ក្រុងប៉េកាំងៈ ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​អង្គារ​បាន​ចោទប្រកាន់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថា​កំពុង​ «​គំរាម​យក​ផលប្រយោជន៍​» និង​បាន​ព្រមាន​ថា ខ្លួន​នឹង​សងសឹក​ក្នុង​របៀប​ដូច​គ្នា បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​បាន​គំរាម​ដកហូត​ពន្ធ​ថ្មី​ទៅ​លើ​ទំនិញ​របស់​ប្រទេស​ចិន ដែល​នេះ​ជា​ការជំរុញ​ឲ្យ​ប្រទេស​ដែល​សេដ្ឋកិច្ច​ដ៏ធំ​បំផុត​ទាំង​ ២ ​ក្នុង​ពិភពលោក​នេះ​ខិតជិត​ទៅ​រក​សង្គ្រាម​ពាណិជ្ជកម្ម​។

លោក ត្រាំ បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា​លោក​បាន​សូម​ឲ្យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក​កំណត់​ទិសដៅ​ទៅ​លើ​ការនាំចូល​ដែល​មាន​តម្លៃ​​ ២០០ ​ពាន់​លាន​ដុល្លារ​ពី​ចិន ដើម្បី​ដាក់ពន្ធ​ ១០ ​ភាគរយ​។

លោក​បាន​បន្ថែម​ថា​លោក​នឹង​កំណត់​អត្តសញ្ញាណ​ទំនិញ​ចំនួន​ ២០០ ​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​ដែល​សរុប​ទៅ​អាច ៤៥០ ​ពាន់​លាន​ដុល្លារ ឬ​ជា​ការ​នាំ​ចូល​ភាគច្រើន​បំផុត​របស់​ចិន «​ប្រសិន​បើ​ចិន​ដំឡើង​ពន្ធគយ​របស់​ខ្លួន​ជាថ្មី​ម្តងទៀត​»​។

កាលពី​សប្តាហ៍​មុន​លោក​បាន​ប្រកាស​ពន្ធគយ​​ ២៥ ​ភាគរយ​ទៅ​លើ​ការនាំ​ចូល​របស់​ចិន​ចំនួន​ ៥០ ​ពាន់​លាន​ដុល្លារ​ដែល​នេះ​បាន​ធ្វើឲ្យ​ទីក្រុង​ប៉េកាំង​សងសឹក​ជាមួយ​នឹង​ការដាក់​ពន្ធគយ​ទៅ​លើ​ទំនិញ​របស់​អាមេរិក​ដូច​គ្នា​។

ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ឆ្លើយតប​ភ្លាមៗ​ដោយ​និយាយថា «​ការអនុវត្ត​ដាក់​សម្ពាធ​យ៉ាង​ក្រៃលែង និង​ការ​គំរាម​យក​ប្រាក់​របស់​អាមេរិក​គឺ​មិន​មាន​ការព្រមព្រៀង​ពី​ភាគី​ទាំង​ ២ ​ក្នុង​អំឡុង​ការចរចា​ជាច្រើន​ហើយ​ក៏​បាន​ធ្វើឲ្យ​សង្គម​អន្តរជាតិ​ខកចិត្ត​យ៉ាង​ខ្លាំង​ផង​ដែរ​»​។ ក្រសួង​បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​អាមេរិក​ប្រព្រឹត្ត​ឥរិយាបថ​មិន​ត្រឹមត្រូវ ចិន​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ការឆ្លើយតប​យ៉ាង​ពេញទំហឹង​វិញ​នូវ​ចំនួន និង​បរិមាណ​ដូចគ្នា​នោះ​ទេ​៕ PS