The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ចិន​ថា​ ការ​ប្តេជ្ញា​របស់​លោក ស៊ី មិន​ពាក់ព័ន្ធ​ជម្លោះ​ជាមួយ​អាមេរិក

ចិន​ថា​ ការ​ប្តេជ្ញា​របស់​លោក ស៊ី មិន​ពាក់ព័ន្ធ​ជម្លោះ​ជាមួយ​អាមេរិក

Content image - Phnom Penh Post

ចិន​ថា​ ការ​ប្តេជ្ញា​របស់​លោក ស៊ី មិន​ពាក់ព័ន្ធ​ជម្លោះ​ជាមួយ​អាមេរិក

ក្រុងប៉េកាំងៈ ប្រទេស​ចិន​បាន​បដិសេធ​នូវ​ការ​លើក​ឡើង​ថា ការប្តេជ្ញា​របស់​លោក​ប្រធានាធិបតី ស៊ី ជីនភីង នៅ​សប្ដាហ៍​នេះ​ថា​នឹង​បើកចំហ​សេដ្ឋកិច្ច​របស់​ចិន​បន្ថែម​ទៀត​នោះ​មាន​ការ​ជាប់​ទាក់ទង​នឹង​ជម្លោះ​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយ​សហរដ្ឋអាមេរិក​ដែល​ការច្រានចោល​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា បច្ចុប្បន្ន​មិន​មាន​ការចរចា​រវាង​ភាគី​ទាំង​ ២ ​នោះ​ឡើយ​។

លោក ស៊ី ជីនភីង កាលពី​ថ្ងៃ​អង្គារ​បាន​ប្ដេជ្ញា​ថា​នឹង​បន្ធូរបន្ថយ​ពន្ធ​នាំចូល និង​បើក​ចំហ​សេដ្ឋកិច្ច​បន្ថែម​ទៀត ជា​អ្វី​ដែល​ត្រូវ​បាន​មើលឃើញ​ថា​ជា​កាយវិការ​ផ្សះផ្សា​ដើម្បី​បន្ថយ​ការបារម្ភ​អំពី​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក បន្ទាប់ពី​លោក ដូណាល់ ត្រាំ កាលពី​សប្ដាហ៍​មុន​ដែល​បាន​គំរាម​កំហែង​ដកហូត​ពន្ធ​ថ្មីៗ​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​លើ​ទំនិញ​របស់​ប្រទេស​ចិន​។

លោក​ប្រធានាធិបតី​អាមេរិក​បាន​ស្វាគមន៍​សុន្ទរកថា​នេះ​ហើយ​បាន​ថ្លែង​ថា លោក​បាន​មើល​ឃើញ​ការបញ្ចប់​ជម្លោះ​មួយ​ដែល​បាន​ធ្វើឲ្យ​កក្រើក​ទីផ្សារ ចាប់ពី​ដើម​ខែ​មីនា​មក​។

ប៉ុន្តែ​លោក Gao Feng អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​រំឭក​ថា​ទីក្រុង​ប៉េកាំង​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការប្រឆាំង​តបត​វិញ ប្រសិន​បើ​អាមេរិក​ដាក់​សម្ពាធ​ជាមួយ​នឹង​របៀបវារៈ​ជាតិ​និយម​ផ្នែក​សេដ្ឋកិច្ច​របស់​ខ្លួន​។

លោក Gao Feng ប្រាប់​អ្នក​យក​ព័ត៌មាន​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ថា​៖ «​ប្រសិន​បើ​ភាគី​អាមេរិក​បន្ត​ដំណើរការ​របស់​ខ្លួន​ទៅ​មុខ និង​ទទូច​ឲ្យ​អនុវត្ត​ដោយ​ឯកតោភាគី និង​ការ​គាំពារ​ពាណិជ្ជកម្ម ភាគី​ចិន​នឹង​ប្រឆាំង​យ៉ាង​ខ្លាំង ហើយ​និង​កំដរ​រហូត​ដល់​ទីបញ្ចប់​»​។

ទីផ្សារ​ភាគហ៊ុន​ពិភពលោក​បាន​ស្ទុះ​ងើប​ឡើង​វិញ​បន្ទាប់ពី​លោក ស៊ី ជីនភីង បាន​ប្តេជ្ញា​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​មួយ​នៅ​កោះ​ហៃណាន​ថា​នឹង​បន្ទាប​ពន្ធ​នាំ​ចូល​លើ​រថយន្ត ការពារ​កម្មសិទ្ធិ​បញ្ញា និង​ចាត់​វិធានការ​ផ្សេង​ទៀត​ដើម្បី​បើក​ចំហ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ឲ្យ «​កាន់តែ​ទូលំទូលាយ​ថែម​ទៀត​»​។

ប៉ុន្តែ​លោក Gao បាន​ថ្លែង​ថា​វិធានការ​ទាំង​នោះ​ជា​វិធានការ​បង្ការ និង​មិន​មាន​អ្វី​ជាប់​ពាក់ព័ន្ធ​ជាមួយ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន-អាមេរិក​ឡើយ​។

លោក Gao បាន​ថ្លែង​ថា​៖ «​ប្រទេស​ចិន​បាន​បង្កើត​គំនិត​ផ្ដួចផ្ដើម​នេះ​ដើម្បី​បើកចំហ និង​ធ្វើឲ្យ​បណ្ដា​ប្រទេស​ទាំងអស់​ទូទាំង​ពិភពលោក​មាន លទ្ធភាព​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​»​។

លោក​បន្ត​ថា​៖ «​យើង​សង្ឃឹម​ថា​ប្រជាជន​មួយ​ចំនួន​នៅ​សហរដ្ឋអាមេរិក នឹង​មិន​យល់​ច្រឡំ​ស្ថានការណ៍​នេះ​ទេ​។ រហូត​មក​ដល់​ពេល​នេះ ចិន និង​អាមេរិក​មិន​បាន​អនុវត្ត​ការចរចា​ក្នុង​កម្រិត​ណា​មួយ​ស្តីពី​ជម្លោះ​ពាណិជ្ជកម្ម​នេះ​ទេ​»៕ LA

អត្ថបទគួរចាប់អារម្មណ៍