ក្រុង​ប៉េកាំងៈ ប្រទេស ចិន​ កាល​ពី​ថ្ងៃ​សុក្រ​បាន​បង្កើន​សង្គ្រាម​ពាក្យ​សម្តី​ជាមួយ​អាមេរិក​ជុំវិញ​បញ្ហា​​​ក្រុមហ៊ុន Huawei ដោយ​​ចោទ​ប្រកាន់​ទីក្រុង​វ៉ាស៊ីនតោន​ថា​ បាន​សាប​ព្រោះ​ «​ការ​កុហក» អំពី​ការ​រុញ​ច្រាន​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈាន​មុខ​គេ​មួយ​នេះ​ឲ្យ​​ចូល​ទៅ​​ក្នុង​​​ចំណុច​កណ្ដាល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​ ២​។​

ការ​ឆ្លើយ​តប​យ៉ាង​ខ្លាំង​នេះ បាន​ធ្វើ​ឡើង​រយៈពេល​ប៉ុន្មាន​​ម៉ោង​ បន្ទាប់​ពី​​លោក​ Mike Pompeo រដ្ឋមន្ដ្រី​ក្រសួង​ការ​បរទេស​អាមេរិក បាន​ច្រាន​ចោល​ការ​បដិសេធ​របស់​ក្រុមហ៊ុន Huawei ថា​​ ក្រុមហ៊ុន​របស់​ប្រទេស ចិន ​មួយ​នេះ​ធ្វើ​ការងារ​ជាមួយ​រដ្ឋាភិបាល​កុម្មុយនីស្ដ​ចិន។​

រដ្ឋបាល​​លោក​ ត្រាំ បាន​ធ្វើ​ឲ្យ​ទីក្រុង​ប៉េកាំង​ខឹង​សម្បា តាមរយៈ​ការ​ដាក់​​​​ក្រុមហ៊ុន​ស្មាតហ្វូន និង​ទូរគមនាគមន៍​មួយ​នេះ​ចូល​ក្នុង​​បញ្ជី​ខ្មៅ ដោយសារ​ការ​បារម្ភ​ថា ​ប្រទេស ចិន ​​​​ប្រើប្រាស់​​ក្រុមហ៊ុន​នេះ​ជា​ឧបករណ៍​ស៊ើប​ការណ៍ និង​ការ​ចោទ​ប្រកាន់​ពី​បទ​​មិន​គោរព​​ការ​ដាក់​ទណ្ឌកម្ម​​​​អ៊ីរ៉ង់។​

ក្រុមហ៊ុន Huawei បាន​បដិសេធ​ម្ដង​ហើយ​ម្ដង​ទៀត​ថា ​​ក្រុមហ៊ុន​របស់​ខ្លួន​មិន​បាន​ធ្វើ​ការងារ​ជាមួយ​រដ្ឋាភិបាល​​​​កុម្មុយនីស្ដ​ចិន​នោះ​ទេ​។​

លោក​ Pompeo បាន​​ប្រាប់​ទូរទស្សន៍ ​ CNBC ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​៖ «ការ​និយាយ​ថា ពួក​គេ​មិន​ធ្វើ​ការងារ​​ជាមួយ​រដ្ឋាភិបាល​ចិន គឺ​ជា​ការ​និយាយ​មិន​ពិត​»។​ លោក​បន្ថែម​ថា ​ក្រុមហ៊ុន Huawei មាន «ទំនាក់​ទំនង​យ៉ាង​ខ្លាំង» ជាមួយ​បក្ស​កុម្មុយនីស្ដ​ចិន​។​

លោក Lu Kang អ្នក​នាំពាក្យ​​ក្រសួង​ការ​បរទេស​របស់​ប្រទេស ចិន ​បាន​ឲ្យ​ដឹង​ថា ​ក្រុម​អ្នក​នយោបាយ​អាមេរិក​បាន​សាប​ព្រោះ​ពាក្យ​ចចាម​អារ៉ាម​អំពី​ក្រុមហ៊ុន Huawei ដោយ​​មិន​ផ្ដល់​ភ័ស្ដុតាង​។​

លោក Lu បាន​ឲ្យ​ដឹង​​ក្នុង​សន្និសីទ​ព័ត៌មាន​ខ្លី​ជា​ប្រចាំ​មួយ​​ថា​៖ «​​ក្រុម​អ្នក​នយោបាយ​អាមេរិក​ទាំង​នេះ បន្ត​​​​ប្រឌិត​​គំនិត​​​ផ្សេងៗ​ ពាក្យ​កុហក​ស្មានៗ ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិក​យល់​ខុស​ហើយ​នៅ​ពេល​នេះ ពួក​គេ​កំពុង​ព្យាយាម​អុជអាល​ឲ្យ​មាន​​ការ​ប្រឆាំង​ផ្នែក​​មនោគមន៍វិជ្ជា»។​

លោក ត្រាំ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ជា​ថ្មី​ម្ដង​ទៀត​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Huawei បាន​បង្ក​ការ​គំរាមកំហែង​ដល់​សន្ដិសុខ​ជាតិ​។​

លោក​បាន​ប្រាប់​​ក្រុម​អ្នក​យក​ព័ត៌មាន​​នៅ​សេតវិមាន​ថា៖ «​អ្នក​សម្លឹង​មើល​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​​ពី​ចំនួន​សន្ដិសុខ ជា​ទស្សនៈ​ផ្នែក​​​យោធា។ គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​»។​

វោហារស័ព្ទ​ដែល​ឡើង​កម្តៅ​នេះ​កើត​មាន​ឡើង​ ​ខណៈ​ការ​ចរចា​ពាណិជ្ជកម្ម​បាន​​ជាប់​គាំង ដោយ​ភាគី​ទាំង ​២ មិន​បាន​​​ប្រកាស​កាល​បរិច្ឆេទ​​ថ្មី​ណា​មួយ​​ក្នុង​ការ​បន្ត​ការ​ចរចា​ជា​ថ្មី​នោះ​ទេ ​បន្ទាប់​ពី​ពួក​គេ​បាន​​បង្កើន​ពន្ធ​នាំចូល​ទៅ​វិញ​​ទៅ​​មក​​កាល​ពី​ដើម​ខែ​នេះ​៕ AFP/LA​