អង្គការ​សហប្រជាជាតិៈ ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​មហាអំណាច​អាស៊ី​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​និយាយថា ប្រទេស​ចិន​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សកល​កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​ធ្វើ​នីតិកម្ម​លក់​សព្វាវុធ​ដែល​ត្រូវបាន​បដិសេធ​ដោយ​សហរដ្ឋអាមេរិក​។

ស្ថាប័ន​នីតិបញ្ញត្តិ​កំពូល​នៃ​រដ្ឋ​កុម្មុយនីស្ត​បាន​បោះឆ្នោត​គាំទ្រ​កាលពី​ចុងខែ​មិថុនា ដើម្បី​ចូលរួម​សន្ធិសញ្ញា​ពាណិជ្ជកម្ម​សព្វាវុធ​អង្គការ​សហប្រជាជាតិ ដែល​រៀបចំ​ឡើង​ដើម្បី​គ្រប់គ្រង​លំហូរ​នៃ​សព្វាវុធ​ទៅក្នុង​តំបន់​ដែល​មាន​ជម្លោះ​។

លោក Zhang Jun ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ការចុះ​ហត្ថលេខា​នេះ​បង្ហាញ​ថា ដំណោះស្រាយ​ និង​ភាពស្មោះត្រង់​របស់​ចិន​ក្នុង​ការរក្សា​របប​គ្រប់គ្រង​អាវុធ​ជា​អន្តរជាតិ គាំទ្រ​ពហុភាគី​និយម និង​ធ្វើឲ្យ​សហគមន៍​កាន់តែ​រឹងមាំ​ជាមួយ​ការចែករំលែក​អនាគត​សម្រាប់​មនុស្សជាតិ​»​។

សេចក្តី​ថ្លែងការណ៍​បន្ថែម​ថា​ទីក្រុង​ប៉េកាំង​អនុញ្ញាត​ការនាំចេញ​អាវុធ​ទៅកាន់​តែ​រដ្ឋ​អធិបតេយ្យ​ប៉ុណ្ណោះ​។

ចិន​ជា​ប្រទេស​ផលិត​សព្វាវុធ​ធំ​បំផុត​លំដាប់​ទី​ ២ ​ក្នុង​ពិភពលោក​បាន​ប្រកាស​កាលពី​ថ្ងៃទី​ ២២ ខែមិថុនា​ថា ខ្លួន​នឹង​ចូលរួម​ជាមួយ​សន្ធិសញ្ញា​ពាណិជ្ជកម្ម​សព្វាវុធ​ដែល​មាន​រដ្ឋ​ជា​សមាជិក ១៧០ ​នាពេល​បច្ចុប្បន្ន​។

អនុម័ត​ដោយ​អង្គការ​សហប្រជាជាតិ​ក្នុង​ឆ្នាំ​ ២០១៣ សន្ធិសញ្ញា​តម្រូវ​ឲ្យ​រដ្ឋ​ជា​សមាជិក​រក្សា​ការកត់ត្រា​នៃ​ការផ្ទេរ​សព្វាវុធ​ជា​អន្តរជាតិ និង​ទប់ស្កាត់​ការនាំចេញ​ឆ្លង​ព្រំដែន​ដែល​អាច​ត្រូវបាន​ប្រើប្រាស់​រំលោភសិទ្ធិ​មនុស្ស​។

សព្វាវុធ​រាប់​ចាប់ពី​កាំភ្លើង​ដៃ​រហូត​ដល់​មីស៊ីល យន្តហោះ និង កប៉ាល់​ចម្បាំង​។

សហរដ្ឋអាមេរិក​មិនបាន​​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​ពាណិជ្ជកម្ម​សព្វាវុធ​ឆ្នាំ​ ២០១៣ ​នោះ​ឡើយ បន្ទាប់ពី​អតីត​ប្រធានាធិបតី Barack Obama យល់ព្រម​រួចមក ហើយ​លោក​ ត្រាំ បាន​និយាយថា លោក​នឹង​លុបចោល​ការចុះហត្ថលេខា​របស់​ប្រធានាធិបតី​មុន​។

វា​ស្ថិតនៅ​ក្នុង​ចំណោម​កិច្ចព្រមព្រៀង​អន្តរជាតិ​ជាច្រើន​ដែល​ធ្វើឡើង​ក្រោម​រដ្ឋបាល​លោក Obama ដែល​លោក​ ត្រាំ បដិសេធ​៕ RR