ក្រុង​ប៉េកាំងៈ គណៈកម្មការ​អភិវឌ្ឍន៍ និង​កែ​ទម្រង់​ជាតិ​ (NDRC) ​របស់​​​ប្រទេស ចិន​ កាល​​ពី​ថ្ងៃ​ចន្ទ បាន​បង្ហាញ​ការ​ជំទាស់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប៉ុនប៉ង​​ក្នុង​ការ​ប្រើប្រាស់​​ផលិតផល​ដែល​​ផលិត​ជាមួយ​នឹង​ធនធាន​រ៉ែ​កម្រ​របស់​ប្រទេស ​ចិន​ ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​របស់​​ប្រទេស ​ចិន​។​

លោកស្រី​​ Meng Wei អ្នក​នាំពាក្យ​ NDRC បាន​ថ្លែង​ថា​៖ «​យើង​ជំទាស់​យ៉ាង​ខ្លាំង​រាល់​ការ​ប៉ុនប៉ង​​ណា​មួយ ក្នុង​ការ​​ប្រើប្រាស់​​ផលិតផល​ដែល​ផលិត​ជាមួយ​នឹង​ធនធាន​រ៉ែ​​កម្រ​របស់​ប្រទេស ​ចិន​ ដើម្បី​ទប់ស្កាត់​ និង​បង្រ្កាប​​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​»។​​

លោកស្រី Meng បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ នៅ​ពេល​ស្នើសុំ​ការ​អត្ថាធិប្បាយ​​អំពី​​​ថា តើ​រ៉ែ​កម្រ​នឹង​ក្លាយ​ជា​វិធានការ​តបត​របស់​​ចិន​វិញ​ដែរ ​ឬ​យ៉ាង​ណា​ ក្នុង​គ្រា​ដែល​​ជម្លោះ​​​ពាណិជ្ជកម្ម​​​កើន​ឡើង​ខ្លាំង​ជាមួយ​អាមេរិក​ដែរ​។

លោកស្រី​ឲ្យ​ដឹង​ថា ប្រទេស ​ចិន ​តែងតែ​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី និង​ការ​ធ្វើ​សកល​ភាវូបនីយកម្ម​សេដ្ឋកិច្ច និង​​លើក​​កម្ពស់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​​រ៉ែ​កម្រ​ដោយ​បើក​ចំហ សហការ​ និង​វិធីសាស្ដ្រ​រួម។

ប្រទេស ​ចិន ​មាន​កំណប់​​​រ៉ែ​កម្រ​​ឈាន​មុខ​គេ​ និង​ជា​​ប្រទេស​​ផលិត​ធនធាន​រ៉ែ​កម្រ​ធំ​ជាង​​គេ​លើ​ពិភព​លោក​។​

លោកស្រី Meng ឲ្យ​ដឹង​ថា ប្រទេស ចិន ​មាន​បំណង​ឆ្លើយ​តប​​ទៅ​នឹង​តម្រូវការ​ស្រប​ច្បាប់​របស់​បណ្ដា​ប្រទេស​ផ្សេង​ទៀត​សម្រាប់​ការ​អភិវឌ្ឍ​ តាមរយៈ​ការ​ផ្ដល់​ធនធាន​ និង​ផលិតផល​រ៉ែ​កម្រ ប៉ុន្តែ​យើង​​ជំទាស់​យ៉ាង​ខ្លាំង​ទៅ​នឹង​​ការ​អនុវត្ត​របស់​​ប្រទេស​មួយ​ចំនួន​ដែល​​មិន​អើពើ​ច្បាប់​ពាណិជ្ជកម្ម​ពិភព​លោក និង​​បំផ្លាញ​ចង្វាក់​ឧស្សាហកម្ម​របស់​ពិភព​លោក។​

ថ្មីៗ​នេះ NDRC បាន​រៀបចំ​កិច្ច​ពិភាក្សា​ចំនួន​​ ​៣ ​លើក​រួច​ហើយ​ ដើម្បី​ស្តាប់​​​យោបល់​​​​ពី​​ក្រុម​អ្នក​ជំនាញ​​ឧស្សាហកម្ម សហគ្រាស​ធំៗ​ ​និង​អាជ្ញាធរ​​មូលដ្ឋាន​៕​ People''s Daily/LA​