។ លោក​បន្ត​ថា ដើម្បី​អាច​ឆ្លើយ​តប​​​នឹង​កំណើន​​នា​ពេល​ខាង​មុខ​ ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ក៏​ត្រូវ​​ពង្រឹង និង​ពង្រីក​សមត្ថភាព​របស់​ខ្លួន​ក្នុង​​ការ​លើក​ដាក់​ទំនិញ​ និង​ឃ្លាំង​ស្តុក​ទំនិញ​​ផង​ដែរ​​។

លោក​ថ្លែង​​ថា៖ «​កំពង់ផែ​ក៏​ត្រូវ​មាន​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ ​ដូចជា​ការ​បញ្ចុះ​តម្លៃ​លើក​ដាក់​ទំនិញ ​បញ្ចុះ​តម្លៃ​សេវាឡូ​ជីស្ទីក ​ពង្រឹង​នូវ​ប្រសិទ្ធ​ភាព​គ្រប់គ្រង ​និង​ប្រតិបត្តិការ​កំពង់ផែ ​និង​កតា្ត​ផ្សេងៗ​ទៀត​ដើម្បី​ពង្រឹង​ការ​ប្រកួត​​ប្រជែង​»​។

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​លោក​ អូន ​ព័ន្ធមុនីរ័ត្ន ​បាន​និយាយ​ថា ​កំពង់ផែ​ស្វយ័ត​​ក្រុង​ព្រះសីហនុ ​គឺ​ជា​​អង្គភាព​សេដ្ឋកិច្ច​មួយ​ដែល​​សំខាន់​ និង​មិន​អាច​ខ្វះ​បាន​របស់​កម្ពុជា នៅ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ផ្លូវ​សមុទ្រ​ជា​មួយ​ប្រទេស​នានា​លើ​ពិភព​លោក​។

កន្លង​មក​អង្គភាព​នេះ​បាន​ខិតខំ​យ៉ាង​ច្រើន​​​ក្នុង​ការ​​ចូលរួម​ជា​មួយ​រដ្ឋាភិបាល ​ដើម្បី​​​ជួយ​កាត់​បន្ថយ​ថ្លៃ​​ដឹក​ជញ្ជូន​។ នេះ​បើ​យោង​តាម​លោក ​ អូន ​ព័ន្ធមុនីរ័ត្ន​។

លោក​បាន​​ថ្លែង​ថា៖​ «​ដោយសារ​រដ្ឋាភិបាល​ដាក់​ចេញ​នូវ​ការ​កែ​ទម្រង់​មួយ​ចំនួន​នោះ វា​បាន​ធ្វើ​ឲ្យ​កំពង់ផែ​នេះ​បាត់បង់​ចំណូល​ប្រមាណ ​២ ​លាន​ដុល្លារ​​​ តែ​ទោះ​បី​យ៉ាង​ណា​វិធានការ​ដែល​ទើប​ដាក់​ចេញ​មក​ថ្មីៗ​​នេះ​​ វា​បាន​ធ្វើ​ឲ្យ​ថ្លៃ​ដឹក​​ជញ្ជូន​របស់​កម្ពុជា​​ទាប​ជាង​មុន ដែល​នឹង​ធ្វើ​ឲ្យ​ទំនិញ​របស់​កម្ពុជា​ទាំង​មូល​កាន់​តែ​មាន​សមត្ថភាព​ប្រកួត​ប្រជែង​​»​។​

ព្រម​ជា​មួយ​គ្នា​នេះ លោក​ក៏​បាន​​ជំរុញ​ឲ្យ​​បញ្ចប់​​ការ​សាងសង់​ចំណត​កុងតឺន័រ​​ថ្មី​តាម​កាល​កំណត់ ដែល​នៅ​ពេល​នោះ​នឹង​ធ្វើ​ឲ្យ​តម្លៃ​ដឹក​ជញ្ជូន​តាម​​​សមុទ្រ​របស់​កម្ពុជា​មាន​កម្រិត​ប្រហាក់​ប្រហែល​ជាមួយ​ប្រទេស​ជិត​​ខាង​​។

តម្លៃ​ភាគហ៊ុន​កំពង់ផែ​​ព្រះសីហនុ​ជួញដូរ​កាល​ពី​ថ្ងៃ​ម្សិលមិញ​នៅ​លើ​ផ្សារហ៊ុន​កម្ពុជា​គឺ​ ១២ ៣៤០ ​រៀល ​ដែល​មាន​ទំហំ​ជួញដូរ​ ១ ​៧០០ ​ហ៊ុន ​និង​តម្លៃ​ជួញដូរ​ ២០ ​៩៧៨ ​០០០ ​រៀល​៕LA