The Phnom Penh Post Search

Search form

ចិនថា ការ​ដក​ហូត​ពន្ធ​ទៅវិញទៅមក នឹង​បំផ្លាញ​ពាណិជ្ជកម្មរបស់​មហា​អំណាច​សេដ្ឋកិច្ច​​ទាំង​ពីរ

Content image - Phnom Penh Post
គ្រឿងចក្រ​កំពុង​ប្រមូលផល​គ្រាប់​រ៉ាប់ស៊ីដ (Rapeseed) ដែលជា​ផលិតផល​កសិកម្ម​ស្ថិតក្នុង​សង្គ្រាមដកហូត​ពន្ធ​របស់​ប្រទេស​ទាំង​ពីរ។ រូបថត AFP

ចិនថា ការ​ដក​ហូត​ពន្ធ​ទៅវិញទៅមក នឹង​បំផ្លាញ​ពាណិជ្ជកម្មរបស់​មហា​អំណាច​សេដ្ឋកិច្ច​​ទាំង​ពីរ

ក្រុង​ប៉េកាំងៈ ប្រទេស​ចិន​បាន​ឲ្យ​ដឹង​នៅ​​ថ្ងៃ​ពុធ​នេះ​ថា ការ​ដក​ហូត​ពន្ធសង​សឹក​គ្នាទៅវិញ​ទៅ​មក នឹង​ «បំផ្លាញ» ពាណិជ្ជកម្មរវាង​ប្រទេស​ដែល​មានសេដ្ឋកិច្ច​ធំ​ទាំងពីរ​របស់​ពិភព​លោក​​ បន្ទាប់​ពីរដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បានចាត់វិធានការ​​ជំហាន​បន្ទាប់​​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​ឡើង​កម្តៅ​នេះ ដោយ​ត្រៀមដក​ហូត​ពន្ធ​លើ​ទំនិញ​ចិន​​តម្លៃ ២០០ ពាន់​លាន​ដុល្លារ។

ជំនួយ​ការ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​លោក Li Chenggang បាន​ថ្លែង​ក្នុង​វេទិកា​មួយ​ក្នុង​ទីក្រុង​ប៉េកាំង​ថា៖ «ការផ្ទុះ​ឡើង​នូវ​ការ​ដក​ហូត​ពន្ធ​ទៅវិញ​ទៅ​មករ​វាង​​ប្រទេស​ចិន និង​សហរដ្ឋ​​អាមេរិក នឹង​បំផ្លាញ​ពាណិជ្ជកម្មចិន-អាមេរិក​ដែល​មិនអាច​ចៀស​ផុត»។

លោក​ Li បានចោទ​ប្រកាន់​ថា គោល​នយោបាយ​អាមេរិក «ពិតជា​ជ្រៀត​ជ្រែក​ដំណើរការ​សកល​ភាវូបនីយកម្ម​សេដ្ឋកិច្ច» និង «បង្ក​ការ​ខូច​ខាត​ដល់​សណ្តាប់​ធ្នាប់​សេដ្ឋកិច្ច​ពិភពលោក»។

កាលពីថ្ងៃ​សុក្រ​សប្តាហ៍​មុន សហរដ្ឋ​អាមេរិក​បានដក​ហូត​ពន្ធ ២៥ ភាគរយ​លើ​ទំនិញ​ចិន​ដែលមានតម្លៃ ៣៤ ពាន់​លាន​ដុល្លារ ដែល​បង្ក​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​សង​សឹក​វិញ​តាមរយៈ​ដក​ពន្ធ​លើ​ទំនិញ​អាមេរិក​ក្នុងតម្លៃ​ស្មើ​គ្នា​នេះ។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កាលពីថ្ងៃ​អង្គារ​បានប្រកាស​ថា ខ្លួន​កំពុង​ចាប់​ផ្តើម​ដំណើរការ​ដក​ហូត​ពន្ធ ១០ ភាគរយ​លើ​ទំនិញ​ចិន​ដែលមានតម្លៃ ២០០ ពាន់​លាន​ដុល្លារ​បន្ថែមទៀត​នៅក្នុងខែ​កញ្ញា​ខាង​មុខ​នេះ។

ក្រុម​អ្នកវិភាគ​បាន​ព្រមាន​ថា សង្គ្រាម​ពាណិជ្ជកម្មដែល​កំពុង​ផ្ទុះ​ឡើង​រវាង​ប្រទេស​ទាំង​ពីរ​នេះ អាច​បង្ក​ការ​ខូច​ខាត​ដល់​សេដ្ឋកិច្ច​ពិភពលោក។

លោក Li បានថ្លែង​ថា៖ «វាជា​ពេលវេលា​ដ៏​ចលាចល​ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ»៕ AFP/KC

អត្ថបទគួរចាប់អារម្មណ៍