ភ្នំពេញៈ កំពង់ផែរអន្តរជាតិឈានមុខគេពីររបស់កម្ពុជាបានបង្ហាញពីកំណើនចរាចរណ៍ទំនិញនៅក្នុងឆ្នាំ ២០១៥ ធៀបនឹងឆ្នាំ ២០១៤ ខណៈដែលកំពង់ផែសមុទ្ររបស់កម្ពុជាអះអាងពីការចុះបញ្ជីក្នុងផ្សារហ៊ុននៅពាក់កណ្តាលឆ្នាំនេះ។
ទិន្នន័យបានពីកំពង់ផែរស្វយ័តក្រុងភ្នំពេញ (PPAP) បង្ហាញថាចរាចរណ៍ទំនិញឆ្លងកាត់កំពង់ផែក្នុងឆ្នាំ ២០១៥ នេះទទួលបានកំណើន ៨ ភាគរយដែលមាន ១៤៤ ៨០០ ធឺអ៊ីយូ ខណៈកំពង់ផែស្វយ័តក្រុងព្រះសីហនុ (SAP) កើនឡើង ១៧ ភាគរយដែលមានចំនួន ៣៩០ ០០០ ធឺអ៊ីយូ បើធៀបនឹងឆ្នាំ ២០១៤។
លោក ហ៊ឺ បាវី អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញបានថ្លែងថាកំណើននេះទាបជាងទិសដៅរបស់ក្រុមហ៊ុនដែលមាន ១០ ភាគរយដោយសារមានការប្រកួតប្រជែងតាមផ្លូវគោក។
លោកថ្លែងថា៖ «មានបញ្ហាប្រឈមមួយចំនួនពីការដឹកជញ្ជូនតាមផ្លូវគោកបន្ទាប់ពីស្ពាន [ស្ពានអ្នកលឿង] ត្រូវបានតភ្ជាប់»។ បើទោះបីយ៉ាងនេះក្តី លោកអះអាងថាចរាចរណ៍ទំនិញនឹងនៅតែបន្តកើនឡើងដោយសារកំពង់ផែកំពុងបន្តជំរុញការដឹកជញ្ជូនឆ្លងកាត់ព្រំដែនជាមួយប្រទេសវៀតណាមផ្អែកលើគណៈកម្មាធិការសម្របសម្រួលការដឹកជញ្ជូនដែលបានព្រមព្រៀងបង្កើតឡើងរវាងកម្ពុជា និង វៀតណាមកាលពីឆ្នាំ ២០០៩ ។
តាមលោក ហ៊ឺ បាវី កំពង់ក៏គ្រោងនឹងបង្កើតក្រុមហ៊ុនដឹកជញ្ជូនផ្ទាល់ខ្លួនផងដែរដើម្បីសម្រួលថ្លៃដឹកជញ្ជូនដល់ក្រុមហ៊ុននាំចេញ នាំចូល។
កំពង់ផែស្វយ័តភ្នំពេញបានឡើងផ្សារហ៊ុនកាលពីដើមខែធ្នូ ឆ្នាំ ២០១៥ ដែលជាសហគ្រាសរដ្ឋទីពីរបន្ទាប់ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
លោក ហ៊ឺ បាវី ថ្លែងថា៖ «យើងកំពុងស្ថិតនៅក្នុងផ្សារហ៊ុនក្នុងការរក្សាអតិថិជនដែលមានស្រាប់របស់យើង និងពង្រីកសេវារបស់យើងក្នុងការឆ្លើយតបតម្រូវការរបស់អតិថិជន។ យើងសម្លឹងមើលទៅការងារថ្មីព្រមទាំងសេវាដឹកជញ្ជូនពីកំពង់ផែទៅរោងចក្រដើម្បីកាត់បន្ថយការចំណាយលើការដឹកជញ្ជូន»។
លោកបន្តថា៖ «ដើមទុនទាំងអស់បានពីផ្សារហ៊ុននឹងយកទៅវិនិយោគចំណតផែថ្មីដំណាក់កាលទី ២ រួមជាមួយនឹងប្រាក់ចំណេញដែលយើងរកបានកន្លងមកយើងនឹងមិនប្រើលុយពីប្រភពផ្សេងទេ»។
លោកបន្តថា ការអភិវឌ្ឍក្នុងដំណាក់កាលទីពីរនឹងបញ្ចប់នៅចុងឆ្នាំ ២០១៨ ដែលនឹងបង្កើនសមត្ថភាពផ្ទុកទំនិញពី ១៥ ម៉ឺនធឺអ៊ីយូរហូតដល់ចំនួន ៣០ ម៉ឺនធឺអ៊ីយូ។
លោក លូ គឹមឈុន អគ្គនាយកកំពង់ផែក្រុងព្រះសីហនុបានថ្លែងថាការដឹកជញ្ជូនទំនិញគិតជាតោនមានចំនួន ៣,៧ លានតោនកើនឡើងជាង ៨ ភាគរយ និងមានកប៉ាល់ឆ្លងកាត់ជាង ១ ៣០០ គ្រឿងកើនឡើង ៣៣ ភាគរយក្នុងនោះនាវាទេសចរណ៍មាន ៣៦ គ្រឿង។
លោកថ្លែងថា៖ «ផលិតផលសំខាន់ៗដែលឆ្លងកាត់តាមកំពង់ផែរបស់យើងគឺសម្លៀកបំពាក់ អង្ករ ដែលដឹកទៅអឺរ៉ុប និងអាមេរិក។ ខណៈការនាំចូលគឺជាសម្ភារសម្រាប់រោងចក្រកាត់ដេរ សម្ភារសំណង់ និងគ្រឿងម៉ាស៊ីន»។
លោកបន្តថាតាមផែនការគម្រោងឡើងផ្សារហ៊ុននឹងធ្វើឡើងនៅពាក់កណ្តាលឆ្នាំ ២០១៦ ដោយមិនមានការប្រែប្រួលឡើយជាមួយនឹងការចុះបញ្ជីពី ១៥ ទៅ ២៥ ភាគរយនៃដើមទុនសរុប។
លោកថ្លែងថា៖ «ដូចការគ្រោងទុកយើងកំពុង [ធ្វើការ] ជាមួយនឹងស្ថាប័នពាក់ព័ន្ធក្នុងការចុះបញ្ជីក្រុមហ៊ុននៅក្នុងផ្សារហ៊ុនកម្ពុជានៅពាក់កណ្ដាលឆ្នាំ ២០១៦ ហើយផែនការនេះនឹងមិនផ្លាស់ប្តូរទេ»។
លោកបញ្ជាក់ថា៖ «ការចុះបញ្ជីក្នុងផ្សារហ៊ុនគឺជាផ្នែកមួយនៃមធ្យោបាយស្វែងរកដើមទុនក្រៅពីប្រភពផ្សេងទៀតដែលយើងកំពុងស្វែងរកនៅពេលនេះ»។
លោក គឹមឈុន បានឲ្យដឹងថាមានតម្រូវការអភិវឌ្ឍកំពង់ផែថ្មីដើម្បីឆ្លើយតបនឹងតម្រូវការខ្ពស់ដែលកំពង់កើនឡើងនាពេលបច្ចុប្បន្ន។
លោកបន្ថែមថា៖ «វាត្រូវការពេលវេលាពី ៥ ដល់ ៦ ឆ្នាំក្នុងការសាងសង់កំពង់ផែថ្មី។ ផ្អែកលើការព្យាករកុងតឺន័រឆ្លងកាត់កំពង់ផែបច្ចុប្បន្ននេះនៅក្នុងឆ្នាំ ២០២០ កំពង់ផែនេះនឹងលើសសមត្ថភាពរបស់វាដូច្នេះយើងត្រូវតែចាប់ផ្ដើមពីពេលនេះ»។
លោកបន្តថា គម្រោងសាងសង់ផែថ្មីនេះត្រូវបានប៉ាន់ប្រមាណថានឹងចំណាយអស់ ៨០ លានដុល្លារ។ លោកបន្ថែមថា៖ «យើងត្រូវតែប្រញាប់ធ្វើវា និងត្រូវតែសិក្សាលម្អិតដោយសិក្សាពីលទ្ធភាព និងស្ថានការណ៍សេដ្ឋកិច្ចពេលអនាគត»។
លោក ស្វាយ ហៃ អគ្គនាយក និងជាប្រធានក្រុមហ៊ុនមូលបត្រអេស៊ីលីដាថ្លែងថាការចុះបញ្ជីរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុនឹងបង្កើនជម្រើសបន្ថែមសម្រាប់វិនិយោគិន។ លោកថា៖ «អ្នកទិញតែងតែចូលចិត្តជួញដូរនៅក្នុងភាគហ៊ុនផ្សេងៗគ្នា»៕LA